មហាសេដ្ឋី Elon Musk៖ ខ្ញុំ​ជឿ​ថា Putin មាន​លុយ​ច្រើនជាង​ខ្ញុំទៅទៀត

អន្តរជាតិ

អ្នកណាៗ​ក៏​ដឹង​ដែរ​ថា មហាសេដ្ឋី​មាន​បំផុត​លើ​លោក​នា​ពេល​បច្ចុប្បន្ន​គឺ Elon Musk ដែល​ធ្លាប់​មាន​ទ្រព្យសម្បត្តិ​កើន​ដល់ ៣៤០ ពាន់​លាន​ដុល្លារ​កាលពី​ឆ្នាំ​ទៅ ប៉ុន្តែ​បាន​ធ្លាក់​មក​សល់​ត្រឹម​ប្រមាណ ២៧០ ពាន់​លាន​ដុល្លារ​ ដោយសារ​ការ​ធ្លាក់ចុះ​នៃ​តម្លៃ​ហ៊ុន​របស់ Tesla។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យ៉ាងណា CEO នៃ​ក្រុមហ៊ុន​ផលិត​រថយន្ត​អគ្គិសនី​ខ្នាត​យក្ស​ខាងលើ​បាន​អះអាង​ថា នៅ​មាន​បុគ្គល​មួយ​រូប​ដែល​លោក​ជឿ​ថា មាន​ទ្រព្យសម្បត្តិ​ច្រើនជាង​លោក​ ខណៈ​បុគ្គល​ម្នាក់​នោះ​គឺ​ប្រធានាធិបតី​ Vladimir Putin។

នៅ​ក្នុង​បទសម្ភាសន៍​មួយ​ជាមួយ Axel Springer មហាសេដ្ឋី​ Elon Musk បាន​បង្ហើប​ថា Putin គឺ​មាន​លុយច្រើន​ជាង​លោក ប៉ុន្តែ​មិន​ព្រម​បញ្ចេញ​ហេតុផល​ដែល​គាំទ្រ​ការ​គិត​របស់​លោក​ឲ្យ​បាន​ច្បាស់​ឡើយ។

“​ខ្ញុំ​ជឿ​ថា Putin គឺ​ពិតជា​មាន​លុយច្រើន​ជាង​ខ្ញុំ​ពិតមែន”។ នេះ​គឺ​ជា​សម្ដី​របស់ Elon Musk បាន​ប្រាប់​នៅ​ក្នុង​បទសម្ភាសន៍​មួយ​នោះ។

បញ្ជាក់​ដែរ​ថា បច្ចុប្បន្ន Putin គឺ​មាន​ចំណូល​ប្រមាណ ១៤០ ០០០ ដុល្លារ​/ឆ្នាំ​ ពី​តំណែង​ជា​ប្រធានាធិបតី​រុស្ស៊ី ខណៈ​មហាសេដ្ឋី Bill Browder ធ្លាប់​បាន​ទម្លាយ​ប្រាប់​ CNN កាលពី​ឆ្នាំ ២០១៨ ថា ទ្រព្យសម្បត្តិ​របស់​ Putin គឺ​មាន​ច្រើន​ហួស​ស្មាន គ្រាន់តែ​ប្រធានាធិបតី​រូបនេះ​មិន​បញ្ចេញ​ជា​សាធារណៈ​តែ​ប៉ុណ្ណោះ៕

ប្រភព: 9news