ស្ថាប័នជំនាញ តាមរយៈគណៈកម្មាធិការវិនិយោគកម្ពុជានៃក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា បានបើកិច្ចប្រជុំច្រកចេញ-ចូលតែមួយ” លើកទី១០ ក្នុងឆ្នាំ២០២៦ ដើម្បីពិនិត្យពិភាក្សាលើសំណើសុំចុះបញ្ជីគម្រោងវិនិយោគមានលក្ខណៈសម្បត្តិគ្រប់គ្រាន់មួយចំនួន ដែលមានតម្លៃទុនវិនិយោគរហូត ២២២ លានដុល្លារអាម៉េរិក។

កិច្ចប្រជុំនេះ បានធ្វើឡើងកាលថ្ងៃទី២៦ ខែតុលា ឆ្នាំ២០២៦ ក្រោមអធិបតីភាពឯកឧត្តម ជា វុទ្ធី អគ្គលេខាធិការគណៈកម្មាធិការវិនិយោគកម្ពុជា ដោយមានការអញ្ជើញចូលរួមពីសំណាក់តំណាងក្រសួង-ស្ថាប័ន និងរដ្ឋបាលខេត្តពាក់ព័ន្ធ។គម្រោងវិនិយោគដែលបាន ពិនិត្យលើសំណើរចុះបញ្ជី គឺមានទុនវិនិយោគសរុបប្រមាណ ២២២លានដុល្លារអាម៉េរិក អាចបង្កើតការងារបានប្រមាណ ៩០០កន្លែង ។
សូមជម្រាបដែរថា រដ្ឋាភិបាលកម្ពុជានៅក្នុងខែកញ្ញា ឆ្នាំ២០២៦ បានអនុម័តលើគម្រោងវិនិយោគចំនួន ៣៦ ដែលធ្វើឱ្យចំនួនគម្រោងវិនិយោគសរុបដែលរដ្ឋាភិបាលអនុម័តក្នុងរយៈពេល ៩ ខែដើមឆ្នាំ២០២៦ មានចំនួនសរុបជិត ៤០០។

ជាមួយគ្នានេះ សេចក្តីប្រកាសព័ត៌មានរបស់ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា កាលពីពេលថ្មីៗក៏បានបង្ហាញដែរថា ក្នុងខែកញ្ញា ឆ្នាំ២០២៦ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (CDC) និងអនុគណៈកម្មាធិការវិនិយោគរាជធានី ខេត្ត (អ.គ.វ.រ.ខ.) បានសម្រេចចុះបញ្ជីឱ្យគម្រោងវិនិយោគសរុបចំនួន ៣៦ គម្រោង ក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៧០លានដុល្លារ និងអាចបង្កើតឱកាសការងារបានប្រមាណ ១៧ ពាន់កន្លែង។ ក្នុងចំណោមគម្រោងវិនិយោគខាងលើ គម្រោងដែលត្រូវបានចុះបញ្ជីដោយ CDC មានចំនួន២៣គម្រោងក្នុងទំហំទុនវិនិយោគសរុបប្រមាណ ៤៣៥ លានដុល្លារ និងគម្រោងវិនិយោគដែលត្រូវបានចុះបញ្ជីដោយ អ.គ.វ.រ.ខ. មានចំនួន ១៣ គម្រោង ក្នុងទំហំទុនវិនិយោគ ៣៥លានដុល្លារ៕អត្ថបទ៖ហ្សាលីន


