ក្រុមហ៊ុន YCH Group និងក្រុមហ៊ុន Sear Brothers Investments ប្រារព្ធពិធីបញ្ចុះបឋមសិលាគម្រោង មជ្ឈមណ្ឌលភស្តុភារ និងឧស្សាហកម្ម Cambodia SuperPort® (PPLC), ដែលមានតម្លៃវិនិយោគ US$300m

សង្គម​ និង​សេដ្ឋកិច្ច

គម្រោង Cambodia SuperPort® (PPLC) ដែលជាមជ្ឈមណ្ឌលភស្តុភារ និងឧស្សាហកម្មរួមបញ្ចូលគ្នា លើផ្ទៃដី 132 ហិកតា ត្រូវបានបង្កើតឡើង ដើម្បីពង្រឹងខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងវិស័យផលិតកម្ម បង្កើនប្រសិទ្ធភាពនៃលំហូរទំនិញ ព្រមទាំងជំរុញការតភ្ជាប់ពាណិជ្ជកម្មក្នុងតំបន់ និងនិរន្តរភាពរយៈពេលវែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ភ្នំពេញ ព្រះរាជាណាចក្រកម្ពុជា ថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៦ — ប្រទេសកម្ពុជាត្រៀមបោះជំហានដ៏សំខាន់មួយក្នុងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធភស្តុភារ ឧស្សាហកម្ម និងពាណិជ្ជកម្មក្នុងតំបន់ តាមរយៈការបើកការដ្ឋានសាងសង់ជាផ្លូវការនៃ មជ្ឈមណ្ឌល Cambodia SuperPort® (ភ្នំពេញ ឡូជីស្ទីក អេន អិុនដាសស្រ្ទីល ខមផ្លេកស៍ ស៊ូភើផត – PPLC) ដែលជាគម្រោងវិនិយោគរួមគ្នារវាងក្រុមហ៊ុន YCH Group ដែលផ្តល់ដំណោះស្រាយខ្សែច្រវាក់ផ្គត់ផ្គង់ឈានមុខគេរបស់សិង្ហបុរី និងក្រុមហ៊ុនសម្ព័ន្ធ Sear Brothers Investments របស់កម្ពុជា។

ស្របពេលដែលកម្ពុជា និងប្រទេសសិង្ហបុរីប្រារព្ធខួបទំនាក់ទំនងការទូតជាង 60 ឆ្នាំ គម្រោងនេះបានស្តែងឱ្យឃើញពីកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏រឹងមាំ និងការប្តេជ្ញាចិត្តរួមគ្នាក្នុងការពង្រឹងតួនាទីរបស់ប្រទេសកម្ពុជា នូវខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងតំបន់ និងសកលលោក។

គម្រោង Cambodia SuperPort® កំពុងត្រូវបានអភិវឌ្ឍជាមជ្ឈមណ្ឌលភស្តុភារកម្ម និងឧស្សាហកម្មរួមបញ្ចូលគ្នា ដែលមានឡូត៍ដីទីតាំងសម្រាប់ឧស្សាហកម្ម រោងចក្រសាងសង់រួចជាស្រេច ទីធ្លាកុងតឺន័រ ឃ្លាំងស្តុកទំនិញ ភស្តុភារកម្មក្រោមការគ្រប់គ្រងគយ និងសមត្ថភាពគ្រប់គ្រងការដឹកជញ្ជូនទំនិញ នៅក្នុងតំបន់ដែលបានរៀបចំផែនការជាក់លាក់ នឹងគ្រប់ជ្រុងជ្រោយតែមួយ។

គម្រោងនេះត្រូវបានរៀបចំឡើង មិនត្រឹមតែដើម្បីពង្រីកហេដ្ឋារចនាសម្ព័ន្ធរូបវន្តប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងគាំទ្រដល់ការប្រមូលផ្តុំ និងការដឹកជញ្ជូនទំនិញផលិតកម្ម ទាំងបច្ចុប្បន្ន និងអនាគត តាមរយៈប្រព័ន្ធភស្តុភាររួមបញ្ចូលគ្នា ដែលមានប្រសិទ្ធភាព និងភាពជឿជាក់កាន់តែប្រសើរ។ តាមរយៈការនាំយកការផលិត ការស្តុកទុកទំនិញ សេវាគយ និងការដឹកជញ្ជូនទំនិញមករួមបញ្ចូលគ្នាក្នុងទីតាំងតែមួយ Cambodia SuperPort® មានគោលបំណងកាត់បន្ថយឧបសគ្គផ្នែកភស្តុភារ បង្កើនភាពជាក់លាក់ នៅក្នុងខ្សែច្រវាក់ផ្គត់ផ្គង់ និងជួយឱ្យក្រុមហ៊ុនផលិតអាចឈានចូលចូលទៅកាន់ទីផ្សារអន្តរជាតិបានកាន់តែងាយស្រួល។

