រដ្ឋ កំពុងជំរុញគោលការណ៍«ការលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម» ដើម្បីអភិវឌ្ឍន៍កសិកម្មនៅមូលដ្ឋាន

សង្គម​ និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាល តាមរយៈក្រសួងមុខងារសាធារណៈ និងក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានកំពុងជំរុញគោលការណ៍«ការលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម» ដើម្បីលើកស្ទួយវិស័យកសិកម្មនៅតាមមូលដ្ឋាន។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅក្នុងកិច្ចប្រជុំ កាលចុងសប្តាហ៍ ក្រោមការអញ្ជើញចូលរួមពីសំណាក់ លោក ឌិត ទីណា រដ្ឋមន្រ្តីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ ព្រមទាំងតំណាងក្រសួង-ស្ថាប័នពាក់ព័ន្ធ និងរដ្ឋបាលថ្នាក់ក្រោមជាតិជាច្រើនរូប។ការរៀបចំឯកសារសម្រាប់ការវាយតម្លៃ និងទទួលស្គាល់មន្ត្រីកសិកម្មឃុំ-សង្កាត់គំរូ បានឈានចូលដល់ដំណាក់កាលពិភាក្សាចុងក្រោយ ស្របពេលដែលថ្នាក់ដឹកនាំ កំពុងជំរុញយ៉ាងខ្លាំងនូវគោលការណ៍ «ការលើកទឹកចិត្តផ្អែកលើសមិទ្ធកម្ម» ដើម្បីជំរុញប្រសិទ្ធភាពការងារ និងលើកស្ទួយវិស័យកសិកម្មនៅតាមមូលដ្ឋាន។

នាឱកាសនោះ ដើម្បីពន្លឿនការងារនេះ លោក ហ៊ុន ម៉ានី ឧបនាយករដ្ឋមន្រ្តី រដ្ឋមន្រ្តីក្រសួងមុខងារសាធារណៈ និងជាអនុប្រធានប្រចាំការនៃគណៈកម្មាធិការជាតិជំរុញការអនុវត្តវិធានការគន្លឹះរបស់រាជរដ្ឋាភិបាលនីតិកាលទី៧ នៃរដ្ឋសភា (គ.វ.រ.) បានដឹកនាំកិច្ចប្រជុំលេខាធិកាដ្ឋាន គ.វ.រ. ស្តីពីការពិនិត្យនិងពិភាក្សាលើការរៀបចំយន្តការនេះ។

ចំណុចលេចធ្លោបំផុតនៃយន្តការថ្មីនេះ គឺការឆ្លុះបញ្ចាំងយ៉ាងច្បាស់ពីការយកចិត្តទុកដាក់របស់ថ្នាក់ដឹកនាំ លើការអនុវត្តវប្បធម៌ ការលើកទឹកចិត្តផ្អែកលើសមិទ្ធកម្មពិតប្រាកដ។ តាមរយៈគោលការណ៍នេះ មន្ត្រីកសិកម្មឃុំ-សង្កាត់ណាដែលសកម្មចុះជួយប្រជាពលរដ្ឋ មានភាពម្ចាស់ការ និងមានលទ្ធផលការងារលេចធ្លោ នឹងទទួលបានការវាយតម្លៃដោយយុត្តិធម៌ ព្រមទាំងទទួលបានការលើកទឹកចិត្តយ៉ាងស័ក្តិសម។ ការធ្វើបែបនេះ នឹងក្លាយជាចលករជំរុញឱ្យមន្ត្រីទាំងអស់ ប្រកួតប្រជែងគ្នាធ្វើអំពើល្អ និងបម្រើប្រជាពលរដ្ឋកាន់តែសកម្ម។

យន្តការនេះ គឺជាការបន្តភាពជោគជ័យពីការវាយតម្លៃអង្គភាពគំរូក្នុងវិស័យអប់រំ និងសុខាភិបាល ស្របតាមទស្សនៈវិស័យរបស់សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត។ ជាលទ្ធផលរំពឹងទុក ប្រជាកសិករទូទាំងប្រទេស នឹងទទួលបានអត្ថប្រយោជន៍ដោយផ្ទាល់ពីមន្ត្រីកសិកម្មដែលមានសមត្ថភាព និងកម្លាំងចិត្តពេញលេញ ក្នុងការចុះដោះស្រាយបញ្ហាដំណាំ និងផ្តល់បច្ចេកទេសថ្មីៗបានទាន់ពេលវេលា និងមានប្រសិទ្ធភាពខ្ពស់៕ អត្ថបទ៖ ហ្សាលីន