គណៈប្រតិភូពាណិជ្ជកម្ម និងវិនិយោគមកពីរដ្ឋសេឡាំងហ្គ័រ ប្រទេសម៉ាឡេស៊ី កាលថ្ងៃទី២0 ខែសីហា ឆ្នាំ២០២៦ បានមកជួបពិភាក្សាការងារជាមួយគណៈកម្មាធិការវិនិយោគកម្ពុជា ដើម្បីស្វែងរកឱកាសធ្វើធុរកិច្ចរួមគ្នាជាមួយកម្ពុជានាពេលខាងមុខ។

ជំនួបពិភាក្សានេះ ដឹកនាំដោយលោក សួន សុផល អគ្គលេខាធិការរង គណៈកម្មាធិការវិនិយោគកម្ពុជានិងលោក Ng Sze Han ជាសមាជិកក្រុមប្រឹក្សាប្រតិបត្តិរដ្ឋ Selangor (Exco) ទទួលបន្ទុកវិនិយោគ ពាណិជ្ជកម្ម និងចល័តភាព ក្នុងគោលបំណងសិក្សាស្វែងយល់ពីបរិយាបទវិនិយោគ និងបទប្បញ្ញត្តិពាក់ព័ន្ធនានានៅកម្ពុជា។

ថ្លែងក្នុងជំនួបនោះ លោក Ng Sze Han ភាគីម៉ាឡេស៊ី (Invest Selangor) បានណែនាំអំពីព្រឹត្តិការណ៍ Selangor International Business Summit (SIBS) 2026 ដែលជាវេទិកាធុរកិច្ចថ្នាក់តំបន់ដ៏សំខាន់មួយសម្រាប់តភ្ជាប់សហគ្រិន និងវិនិយោគិនក្នុងតំបន់អាស៊ាន ព្រមទាំងបានពិភាក្សាអំពីកិច្ចសហប្រតិបត្តិការដើម្បីស្វែងរកឱកាសធុរកិច្ចរួមគ្នារវាងប្រទេសទាំងពីរ។
ជាការឆ្លើយតប លោកអគ្គលេខាធិការរងបានសម្តែងនូវការស្វាគមន៍យ៉ាងកក់ក្តៅជូន ចំពោះភាគីម៉ាឡេស៊ីដែលបានអញ្ជើញមកបំពេញទស្សនកិច្ចការងារនៅព្រះរាជាណាចក្រកម្ពុជា។ បន្ថែមពីនេះ ឯកឧត្តមក៏បានជម្រាបជូនដោយសង្ខេបអំពីច្បាប់និងបទប្បញ្ញត្តិ, កញ្ចប់លើកទឹកចិត្តប្រកបដោយភាពឆ្លាតវៃ ជាពិសេសសេវាការថែទាំវិនិយោគ ដែលជ្រកក្រោមច្បាប់ស្ដីពីវិនិយោគនៃព្រះរាជាណាចក្រកម្ពុជា។
សូមជម្រាបថា តាមរយៈជំនួបនេះ កម្ពុជា-ម៉ាឡេស៊ី បានចាត់ទុកថា វាគឺជាជំហានដ៏សំខាន់មួយក្នុងការបើកទ្វារទទួលអ្នកវិនិយោគគិនបរទេស និងលើកកម្ពស់សេដ្ឋកិច្ចជាតិរវាងប្រទេសទាំងពីរឱ្យកាន់តែរីកចម្រើនថែមមួយកម្រិតទៀត៕ អត្ថបទ៖ហ្សាលីន


