ក្រសួងសាធារណការ និងក្រុមហ៊ុនចំនួន២ រួមគ្នាជំរុញកិច្ចសហប្រតិបត្តិការក្នុងវិស័យនាវាចរណ៍កម្ពុជាឱ្យកាន់តែប្រសើរឡើងថែមទៀត។

ការជំរុញនេះ បានធ្វើឡើងនៅក្នុងជំនួបពិភាក្សាការងាររវាង លោក អៀង វេងស៊ុន រដ្ឋលេខាធិការ ក្រសួងសាធារណការ និងដឹកជញ្ជូន តំណាងដ៏ខ្ពង់ខ្ពស់ លោកប៉េង ពោធិ៍នា រដ្ឋមន្ត្រី ក្រសួងសាធារណការ និងដឹកជញ្ជូន ជាមួយ ប្រតិភូក្រុមហ៊ុន Lydia Marine Trading Inc. និង VEGA Register ដឹកនាំដោយ លោក Uwe Zirbes និងមានការអញ្ជើញចូលរួមពី ថ្នាក់ដឹកនាំក្រសួង តំណាងកំពង់ផែស្វយ័តភ្នំពេញ និងតំណាងកំពង់ផែស្វយ័តក្រុងព្រះសីហនុ កាលថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៦។
បើតាមក្រសួងសាធារណការ និងដឹកជញ្ជូន បានបញ្ជាក់នៅក្នុងជំនួបនេះ មានគោលបំណងពិភាក្សាការងារ ពាក់ព័ន្ធនឹងកិច្ចសហប្រតិបត្តិការដែលអាចមានក្នុងវិស័យនាវាចរណ៍កម្ពុជា ជាពិសេសការធ្វើទំនើបកម្ម និងបរិវត្តកម្មឌីជីថលនៃប្រព័ន្ធចុះបញ្ជីនាវា។

ក្រសួងធ្លាប់បញ្ជាក់ដែរថា វិស័យនាវាចរណ៍មានសារសំខាន់ក្នុងការជំរុញសេដ្ឋកិច្ចជាតិ ពីការនាំចេញនាំចូលទំនិញជាច្រើន ដោយភ្ជាប់ពីប្រទេសមួយទៅប្រទេសមួយទៀត នៅទូទាំងពិភពលោក។នៅលើពិភពលោក ការដឹកជញ្ជូនតាមផ្លូវសមុទ្រ មានប្រហែល ៩០ភាគរយ នៃការដឹកជញ្ជូន។ ប្រទេសមួយចំនួនលើពិភពលោក មានកប៉ាល់ដឹកជញ្ជូនធំៗ គេប្រើប្រាស់ធនធានសមុទ្រពិភពលោកនេះ ដើម្បីទាញយកផលប្រយោជន៍ជាច្រើនសម្រាប់អភិវឌ្ឍប្រទេស។ ជាក់ស្តែងដូចនៅសិង្ហបុរី ជាប្រទេសដែលគ្មានដីស្រែធ្វើកសិកម្មទេ គឺពឹងផ្អែកលើធនធានសមុទ្រនេះ ធ្វើឱ្យសិង្ហបុរីមានការរីកចម្រើនខ្លាំងផ្នែកសេដ្ឋកិច្ច។ ចំណែកនៅកម្ពុជា ការប្រើប្រាស់ធនធានសមុទ្រនៅមានកម្រិតទាបនៅឡើយ។ ធម្មជាតិ បានផ្តល់មកឱ្យកម្ពុជាជាច្រើន ប៉ុន្តែយើងមិនទាន់បានទាញប្រយោជន៍ពីធនធានទាំងអស់នេះពីសមុទ្របានច្រើននៅឡើយ៕ អត្ថបទ៖ហ្សាលីន

