កម្ពុជា ដាក់ដំណើរការការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្មជាផ្លូវការ

សង្គម​ និង​សេដ្ឋកិច្ច

ការស្នើសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ ការស្នើសុំវិក្កយបត្រឌីជីថល និងការស្នើសុំអាជ្ញាបណ្ណផ្លូវថ្នល់ តាមរយៈប្រព័ន្ធស្វ័យប្រវត្តិកម្ម ត្រូវបានដាក់ឱ្យដំណើរការជាផ្លូវការហើយ កាលព្រឹកថ្ងៃទី៣ ខែកញ្ញា ឆ្នាំ២០២៦ ក្រោមអធិបតីភាព លោក ប៉េង ពោធិ៍នា រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូ​ន ព្រមទាំងតំណាងស្ថាប័នពាក់ព័ន្ធ តំណាងគ្រឹះស្ថានធនាគារ និងហិរញ្ញវត្ថុដៃគូ និងមន្រ្តីរាជការជាច្រើនរូបទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នាឱកាសនោះ លោក ប៉េង ពោធិ៍នា បានឱ្យដឹងថា ពិធីនេះមានគោលបំណងបើកឱ្យប្រើប្រាស់ជាផ្លូវការប្រព័ន្ធបច្ចេកវិទ្យាឌីជីថលតាមប្រព័ន្ធស្វ័យប្រវត្តិកម្មរបស់ក្រសួងចំនួន ៣ រួមមានសុំបន្តសុពលភាពត្រួតពិនិត្យលក្ខណៈបច្ចេកទេសយានជំនិះ(ឆៀក) តាមធនាគារដៃគូ ប្រព័ន្ធវិក្កយបត្រឌីជីថល (MPWT Digital Invoice) និងប្រព័ន្ធអាជ្ញាបណ្ណផ្លូវថ្នល់ (Road Certificate) ដែលមានគោលដៅលើកកម្ពស់គុណភាពសេវាសាធារណៈរបស់ក្រសួងឱ្យកាន់តែមានភាពល្អប្រសើរ ដោយបង្ខិតសេវាទៅជិតសាធារណជន ចំណេញពេលវេលា ផ្តល់ភាពងាយស្រួល ក្នុងការប្រើប្រាស់ និងទូទាត់កម្រៃសេវាតាមប្រព័ន្ធអេឡិចត្រូនិកប្រកបដោយតម្លាភាព និងសុវត្ថិភាពខ្ពស់។

តាមរយៈការដាក់ឱ្យប្រើប្រាស់ប្រព័ន្ធនេះ ក្រសួងសាធារណការ និងដឹកជញ្ជូន បានចាត់ទុកថា ទាំងនេះគឺជាសមិទ្ធផលថ្មីបន្ថែមទៀត ដែលបង្ហាញពីការប្តេជ្ញាចិត្តរបស់ក្រសួងក្នុងការប្រើប្រាស់បច្ចេកវិទ្យាឌីជីថល ដើម្បីជំរុញ ពង្រីក និងធ្វើទំនើបកម្មសេវាសាធារណៈ របស់ក្រសួង និងចូលរួមគាំទ្រការអនុវត្តគោលនយោបាយរាជរដ្ឋាភិបាលឌីជីថល ដោយផ្តោតលើប្រជាពលរដ្ឋជាស្នូល៕ អត្ថបទ៖ហ្សាលីន