ប្រព័ន្ធធនាគារកម្ពុជានៅតែមានភាពធន់ និងរឹងមាំ ទោះបីស្ថិតក្នុងភាពមិនប្រាកដប្រជានៃពិភពលោក

សង្គម​ និង​សេដ្ឋកិច្ច

សេដ្ឋកិច្ចពិភពលោកក្នុងឆមាសទី១ ឆ្នាំ២០២៦ បានជួបប្រទះនឹងបញ្ហាប្រឈមជាបន្តបន្ទាប់ ដោយសារសង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបណ្តាលឱ្យមានការបិទខ្ទប់ច្រកសមុទ្រហ័រមូស និងបង្កផលប៉ះពាល់យ៉ាងខ្លាំងដល់ទីផ្សារថាមពល។ កត្តានេះបានធ្វើឱ្យអតិផរណាពិភពលោកកើនឡើង សកម្មភាពសេដ្ឋកិច្ចថយចុះ និងទីផ្សារហិរញ្ញវត្ថុមានភាពមិនប្រាកដប្រជា។ ដើម្បីរក្សាស្ថិរភាពថ្លៃ ធនាគារកណ្តាលមួយចំនួន (ដូចជាអឺរ៉ុប និងជប៉ុន) បានសម្រេចដំឡើងអត្រាការប្រាក់គោល ខណៈធនាគារកណ្តាលភាគច្រើនរក្សាអត្រាការប្រាក់ដដែល។ ជាមួយគ្នានេះ កំណើននៃពាណិជ្ជកម្មអន្តរជាតិ និងទេសចរណ៍ពិភពលោកបានថយចុះ ប៉ុន្តែការវិនិយោគលើបញ្ញាសិប្បនិម្មិត (AI) នៅតែបន្តកើនឡើងយ៉ាងខ្លាំងក្លា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេដ្ឋកិច្ចកម្ពុជានាឆមាសទី១ ឆ្នាំ២០២៦ ត្រូវបានប៉ាន់ស្មានថាមានការថយល្បឿនកំណើន ដោយសារភាពមិនប្រាកដប្រជានៃស្ថានភាពពិភពលោកនិងក្នុងស្រុក។ ក្នុងនោះ វិស័យទេសចរណ៍ សំណង់ និងអចលនទ្រព្យបានបន្តជួបភាពទន់ខ្សោយ ប៉ុន្តែកំណើនសេដ្ឋកិច្ចជារួមនៅតែត្រូវបានគាំទ្រដោយការនាំចេញ ការវិនិយោគផ្ទាល់ពីបរទេស និងផលិតកម្មក្នុងស្រុក។ដោយសារការឡើងថ្លៃប្រេងឥន្ធនៈ អត្រាអតិផរណារួមបានស្ទុះឡើងដល់ ៧,២% ក្នុងខែឧសភា និង ៦,៨% ក្នុងខែមិថុនា។ ទោះជាយ៉ាងណា សមតុល្យជញ្ជីងទូទាត់បន្តមានអតិរេកដោយសារលំហូរចូលនៃមូលធន ហើយទុនបម្រុងអន្តរជាតិជារួមនៅតែរក្សាបានកម្រិតខ្ពស់ ដែលអាចធានាការនាំចូលទំនិញនិងសេវាបានរហូតដល់ប្រមាណ ៨ខែ។