ទុនវិនិយោគ សរុប ៣០០ លានដុល្លារអាមេរិកផ្ទៃដីសរុប ១៣២ ហិកតាសមត្ថភាពដឹក-ដាក់ជញ្ជូនទំនិញប្រចាំថ្ងៃ ២.០០០ TEU ក្នុងមួយថ្ងៃ

ការតភ្ជាប់តំបន់តាមយុទ្ធសាស្ត្រ

ក្រោមផែនការមេគ្រប់ជ្រុងជ្រោយស្ដីពីប្រព័ន្ធដឹកជញ្ជូន អន្តរមធ្យោបាយ និងភស្តុភារកម្មកម្ពុជា ២០២៣ – ២០៣៣ (CITLS) នឹង បណ្តាញភស្តុភារឆ្លាតវៃរបស់អាស៊ាន (ASLN), Cambodia SuperPort® (PPLC) ត្រូវបានបង្កើតឡើងដើម្បីដោះស្រាយគម្លាតហេដ្ឋារចនាសម្ព័ន្ធតំបន់ដ៏សំខាន់ និងពង្រឹងភាពធន់នៃខ្សែច្រវាក់ផ្គត់ផ្គង់នៅទូទាំងអាស៊ីអាគ្នេយ៍។

តាមការគ្រោងទុក គម្រោង Cambodia SuperPort® នឹងចាប់ផ្តើមបើកការដ្ឋានសាងសង់នៅខែមករា ឆ្នាំ២០២៧ ជាមួយនឹងទុនវិនិយោគ ៣០០ លានដុល្លារ លើផ្ទៃដី ១៣២ ហិកតា ក្នុងក្រុងច្បារមន ខេត្តកំពងស្ពឺ ។ មជ្ឈមណ្ឌលភស្តុភារកម្ម និងឧស្សាហកម្មពហុប្រព័ន្ធនេះត្រូវបានសាងសង់ឡើងសម្រាប់ទ្រង់ទ្រាយធំ និងមានសមត្ថភាពលើកដាក់ទំនិញពេញប្រមាណដល់ ២,០០០ TEU ក្នុងមួយថ្ងៃ ដោយតភ្ជាប់ ផ្លូវទឹក-ផ្លូវគោក និងផ្លូវល្បឿនលឿន ទៅកាន់កំពង់ផែស្វយ័តក្រុងព្រះសីហនុ (PAS) ដោយផ្ទាល់ ព្រមទាំងស្ថិតនៅជិតផ្លូវពាណិជ្ជកម្មសំខាន់ៗរបស់ប្រទេសកម្ពុជាថែមទៀតផង។

ក្រៅពីការតភ្ជាប់ តម្លៃស្នូលនៃគម្រោងនេះ គឺអនុវត្តម៉ូដែលឧស្សាហកម្ម “Park-in-a-Park” ដែលរួមបញ្ចូលការផលិត ឃ្លាំងស្តុកទំនិញ (Bonded Facilities) និងសេវាគយ ក្នុងតំបន់តែមួយ រួមមាន៖ សេវាកម្មឃ្លាំងកុងតឺន័រក្នុងស្រុក (Inland Container Depot) សេវាកម្មស្ថានីយ៍ផ្ទុកទំនិញកុងតឺន័រ (Container Freight Station) និងនីតិវិធីគយដែលបានគ្រោងទុក។ ការរួមបញ្ចូលគ្នានេះ នឹងជួយឱ្យក្រុមហ៊ុនអាជីវកម្មកាត់បន្ថយពេលវេលា សម្រួលប្រតិបត្តិការ និងបង្កើនប្រសិទ្ធភាពនាំចេញ-នាំចូល ដោយពង្រឹងសមត្ថភាពឧស្សាហកម្មរបស់កម្ពុជាក្នុងតំបន់។

ខណៈពេលដែល ប្រទេសកម្ពុជា​ បន្តទាក់ទាញការវិនិយោគលើវិស័យផលិតកម្មចម្រុះ Cambodia SuperPort® ត្រូវបានដាក់ទីតាំងយុទ្ធសាស្ត្រ ដើម្បីទ្រទ្រង់ការកើនឡើងនៃវិស័យផលិតកម្មកម្ពុជា រាប់ចាប់ពីអេឡិចត្រូនិក កាត់ដេរ រហូតដល់ពាណិជ្ជកម្មតាមប្រព័ន្ធអេឡិចត្រូនិក (E-commerce) ។ តាមរយៈការតភ្ជាប់តំបន់ឧស្សាហកម្មក្នុងស្រុកទៅកាន់ទីផ្សារអន្តរជាតិ គម្រោងនេះនឹងលើកកម្ពស់កម្ពុជា ជាមជ្ឈមណ្ឌលដ៏សំខាន់ក្នុងខ្សែច្រវាក់ផ្គត់ផ្គង់សកល។

