ផ្លូវជាតិលេខ៤៨ ភ្ជាប់ពីស្រែអំបិល ទៅក្រុងខេមរភូមិន្ទ នឹងត្រូវសម្ពោធដាក់ឱ្យប្រើប្រស់ជាផ្លូវការនាពេលឆាប់ៗខាងមុខនេះ ក្រោមវត្តមានដ៏វិសេសវិសាលរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃព្រះរាជាណាចក្រកម្ពុជា។

បើយោងតាមលោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន នៅថ្ងៃទី១៦ ខែតុលា ឆ្នាំ២០២៦ បានឱ្យដឹងថា សម្តេចធិបតី ហ៊ុន ម៉ាណែត នឹងបើកសម្ពោធដាក់ឱ្យប្រើប្រាស់ផ្លូវជាតិលេខ៤៨(ស្រែអំបិល-ក្រុងខេមរភូមិន្ទ) ឆាប់ៗនេះ ក្រោយពីខ្សែផ្លូវដ៏មានសារៈសំខាន់មួយនេះ បានសាងសង់រួចរាល់ និងបានឱ្យប្រជាពលរដ្ឋធ្វើដំណើរ អាស្រ័យផល។
លោកបន្តថា ផ្លូវជាតិលេខ៤៨ មានប្រវែង១៤៨ គីឡូម៉ែត្រ ត្រូវបានសាងសង់ជាប្រភេទកៅស៊ូ AC ដោយបើកការដ្ឋានសាងសង់នៅថ្ងៃទី៣ ខែមករា ឆ្នាំ២០២២ ក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់សម្តេចតេជោ ហ៊ុន សែន អតីតនាយករដ្ឋមន្ត្រី។ផ្លូវនេះត្រូវបានស្ថាបនាជាបួនគន្លងចំនួន៥ ទីតាំង ប្រវែង ៣០គីឡូម៉ែត្រ និងពីរកន្លងប្រវែង១១៨ គីឡូម៉ែត្រ។

សូមជម្រាបដែរថា ផ្លូវជាតិលេខ៤៨ តភ្ជាប់ជាមួយផ្លូវជាតិលេខ១០ និងតភ្ជាប់ទៅកាន់ខេត្តពោធិ៍សាត់ ខេត្តបាត់ដំបង និងខេត្តប៉ៃលិន មកកាន់តំបន់ឆ្នេរសមុទ្រកម្ពុជាតារារះទិសនិរតី និងចាត់ទុកជាសរសៃឈាមសេដ្ឋកិច្ចដ៏មានសក្តានុពល ក្នុងការជួយសម្រួលដល់ការតភ្ជាប់ទំនាក់ទំនងគមនាគមន៍ និងការធ្វើសមាហរណកម្មតភ្ជាប់ផ្ទៃក្នុងប្រទេស ជាពិសេសកំពង់ផែទឹកជ្រៅក្រុងព្រះសីហនុ សំដៅរួមចំណែកក្នុងការជំរុញការដោះដូរពាណិជ្ជកម្ម វិនិយោគ និងការដឹកជញ្ជូនដំណាំកសិផល និងកសិឧស្សាហកម្ម ឱ្យកាន់តែមានប្រសិទ្ធភាពខ្ពស់ ឆាប់រហ័ស និងតម្លៃប្រកួតប្រជែង។នេះបើតាមការបញ្ជាក់បន្ថែមពីលោក លោក ផន រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន៕ អត្ថបទ៖ហ្សាលីន

