អគ្គរដ្ឋទូតអាមេរិក បង្ហើបថាលោក ត្រាំ មានបំណងលក់អាវុធទៅឲ្យចិន អំឡុងពេលជួបលោក ស៊ី

អន្តរជាតិ

អគ្គរដ្ឋទូតអាមេរិកប្រចាំប្រទេសចិន លោក David Perdue បាននិយាយថាប្រធានាធិបតី លោក ដូណាល់ ត្រាំ បានស្នើសុំលក់អាវុធទៅឲ្យប្រទេសចិន នៅពេលដែលលោកបានទទួលបដិសណ្ឋារកិច្ចលោក ស៊ី ជិនភីង នៅសេតវិមាន កាលពីសប្តាហ៍មុន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Perdue បានប្រាប់នៅក្នុងបទសម្ភាសមួយកាលពីថ្ងៃទី២៧ ខែកញ្ញា ដោយយោងទៅលើកិច្ចពិភាក្សារវាងមេដឹកនាំទាំងពីរក្នុងជំនួបកាលពីសប្តាហ៍មុនថា៖ “ប្រធានាធិបតី ដូណាល់ ត្រាំ បាននិយាយថា អាមេរិកនឹងលក់អាវុធទៅឱ្យបណ្តាប្រទេសជុំវិញពិភពលោក”។ យ៉ាងណាមិញ​នៅចំណុចមួយកំឡុងពេលជំនួបដ៏សំខាន់នោះ មេដឹកនាំអាមេរិករូបនេះ​ពិតជាបានសួរទៅកាន់ប្រធានាធិបតីចិន លោក ស៊ី ថា តើលោកចង់ទិញអាវុធរបស់អាមេរិកខ្លះដែរឬអត់។

ជុំវិញការថ្លែងរបស់អគ្គរដ្ឋទូតរូបនេះ ហាក់បានធ្វើឱ្យមានការភ្ញាក់ផ្អើលយ៉ាងខ្លាំង ព្រោះច្បាប់ដែលអនុម័តដោយសភាអាមេរិកក្នុងឆ្នាំ១៩៩០ បានហាមឃាត់ទាំងស្រុងមិនឱ្យអាមេរិកលក់អាវុធទៅឱ្យប្រទេសចិននោះទេ។ ច្បាប់នេះបានចែងថា ប្រធានាធិបតីអាមេរិកមានអំណាចក្នុងការព្យួរ ឬលើកលែងការហាមឃាត់នេះ ប្រសិនបើលោកកំណត់ថាវាបម្រើដល់ផលប្រយោជន៍សន្តិសុខជាតិ។

ប៉ុន្តែទោះជាយ៉ាងណាក៏ដោយ បន្ទាប់ពីបទសម្ភាសរបស់លោក Perdue នេះ សេតវិមានបានចេញមុខថ្លែងថា សហរដ្ឋអាមេរិកគ្មានផែនការលក់អាវុធឱ្យចិននោះទេ។ ក្រសួងការបរទេសអាមេរិកក៏បានចេញសេចក្តីថ្លែងការណ៍បញ្ជាក់ដែរថា ច្បាប់របស់សហរដ្ឋអាមេរិកហាមឃាត់ការលក់អាវុធឱ្យចិន ហើយមិនមានសំណើ ឬផែនការណាមួយសម្រាប់ទង្វើបែបនេះឡើយ៕​