អនាគតប្រធានាធិបតីឥណ្ឌូណេស៊ី ស្កាត់ទៅជួបលោក ស៊ី ជិនពីង នៅប្រទេសចិន

អន្តរជាតិ

កាលពីថ្ងៃទី១ ខែមេសា រដ្ឋមន្ត្រីការពារជាតិទើបជាប់ឆ្នោតជាប្រធានាធិបតីឥណ្ឌូណេស៊ីថ្មីលោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ (Prabowo Subianto) បានទៅបំពេញទស្សនកិច្ចនៅទីក្រុងប៉េកាំង ព្រមទាំងបានសន្យាជាមួយលោក ស៊ី ជិនពីង ថានឹងបន្តទំនាក់ទំនងយ៉ាងស្និទ្ធស្នាល ឲ្យដូចទៅនឹងរដ្ឋាភិបាលដែលស្ថិតក្រោមការដឹកនាំរបស់លោក ចូកូ វីដូដូ ។ នេះបើតាមការចុះផ្សាយពីសារព័ត៌មាន Reuters ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប្រាបូវ៉ូ ស៊ូប៊ីយ៉ាន់តូ បានលើកឡើងយ៉ាងដូច្នេះថា រដ្ឋាភិបាលថ្មីរបស់ឥណ្ឌូណេស៊ីនឹងជំរុញយុទ្ធសាស្ត្រអភិវឌ្ឍន៍រវាងប្រទេសទាំងពីរ ហើយជំរុញឲ្យមានលទ្ធផលបន្ថែមទៀត នៅក្នុងកិច្ចសហប្រតិបត្តិការលើវិស័យដូចជា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងកាត់បន្ថយភាពក្រីក្រ។

លើសពីនោះ លោកបាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ខ្ញុំចាត់ទុកប្រទេសចិនជាដៃគូដ៏សំខាន់មួយក្នុងការធានាសន្តិភាព និងស្ថិរភាពក្នុងតំបន់។ ខ្ញុំប្តេជ្ញាបំពេញនូវតម្រូវការផ្នែកយោធារបស់ប្រទេសឥណ្ឌូនេស៊ី ជំរុញកិច្ចសហប្រតិបត្តិការក្នុងឧស្សាហកម្មការពារជាតិ និងបង្កើតការសន្ទនាប្រកបដោយផលិតភាពផងដែរ។

ជាមួយគ្នា ប្រធានាធិបតីចិនលោក ស៊ី ជិនពីង ក៏បានលើកឡើងដែរថា ប្រទេសចិនចាត់ទុកទំនាក់ទំនងរបស់ខ្លួនជាមួយឥណ្ឌូណេស៊ី ជាទស្សនវិស័យយុទ្ធសាស្ត្រ និងរយៈពេលវែង ដោយនឹងត្រៀមខ្លួននៅក្នុងកិច្ចសហប្រតិបត្តិការយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយឲ្យកាន់តែស៊ីជម្រៅ។

មិនត្រឹមតែប៉ុណ្ណោះ ទូរទស្សន៍ CCTV ក៏បានដកស្រង់សម្តីលោក ស៊ី ដែលបាននិយាយនៅក្នុងកិច្ចប្រជុំថា គន្លិះនៃសមិទ្ធិផលដ៏មានតម្លៃនៃទំនាក់ទំនងរវាងចិន និងឥណ្ឌូណេស៊ី គឺស្ថិតទៅលើការប្រកាន់ខ្ជាប់ស្វ័យភាព ការជឿទុកចិត្តគ្នាទៅវិញទៅមក និងផ្តល់ជំនួយឲ្យគ្នាទៅវិញទៅមក។

គួរជម្រាបផងដែរថា លោក ប្រាបូវ៉ូ ត្រូវបានឈ្នះឆ្នោតជាប់ជាប្រធានាធិបតីឥណ្ឌូណេស៊ីថ្មីតាំងតែពីខែកុម្ភៈមកម្លេះ ប៉ុន្តែលោកនៅមិនទាន់បានចូលកាន់តំណែងជាផ្លូវការនោះទេ ពោលលោកត្រូវរង់ចាំស្បថចូលកាន់តំណែងនាខែតុលាជាមុនសិន ខណៈបច្ចុបន្នមានលោក ចូកូ វីដូដូ ជាអ្នកកាន់តំណែងប្រធានាធិបតីបណ្តោះអាសន្នសិន៕