តម្លៃប្រេងសាំងនៅប្រទេសសិង្ហបុរីបានកើនឡើងជាង ៣% ក្នុងរយៈពេល ១០ថ្ងៃចុងក្រោយនេះ ខណៈពេលដែលជម្លោះនៅមជ្ឈិមបូព៌ានៅតែបន្តជះឥទ្ធិពលដល់ទីផ្សារថាមពលសកល។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន VN Express។

យោងតាមទិន្នន័យប្រេងឥន្ធនៈពីគេហទំព័រ Motorist.sg បានឱ្យដឹងថា ក្រុមហ៊ុន Caltex, Esso និង Shell សុទ្ធតែបានចុះបញ្ជីតម្លៃប្រេងសាំងលេខ ៩៥ របស់ខ្លួន ក្នុងតម្លៃ ៣,៤៩ដុល្លារសឹង្ហបុរី (២,៧៤ដុល្លារអាមេរិក) ក្នុងមួយលីត្រ នៅថ្ងៃទី១៦ ខែកញ្ញា ដែលជាការកើនឡើង ៣,៦% បើប្រៀបធៀបទៅនឹងថ្ងៃទី៦ ខែកញ្ញា។
ទន្ទឹមនឹងនេះ ប្រេងសាំងលេខ ៩២ ក៏បានកើនឡើងប្រមាណ ៣,៦% ផងដែរ រហូតដល់ ៣,៤៦ដុល្លារសឹង្ហបុរីក្នុងមួយលីត្រ។ តម្លៃប្រេងសាំងនៅសិង្ហបុរីបានកើនឡើងប្រហែល ២២% រួចមកហើយ គិតចាប់តាំងពីដើមឆ្នាំមក។
ជម្រាបជូនថា តម្លៃប្រេងឆៅអន្តរជាតិប្រភេទ Brent បានកើនឡើងប្រហែល ៦,៥% ក្នុងរយៈពេល ៧ថ្ងៃកន្លងមកនេះ ចំពេលមានការកើនឡើងកម្តៅនៅមជ្ឈិមបូព៌ា។ កងកម្លាំងហ៊ូធី (Houthi) ដែលគាំទ្រដោយអុីរ៉ង់នៅប្រទេសយេម៉ែន បានបើកការវាយប្រហារថ្មីៗលើអារ៉ាប៊ីសាអូឌីតកាលពីថ្ងៃចន្ទ ខណៈពេលដែលប្រទេសអារ៉ាប់នៅតំបន់ឆ្នេរកាតាបានពន្យារពេលកិច្ចពិភាក្សាដែលបានគ្រោងទុកជាមួយអុីរ៉ង់ ដោយបង្កឱ្យមានការព្រួយបារម្ភថាជម្លោះនៅមជ្ឈិមបូព៌ាអាចនឹងរីករាលដាល និងរំខានដល់ការផ្គត់ផ្គង់ប្រេងសកលបន្តទៀត៕