យោងតាមរបាយការណ៍ធនាគារជាតិ ស្របតាមការប្រែប្រួលសេដ្ឋកិច្ច ប្រាក់រៀលបន្តរក្សាបានស្ថិរភាពល្អប្រសើរ ដោយប្រែប្រួលជាមធ្យម ត្រឹម ០,៩% ប៉ុណ្ណោះ។ អត្រាប្តូរប្រាក់មានកម្រិតជាមធ្យម ៤.០១៧ រៀលក្នុងមួយដុល្លារអាមេរិក ដែលរួមចំណែករក្សាអំណាចទិញនៃប្រាក់រៀល។ អត្រាប្រាក់បម្រុងកាតព្វកិច្ចជារៀលនិងជារូបិយប័ណ្ណ ត្រូវបានរក្សាក្នុងកម្រិត ៧% ស្របពេលដែលការស្រូបនិងការផ្តល់សន្ទនីយភាពជាប្រាក់រៀលមានកម្រិត សមស្រប ដោយមូលបត្រអាចជួញដូរបាន (NCD) ជារៀល ត្រូវបានបោះផ្សាយជាមធ្យម ៣,៧ ទ្រីលាន រៀលក្នុងមួយខែ ខណៈប្រតិបត្តិការផ្តល់សន្ទនីយភាពដោយមានការធានា (LPCO) មានកម្រិតជាមធ្យម ៤៧៦ ប៊ីលានរៀលក្នុងមួយខែ។ ដើម្បីរួមចំណែកកាត់បន្ថយថ្លៃដើមប្រភពទុនជារៀល អត្រាការប្រាក់យោងត្រូវបានកាត់បន្ថយមក ២,៥% ខណៈអត្រាការប្រាក់អន្តរធនាគារជាប្រាក់រៀលជាមធ្យមមាន ស្ថិរភាពនៅកម្រិត ៣,៣៦%។

របាយការណ៍បានបញ្ជាក់ថា ប្រព័ន្ធធនាគារបន្តរក្សាបានភាពរឹងមាំទាំងដើមទុននិងសន្ទនីយភាព ទោះបីទទួលរងផលប៉ះពាល់ពីកត្តាខាងក្រៅនិងក្នុងស្រុក។ ភាពមិនប្រាកដប្រជានៃស្ថានភាពសេដ្ឋកិច្ចនិងហិរញ្ញវត្ថុសកល គួបផ្សំនឹងភាពទន់ខ្សោយនៃវិស័យសេដ្ឋកិច្ចមួយចំនួន បានដាក់សម្ពាធដល់ការបញ្ចេញឥណទាននិងគុណភាពឥណទាន។ ឥណទានមានកំណើន ៤,៦% ហើយអនុបាតឥណទានមិនដំណើរការដុលមានកម្រិត ៩,៦%។ ទោះយ៉ាងណា អនុបាតឥណទានមិនដំណើរការសុទ្ធមានកម្រិតត្រឹម ៣,៣% ដែលបង្ហាញពីលទ្ធភាពខ្ពស់របស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុក្នុងការស្រូបយកការខាតបង់។ ម៉្យាងទៀត ដើមទុននិងសន្ទនីយភាពរបស់គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុ បន្តមានកម្រិតខ្ពស់ ដោយអនុបាតដើមទុនសរុបរបស់ គ្រឹះស្ថានធនាគារនិងហិរញ្ញវត្ថុទទួលប្រាក់បញ្ញើមានកម្រិត ២៣,៣% (ធៀបនឹងកម្រិតអប្បបរមា តាមបទប្បញ្ញត្តិ ១៥%) ហើយអនុបាតក្របខណ្ឌសន្ទនីយភាពមានកម្រិត ១៧២,៨% (ធៀបនឹងកម្រិត អប្បបរមាតាមបទប្បញ្ញត្តិ ១០០%)។

លើសពីនេះ ការជំរុញបរិយាបន្នហិរញ្ញវត្ថុនិងហិរញ្ញវត្ថុប្រកបដោយចីរភាព បន្តមានវឌ្ឍនភាពល្អប្រសើរ ខណៈដែលការពង្រឹងកិច្ចការពារអតិថិជននិងការអភិវឌ្ឍកិច្ចការពារប្រាក់បញ្ញើ បានរួមចំណែក លើកកម្ពស់ជំនឿទុកចិត្ត។ ចំនួនគណនីប្រាក់បញ្ញើអតិថិជនបានកើនឡើង ៣៨,៣% ដល់ ៣៩,៦ លាន គណនី ស្របពេលដែលចំនួនគណនីឥណទានបានកើនឡើង ៩,៧% ដល់ ៤,៧ លានគណនី៕