លោក អ៊ាង សុផល្លែត រដ្ឋមន្ត្រីក្រសួងបរិស្ថាន បានអនុញ្ញាតឱ្យលោកស្រី Rebekah Bell តំណាងអង្គការស្បៀងអាហារ និងកសិកម្មនៃសហប្រជាជាតិ (FAO) ប្រចាំកម្ពុជា ចូលជួបសម្តែងការគួរសម និងជម្រាបលាក្នុងឱកាសបញ្ចប់បេសកកម្មការងារនៅកម្ពុជា នារសៀលថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦ នៅទីស្តីការក្រសួងបរិស្ថាន ដើម្បីបូកសរុបលទ្ធផលកិច្ចសហប្រតិបត្តិការ និងពិភាក្សាពីវិធានការឆ្លើយតបចំពោះបញ្ហាប្រឈមបរិស្ថានសំខាន់ៗ។

ក្នុងជំនួបនោះ លោកស្រី Rebekah Bell បានគូសបញ្ជាក់ពីសមិទ្ធផលការងារជាច្រើនដែល FAO បានចូលរួមចំណែកយ៉ាងសកម្មក្នុងការគាំទ្រវិស័យបរិស្ថាននៅកម្ពុជាកន្លងមក ដូចជា ការងារប្រែប្រួលអាកាសធាតុ ការស្តារព្រៃឈើ និងការលើកកម្ពស់ជីវភាពសហគមន៍ឱ្យមានភាពធន់តាមរយៈភាពជាដៃគូពាក់ព័ន្ធ។ លោកស្រីតំណាងអង្គការ FAO បានសម្តែងការគាំទ្រយ៉ាងពេញទំហឹងចំពោះ «យុទ្ធសាស្ត្រចក្រាវិស័យបរិស្ថាន» របស់ក្រសួង ដែលបាននិងកំពុងអនុវត្តសកម្មភាពជាក់ស្តែង សំដៅជំរុញឱ្យកម្ពុជាមានភាពស្អាត បៃតង និងចីរភាព។
ជាការឆ្លើយតប លោករដ្ឋមន្ត្រីបានវាយតម្លៃខ្ពស់ចំពោះភាពជាដៃគូយុទ្ធសាស្ត្ររបស់ FAO។ ទន្ទឹមនឹងការអបអរសាទរចំពោះសមិទ្ធផលកន្លងមក លោកបានគូសបញ្ជាក់យ៉ាងម៉ឺងម៉ាត់អំពីបញ្ហាប្រឈមធំៗដែលពិភពលោក ក៏ដូចជាកម្ពុជាកំពុងប្រឈមមុខ រួមមាន បញ្ហាសំណល់ប្លាស្ទិក ការប្រែប្រួលអាកាសធាតុ និងផលប៉ះពាល់ធ្ងន់ធ្ងរនៃបាតុភូត El Niño នៅពេលខាងមុខ។
លោក អ៊ាង សុផល្លែត បានសង្កត់ធ្ងន់លើការប្តេជ្ញាចិត្តរួមគ្នាក្នុងការបន្តកៀរគរធនធាន និងបច្ចេកវិទ្យា ដើម្បីអនុវត្តផែនការការពារតំបន់ការពារធម្មជាតិ សំដៅការពារប្រព័ន្ធអេកូឡូស៊ី និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋប្រកបដោយចីរភាព។
ដើម្បីធានាបាននូវការការពារ និងការឆ្លើយតបប្រកបដោយប្រសិទ្ធភាព លោករដ្ឋមន្ត្រីបានលើកឡើងនូវផែនការកៀរគរការចូលរួម ការត្រៀមលក្ខណៈសម្បត្តិ និងការអន្តរាគមន៍បន្ទាន់ឱ្យបានច្បាស់លាស់។ បន្ថែមពីនេះ លោកបានបង្ហើបពីគម្រោងរៀបចំវេទិកាពិភាក្សាពហុភាគី (រដ្ឋ ឯកជន ដៃគូជាតិ និងអន្តរជាតិ) ដើម្បីត្រៀមបង្ការ និងឆ្លើយតបរួមគ្នាចំពោះគ្រោះហន្តរាយធម្មជាតិ។
ចំពោះមុខនេះ ក្រសួងបរិស្ថានបានដាក់ចេញនូវវិធានការតឹងរ៉ឹង និងការផ្សព្វផ្សាយណែនាំដល់អាជ្ញាធរមូលដ្ឋាន ព្រមទាំងសហគមន៍ ឱ្យបង្កើនការប្រុងប្រយ័ត្នខ្ពស់ក្នុងការប្រើប្រាស់ភ្លើង ដើម្បីទប់ស្កាត់គ្រោះអគ្គិភ័យ ឬភ្លើងព្រៃដែលបង្កឡើងដោយការឡើងកម្ដៅផែនដី និងបាតុភូត El Niño ព្រមទាំងពង្រឹងការថែរក្សាប្រភពទឹកធម្មជាតិនៅក្នុងតំបន់ការពារ ដើម្បីធានាឱ្យសត្វព្រៃគ្រប់ប្រភេទមានទឹកប្រើប្រាស់គ្រប់គ្រាន់៕




