លោក Bernard Arnault នាយកប្រតិបត្តិក្រុមហ៊ុនទំនិញប្រណីតខ្នាតយក្សរបស់បារាំង LVMH ដែលជាអ្នកមានដាច់គេរបស់អឺរ៉ុប ឥឡូវនេះបានធ្លាក់ចេញពីបញ្ជីមហាសេដ្ឋីកំពូលៗទាំង១០ របស់ពិភពលោក បន្ទាប់ពីទ្រព្យសម្បត្តិរបស់លោកបានស្រកចុះអស់ ៦៥ពាន់លានដុល្លារ។

មហាសេដ្ឋីវ័យ ៧៧ឆ្នាំរូបនេះ មិនបានស្ថិតនៅក្នុងបញ្ជីកំពូលទាំង ១០ នាក់នៃ Bloomberg Billionaires Index ទៀតទេចាប់តាំងពីថ្ងៃសុក្រសប្តាហ៍មុនមក ដោយលោកបច្ចុប្បន្នកំពុងឈរនៅចំណាត់ថ្នាក់ទី ១១ ជាមួយទ្រព្យសម្បត្តិសរុបប្រមាណ ១៤៣ពាន់លានដុល្លារ។
គួរឲ្យដឹងផងដែរថា ទ្រព្យសម្បត្តិសរុបរបស់លោក Arnault បានថយចុះអស់ប្រមាណ ៦៥ពាន់លានដុល្លារគិតចាប់តាំងពីដើមឆ្នាំនេះមក ដែលជាការធ្លាក់ចុះយ៉ាងខ្លាំងបំផុតក្នុងចំណោមមហាសេដ្ឋីកំពូលៗទាំង ៥០០ នាក់នៅលើពិភពលោក។
ជុំវិញការថយចុះនេះ បានកើតឡើងបន្ទាប់ពីក្រុមហ៊ុន LVMH ដែលគ្រប់គ្រងលើម៉ាកយីហោល្បីៗដូចជា Louis Vuitton, TAG Heuer និង Dior បានរងផលប៉ះពាល់យ៉ាងខ្លាំងពីសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានធ្វើឱ្យតម្រូវការម៉ាកផលិតផលរបស់ខ្លួនថយចុះនៅតាមទីតាំងទិញទំនិញសំខាន់ៗដូចជា ឌុយបៃ ជាដើម។
មិនតែប៉ុណ្ណោះការលក់របស់ក្រុមហ៊ុននៅទីផ្សារសំខាន់មួយទៀតគឺ ប្រទេសចិន ក៏ត្រូវរងការវាយប្រហារដោយសារការប្រឆាំងពីសាធារណជន ជុំវិញវិវាទពាណិជ្ជស្លាកសញ្ញាជាមួយខ្សែសង្វាក់ហាងតែក្នុងស្រុក Molly ផងដែរ៕