ភស្តុភារកម្មឆ្លាតវៃ និងហេដ្ឋារចនាសម្ព័ន្ធប្រកបដោយចីរភាព

ក្នុងនាមជាផ្នែកមួយនៃបណ្តាញតភ្ជាប់ឡូជីស្ទីកក្នុងតំបន់របស់ក្រុមហ៊ុន YCH Group ដែលរួមមានVietnam SuperPort® និង Supply Chain City® នៅប្រទេសសិង្ហបុរី និងម៉ាឡេស៊ី គម្រោង Cambodia SuperPort® នឹងប្រើប្រាស់បច្ចេកវិទ្យាឆ្លាតវៃផ្ទាល់ខ្លួន ដើម្បីតាមដានពាណិជ្ជកម្មតាមពេលវេលាជាក់ស្តែងក្នុងការសម្រួលប្រតិបត្តិការ និងសេវាកម្មអតិថិជន ឱ្យកាន់តែរលូន។

ប្រព័ន្ធឌីជីថលស្នូលនៃមជ្ឈមណ្ឌលនេះ ត្រូវបានរំពឹងថានឹងគាំទ្រដល់ការគ្រប់គ្រងឃ្លាំង ស្ថានីយផ្ទុកទំនិញ ឃ្លាំងកុងតឺន័រក្នុងស្រុក (Inland Container Depot) ឯកសារគយ និងទិន្នន័យតាមដានដោយស្វ័យប្រវត្តិ ដើម្បីជួយក្រុមហ៊ុនផលិត និងអ្នកប្រើប្រាស់សេវាភស្តុភារកម្ម ងាយស្រួលគ្រប់គ្រង និងផ្លាស់ប្តូរទំនិញក្នុងតំបន់កាន់តែមានប្រសិទ្ធភាព។

គម្រោងនេះត្រូវបានរំពឹងថានឹងប្រើប្រាស់ថាមពលកកកើតឡើងវិញ ប្រព័ន្ធសន្សំសំចៃថាមពល បច្ចេកវិទ្យា និងឧបករណ៍ឌីជីថល ដើម្បីកាត់បន្ថយផលប៉ះពាល់បរិស្ថាន។ ការរចនារបស់គម្រោងនេះ នឹងជំរុញការប្រើប្រាស់ថាមពល ទឹក និងធនធានផ្សេងទៀតប្រកបដោយប្រសិទ្ធភាព ដោយចូលរួមចំណែកគាំទ្រដល់គោលដៅរបស់ប្រទេសកម្ពុជា ក្នុងការសម្រេចបាននូវអព្យាក្រឹតភាពកាបូនត្រឹមឆ្នាំ ២០៥០។

ការអភិវឌ្ឍដើមទុនមនុស្សសម្រាប់អនាគត

បន្ថែមពីហេដ្ឋារចនាសម្ព័ន្ធរូបវន្ត គម្រោងនេះផ្តោតលើការយកចិត្តទុកដាក់ និងការអភិវឌ្ឍសមត្ថភាពពលករក្នុងស្រុក ដោយប៉ាន់ស្មានថានឹងគាំទ្រកម្មករប្រមាណ ៥០០ នាក់ក្នុងអំឡុងពេលសាងសង់ ក្នុងនោះប្រមាណ ៨០% រំពឹងថានឹងជាជនជាតិខ្មែរ ព្រមទាំងអាចផ្តល់ឱកាសការងារបានដល់ ២០,០០០ កន្លែង នៅពេលដំណើរការពេញលេញ។

តាមរយៈកិច្ចសហការជាមួយវិទ្យាស្ថាន Supply Chain and Logistics Academy (SCALA) និង កម្មវិធី EduRise របស់ក្រុមហ៊ុន YCH Group គម្រោង Cambodia SuperPort® នឹងផ្តល់ការបណ្តុះបណ្តាលជំនាញដល់ពលករក្នុងស្រុក ដើម្បីលើកកម្ពស់សមត្ថភាពក្នុងការប្រតិបត្តិខ្សែច្រវាក់ផ្គត់ផ្គង់និងធ្វើបច្ចុប្បន្នភាពឌីជីថលឱ្យកាន់តែទំនើប។

