ក្រសួងការបរទេស កុំមិនវែល និងអភិវឌ្ឍន៍ ព្រីតថេន បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ល្អប្រសើររវាងព្រីតថេន និងកម្ពុជា ខណៈព្រីតថេន ក៏ប្រកាសនឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា។នេះបើយោងតាមជំនួបពិភាក្សារវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា ជាមួយលោកស្រី Baroness Winterton រដ្ឋមន្ត្រី ទទួលបន្ទុកតំបន់ឥណ្ឌូប៉ាស៊ីហ្វិក នៃក្រសួងការបរទេស កុំមិនវែល និងអភិវឌ្ឍន៍ ព្រីតថេន កាលថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ លោកស្រីរដ្ឋមន្ត្រី ពេញចិត្តចំពោះការបើកចំហ និងឆន្ទៈមុតមាំរបស់កម្ពុជា ក្នុងការលើកកម្ពស់កិច្ចសហប្រតិបត្តិការទ្វេភាគីរវាងប្រទេសទាំងពីរដើម្បីស្វែងរកកាលានុវត្តភាព និងសក្តានុពលថ្មីៗ សំដៅគាំទ្រគ្នាទៅវិញទៅមក និងជាផលប្រយោជន៍រួមនៃប្រទេស និងប្រជាជនទាំងពីរ។ ក្នុងឱកាសនោះដែរ លោកស្រីបានបញ្ជាក់ជាថ្មីថា ព្រីតថេននឹងបន្តគាំទ្រដល់ការអភិវឌ្ឍសង្គម-សេដ្ឋកិច្ចកម្ពុជា និងសកម្មភាពបោសសម្អាតមីន និងយុទ្ធភណ្ឌមិនទាន់ផ្ទុះនៅកម្ពុជា។
ជាមួយគ្នានេះ លោកស្រីរដ្ឋមន្រ្តីក៏បានវាយតម្លៃខ្ពស់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ដែលបានបន្តជួយ និងផ្ដល់ការគាំទ្រដល់ជនភៀសសឹក ដែលរងផលប៉ះពាល់ពីជម្លោះព្រំដែនកម្ពុជា-ថៃ ជាពិសេស ការបន្តគាំទ្រ និងធានាឱ្យកុមារទទួលបានការអប់រំ ក្នុងអំឡុងពេលផ្លាស់ទីលំនៅដោយសារជម្លោះនេះផងដែរ។
ជាការឆ្លើយតប, សម្ដេចធិបតី បានចាត់ទុកដំណើរទស្សនកិច្ចការងាររបស់លោកជំទាវមកកាន់កម្ពុជានាឱកាសនេះ គឺជាការបន្តរិតចំណងទំនាក់ទំនងទ្វេភាគីឱ្យកាន់តែរឹងមាំបន្ថែមទៀត។ សម្ដេចធិបតី ក៏បានគូសរំលេចអំពីកិច្ចសហប្រតិបត្តិការជាច្រើន ដែលប្រទេសទាំងពីរបានសហការគ្នា និងបានសង្កត់ធ្ងន់អំពីការប្តេជ្ញាចិត្តរបស់កម្ពុជាក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការលើវិស័យសក្តានុពលជាច្រើនបន្ថែមទៀត។ សម្តេចធិបតី ក៏បានអរគុណចំពោះលោកស្រីរដ្ឋមន្រ្តីដែលបានធ្វើទស្សនកិច្ចនៅតំបន់រស់នៅរបស់ជនភៀសសឹកកម្ពុជា ដោយសារជម្លោះព្រំដែនកម្ពុជា-ថៃ។
សូមជម្រាប់ដែរថា តាមរយៈជំនួបខាងលើ សម្តេចធិបតី ក៏ជម្រាបលោកស្រីរដ្ឋមន្រ្តី អំពីការវិវត្តថ្មីៗនៃស្ថានការណ៍ព្រំដែនកម្ពុជា-ថៃ និងបានសង្កត់ធ្ងន់អំពីការប្ដេជ្ញាចិត្ត និងជំហររបស់កម្ពុជា ក្នុងការដោះស្រាយបញ្ហាព្រំដែនកម្ពុជា-ថៃ ដោយសន្តិវិធី ដោយផ្អែកលើច្បាប់អន្តរជាតិ និងអនុលោមតាមអនុសញ្ញា, សន្ធិសញ្ញា និងកិច្ចព្រមព្រៀងដែលមានស្រាប់រវាងប្រទេសទាំងពីរ៕អត្ថបទ៖ហ្សាលីន


