(ភ្នំពេញ)៖ ដើម្បីកែលម្អបរិយាកាសជុំវិញសាលារៀនឱ្យកាន់តែមានសោភ័ណភាព លោកអគ្គនាយកបន្តវេន អ៊ឹង វីរៈ នៃក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស បានឧបត្ថម្ភពន្លឺសូឡា ១លានវ៉ាត និងដើមឈើលើផ្ទៃដីទំហំ ១លានម៉ែត្រការ៉េ ដោយផ្ទាល់ ដើម្បីធានាបាននូវកន្លែងសិក្សាដែលស្អាត មានធម្មជាតិបៃតង ផ្តល់នូវសុវត្ថិភាព និងផាសុកភាពដល់កុមារ។

អត្ថន័យរបស់គម្រោង «១ លានក្តីស្រឡាញ់» របស់ ខ្មែរ ប៊ែវើរីជីស ប្រៀបដូចជាសកម្មភាពតូចៗផ្តុំគ្នាបង្កើតបានជាពន្លឺយ៉ាងភ្លឺស្វាង សម្រាប់អនាគតកុមារគ្រប់រូប។ តួយ៉ាង ដូចជាការឧបត្ថម្ភនូវបង្គោលភ្លើងសូឡាថាមពល ១លានវ៉ាតសម្រាប់បំភ្លឺសុវត្ថិភាព និងកូនឈើបៃតងលើផ្ទៃដីទំហំ ១លានម៉េត្រការ៉េ និងធុងសំរាមជូនសាលារៀន ដែលនឹងបណ្តុះស្មារតីស្រឡាញ់អនាម័យ និងបរិស្ថានស្អាត ដល់កុមារចាប់តាំងពីវ័យក្មេង។

ខ្មែរ ប៊ែវើរីជីស ជឿជាក់ថា ការផ្តល់បរិយាកាសសិក្សាល្អដល់កុមារ គឺជាក្តីស្រឡាញ់ដ៏មានន័យ និងជាស្ពានចម្លងពួកគេឱ្យក្លាយជាធនធានមនុស្សដ៏ល្អក្នុងសង្គម។ កាលពីដើមឆ្នាំ២០២៦ ក្រុមហ៊ុនបានឧបត្ថម្ភដល់សាលាបឋមសិក្សាព្រៃស រួមទាំងកសាងសង់អគារសិក្សាចំនួន ១ ខ្នង កម្ពស់ ៣ ជាន់ ព្រមទាំងរបងសាលា ដោយចំណាយថវិកាសរុបជាង ៤០ ម៉ឺនដុល្លារអាមេរិក។ ក្រៅពីទីតាំងនេះ ក្រុមហ៊ុន ខ្មែរ ប៊ែវើរីជីស និងក្រុមហ៊ុនមេ ជីប ម៉ុង ក៏បានឧបត្ថម្ភសាងសង់អគារសិក្សាចំនួន ៥ ទីតាំង ផ្សេងទៀត ដែលស្ថិតនៅតាមបណ្តាខេត្តជាប់ព្រំដែនបានចំណាយថវិកាជាង ១ លានដុល្លារ ដើម្បីសាងសង់អគារសិក្សា៕





