សម្តេចធិបតី ហាមគ្រប់ក្រសួងស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង

សង្គម​ និង​សេដ្ឋកិច្ច

សម្តេចធិបតី ប្រកាសមិនអនុញ្ញាត្តិឱ្យមានការវិនិយោគនៅក្នុងមន្ទីពេទ្យរដ្ឋ ហើយប្រើទីតាំងមន្ទីពេទ្យរដ្ឋយកមកបើកសេវាព្យាបាលឯកជននោះឡើយហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ ពោលគឺមិនត្រូវអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ឬមន្ទីពេទ្យរដ្ឋនោះឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នេះបើយោងតាមប្រសាសន៍របស់សម្តេចធិបតី ហ៊ុន ម៉ាណែត ថ្លែងក្នុងឱកាសអញ្ជើញ​សម្ពោធ​​ដាក់ឱ្យប្រើប្រាស់ជាផ្លូវការ «មន្ទីរពេទ្យ​ហ្លួង​ម៉ែ» ដែលជាមន្ទីរពេទ្យផ្តល់សេវា​ព្យាបាល​ជំងឺមហារីក កាលថ្ងៃទី១៦ ខែ​កញ្ញា ឆ្នាំ២០២៦។

សម្តេចធិបតី ហ៊ុន ម៉ាណែត បានថ្លែងថា ក្នុងអាណត្តិថ្មីនេះ រាជរដ្ឋាភិបាលបានពង្រឹងក្រមប្រតិបត្តិក្នុងវិស័យពេទ្យឯកជន ដោយដាក់ចេញក្រឹត្យក្រមច្បាស់លាស់។ សម្តេចធិបតី បានមានប្រសាសន៍ថា ក្នុងវិស័យសុខាភិបាលក្រឹត្យក្រមត្រូវតែតឹងរឹង ដើម្បីធានាសុវត្ថិភាពរបស់អ្នកជំងឺ។

ជាមួយគ្នានេះ សម្តេចធិបតី បានណែនាំឱ្យក្រសួងសុខាភិបាល និងក្រសួងពាក់ព័ន្ធពិនិត្យឱ្យបានល្អិតល្អន់ការលក់តាមអនឡាញទាំងថ្នាំ ផលិតផលផ្នែកសុខភាព និងផលិតផលសម្រស់។សម្តេចធិបតី ក៏ហាមគ្រប់ក្រសួង ស្ថាប័នរដ្ឋ មិនអនុញ្ញាតឱ្យមានវិស័យឯកជនទៅបង្កើតសេវានៅទីតាំងក្រសួង ស្ថាប័នរដ្ឋដែលមានសេវាកម្មដូចគ្នានោះឡើយ។ សម្តេច ប្រកាសមិនអនុញ្ញាតឱ្យយកសេវាឯកជនដាក់ក្នុងទីតាំងរដ្ឋនោះឡើយ។

សម្តេចធិបតី ក៏បានបង្ហើបថា ពេលថ្មីៗនេះ មានក្រុមហ៊ុនមកពីបរទេសមួយ មានបំណងវិនិយោគផ្តល់សេវា និងបំពាក់ឧបករណ៍ព្យាបាលជំងឺមហារីកនៅក្នុងពេទ្យរដ្ឋ ដោយប្រើបុគ្គលិករបស់រដ្ឋ ដោយបែងចែកផលលាភគ្នា តែសម្តេចមិនបានអនុញ្ញាត្តិឱ្យទេ ព្រោះដើម្បីជៀសវាសប៉ះពាល់ដល់វិស័យសុខាភិបាលនៅក្នុងមន្ទីពេទ្យរដ្ឋ។

ជាថ្មីម្តងទៀត សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំក្រសួងសុខាភិបាល ត្រូវបន្តជំរុញការអភិវឌ្ឍធនធានមនុស្សក្នុងវិស័យសុខាភិបាលឱ្យមានសមត្ថភាពគ្រប់គ្រាន់ ក្នុងការផ្តល់សេវាថែទាំ និង ព្យាបាលជំងឺមហារីក ប្រកបដោយគុណភាព និងសីលធម៌វិជ្ជាជីវៈ តាមរយៈការសិក្សារៀបចំកម្មវិធីបណ្តុះបណ្តាលជំនាញឯកទេសគ្រប់កម្រិត ទាំងជំនាញវេជ្ជសាស្ត្រ និងអមវេជ្ជសាស្ត្រ។

លើសពីនេះ សម្តេចធិបតី ហ៊ុន ម៉ាណែត ក៏ណែនាំក្រុមប្រឹក្សាភិបាល ថ្នាក់ដឹកនាំ និង មន្ត្រីរាជការ បុគ្គលិកទាំងអស់ របស់មន្ទីរពេទ្យហ្លួងម៉ែ ត្រូវបន្តខិតខំបំពេញការងារឱ្យបានកាន់តែល្អប្រសើរ និង ខ្លាំងក្លាថែមទៀត ដើម្បីបង្ហាញនូវសុឆន្ទៈ សមត្ថភាព និងប្រសិទ្ធភាពការងារ ដើម្បីលើកកម្ពស់ការផ្តល់សេវាសុខាភិបាលផ្នែកព្យាបាលជំងឺមហារីក ឱ្យកាន់តែមានភាពប្រកួតប្រជែងខ្ពស់ថែមទៀត៕អត្ថបទ៖ហ្សាលីន