ប្រធានក្រុមប្រឹក្សាភិបាលប្រតិបត្តិ នៃក្រុមហ៊ុន YCH Group លោកវេជ្ជបណ្ឌិត Robert Yap មានប្រសាសន៍ថា៖ “ការបើកការដ្ឋានសាងសង់គម្រោងមជ្ឈមណ្ឌលភស្តុភារកម្ម និងឧស្សាហកម្ម (Cambodia SuperPort®) គឺជាជំហានដ៏សំខាន់ក្នុងការជំរុញពាណិជ្ជកម្មអាស៊ាន និងលើកកម្ពស់ប្រទេសកម្ពុជាឱ្យក្លាយជាមជ្ឈមណ្ឌលភស្តុភារកម្មដែលអាចប្រកួតប្រជែងជាមួយប្រទេសជិតខាងផ្សេងទៀត។ ក្រុមហ៊ុន YCH Group នឹងនាំយកបច្ចេកវិទ្យាឌីជីថល និងបទពិសោធន៍ ដែលជួយកែលម្អលំហូរទំនិញ។ ជាពិសេស គាំទ្រដល់ភាពប្រកួតប្រជែងផ្នែកឧស្សាហកម្ម និងកសាងសមត្ថភាពខ្សែច្រវាក់ផ្គត់ផ្គង់ក្នុងស្រុក ព្រមទាំងអភិវឌ្ឍសមត្ថភាពពលករកម្ពុជា តាមរយៈវិទ្យាស្ថាន SCALA និងកម្មវិធី EduRise ដើម្បីត្រៀមខ្លួនសម្រាប់អនាគត។”

អំពីក្រុមហ៊ុន YCH Group

YCH Group គឺជាក្រុមហ៊ុនឡូជីស្ទីក និងគ្រប់គ្រងខ្សែច្រវាក់ផ្គត់ផ្គង់ដ៏ឈានមុខគេពីប្រទេសសិង្ហបុរី ដែលបម្រើសេវាជូនក្រុមហ៊ុនពហុជាតិកំពូលៗជុំវិញតំបន់អាស៊ីប៉ាស៊ីហ្វិក ដោយមានបណ្តាញជាង ១៥ ទីផ្សារ និងបានបង្កើតឡើងក្នុងឆ្នាំ ១៩៥៥។ ក្រុមហ៊ុននេះមានទីស្នាក់ការកណ្ដាលនៅ Supply Chain City® ក្នុងប្រទេសសិង្ហបុរី ដោយក្រុមហ៊ុន YCH បានប្រើប្រាស់ប្រព័ន្ធស្វ័យប្រវត្តិដោយបច្ចេកវិទ្យា AI ដូចជា Fusionaris® និងទ្រព្យសម្បត្តិហេដ្ឋារចនាសម្ព័ន្ធយុទ្ធសាស្ត្រ រួមទាំង Vietnam SuperPort® ដើម្បីបង្កើតខ្សែច្រវាក់ផ្គត់ផ្គង់វៃឆ្លាត និងប្រកបដោយចីរភាព ដោយមានគោលដៅសម្រេចឱ្យបាននូវការបញ្ចេញកាបូនកម្រិតសូន្យ (Net-Zero) នៅត្រឹមឆ្នាំ ២០៥០។

សម្រាប់ព័ត៌មានបន្ថែម៖ សូមចូលទៅកាន់គេហទំព័រ www.ych.com ឬតាមដាន YCH Group នៅលើ LinkedIn

អំពីក្រុមហ៊ុន Sear Brothers Investments Co., LTD

ក្រុមហ៊ុន Sear Brothers Investments ឯកទេសខាងកាន់កាប់អចលនទ្រព្យ ព្រមទាំងហេដ្ឋារចនាសម្ព័ន្ធទ្រង់ទ្រាយធំ (Large-Scale Infrastructure) ទូទាំងប្រទេសកម្ពុជា។ ស្របតាមការរីកចម្រើននៃវិស័យអចលនទ្រព្យ និងការអភិវឌ្ឍទីធ្លាឧស្សាហកម្ម Sear Brothers Investments ផ្តល់ជូននូវដំណោះស្រាយដែលរួមមានឃ្លាំងស្តុកទំនិញ និងដីឧស្សាហកម្ម ព្រមទាំងគម្រោងអភិវឌ្ឍន៍លំនៅដ្ឋាន ពាណិជ្ជកម្ម និងគម្រោងចម្រុះ (Mixed-Use Developments) ដែលជួយអតិថិជនកសាងសមត្ថភាពក្នុងវិស័យដឹកជញ្ជូន ខ្សែសង្វាក់ផ្គត់ផ្គង់ និងការវិនិយោគអចលនទ្រព្យរយៈពេលវែង។

សម្រាប់ព័ត៌មានបន្ថែម សូមចូលទៅកាន់គេហទំព័រ https://www.searbrothers.com/