ក្រុមហ៊ុនមួយ មានបំណងពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

នៅក្នុង«ពិធីសម្ពោធការិយាល័យកណ្តាលថ្មី» របស់ក្រុមហ៊ុន TotalEnergies ក្រុមហ៊ុន TotalEnergies Marketing (Cambodia) ដែលជាក្រុមហ៊ុនមួយកំពុងប្រតិបត្តិការលើវិស័យថាមពលនៅកម្ពុជា កាលពីសប្តាហ៍មុន ក្រុមហ៊ុននេះ បានបង្ហាញពីរបស់ខ្លួនដោយចង់ពង្រីកកិច្ចសហប្រតិបត្តិការលើការអភិវឌ្ឍវិស័យថាមពលនៅកម្ពុជាបន្ថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក កឹម ស៊ីថន រដ្ឋលេខាធិការប្រចាំការ ក្រសួងពាណិជ្ជកម្ម និងជាតំណាងរបស់ លោកជំទាវ ចម និម្មល រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម បានអញ្ជើញចូលរួមក្នុង «ពិធីសម្ពោធការិយាល័យកណ្តាលថ្មី» របស់ក្រុមហ៊ុន TotalEnergies ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមហ៊ុន TotalEnergies ដែលបានផ្តល់កិច្ចសហការយ៉ាងល្អប្រសើរជាមួយក្រសួងពាណិជ្ជកម្ម និងថ្លែងអំណរគុណដល់ក្រុមហ៊ុន ដែលជឿជាក់លើរាជរដ្ឋាភិបាលក្នុងការប្រកបធុរកិច្ចនៅព្រះរាជាណាចក្រកម្ពុជា អស់រយៈពេលជាង ៣ ទសវត្សរ៍កន្លងមកនេះ និងមានបំណងពង្រីកកិច្ចសហប្រតិបត្តិការបន្ថែមទៀត ដើម្បីអភិវឌ្ឍវិស័យថាមពល ក៏ដូចជាការផ្គត់ផ្គង់ឱ្យមាននិរន្តរភាព។

ជាមួយគ្នានេះ លោករដ្ឋលេខាធិការប្រចាំការ ក៏បានលើកទឹកចិត្តឱ្យក្រុមហ៊ុនបន្តពង្រឹងកិច្ចសហប្រតិបត្តិការជាមួយរាជរដ្ឋាភិបាល ក៏ដូចជាក្រសួង-ស្ថាប័នពាក់ព័ន្ធ ក្នុងស្មារតីភាពជាដៃគូយូរអង្វែង និងអនុវត្តឱ្យបានខ្ជាប់ខ្ជួននូវច្បាប់ និងលិខិតបទដ្ឋានគតិយុត្តជាធរមាន។

ជាមួយគ្នានេះ មន្រ្តីជាន់ខ្ពស់ក្រសួងពាណិជ្ជកម្មរូបនេះ ក៏បានជំរុញនិងលើទឹកចិត្តឱ្យក្រុមហ៊ុន ខិតខំអភិវឌ្ឍវិស័យថាមពល ដើម្បីសំដៅធានាបាននូវស្ថិរភាព និងនិរន្តរភាពនៃការផ្គត់ផ្គង់ប្រេងឥន្ធនៈ និងថាមពល និងការឆ្លើយតបយ៉ាងឆាប់រហ័ស ទាន់ពេលវេលា និងមានប្រសិទ្ធភាពទៅនឹងតម្រូវការទីផ្សារ ព្រមទាំងយកចិត្តទុកដាក់ខ្ពស់លើការការពារផលប្រយោជន៍របស់អ្នកប្រើប្រាស់ ដើម្បីរួមចំណែកដល់ការអភិវឌ្ឍវិស័យថាមពល និងសេដ្ឋកិច្ចកម្ពុជាប្រកបដោយចីរភាព៕ អត្ថបទ៖ហ្សាលីន