សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានអញ្ជើញចុះជួបសំណេះសំណាល និងសួរសុខទុក្ខវីរៈកងទ័ព ដែលកំពុងឈរជើងការពារបូរណភាពទឹកដីតាមខ្សែបន្ទាត់ព្រំដែនប្រចាំទិសខេត្តឧត្តរមានជ័យ នាយប់ថ្ងៃទី២ ខែវិច្ឆិកា ឆ្នាំ២០២៦។

ក្នុងឱកាសនោះ សម្តេចកិត្តិសង្គហបណ្ឌិត បានពាំនាំនូវការផ្តាំផ្ញើសាកសួរសុខទុក្ខ ក្តីនឹករលឹក និងការយកចិត្តទុកដាក់ដ៏ខ្ពង់ខ្ពស់ពីសំណាក់ សម្តេចតេជោ ហ៊ុន សែន, សម្តេចកិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុនសែន, សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ជូនចំពោះកងកម្លាំងជួរមុខទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្តយ៉ាងអង់អាចក្លាហានដើម្បីបុព្វហេតុជាតិមាតុភូមិ។
ទន្ទឹមនឹងនេះ សម្តេចកិត្តិសង្គហបណ្ឌិត បានផ្តល់អនុសាសន៍ និងសំណូមពរសំខាន់ៗចំនួន ៣ចំណុចដល់កងកម្លាំង រួមមាន៖ ទី១, បន្តពង្រឹងសាមគ្គីភាព ឯកភាពផ្ទៃក្នុងឱ្យរឹងមាំ និងគោរពវិន័យ បទបញ្ជាកងទ័ពពីថ្នាក់លើឱ្យបានម៉ឺងម៉ាត់។ ទី២, ត្រៀមខ្លួនជានិច្ចដើម្បីទប់ស្កាត់រាល់ឧបាយកល ឬសកម្មភាពរំលោភបំពានពីខាងក្រៅ សំដៅការពារអធិបតេយ្យ និងបូរណភាពទឹកដីឱ្យបានគង់វង្ស។ ទី៣, យកចិត្តទុកដាក់ថែរក្សាសុខភាពផ្ទាល់ខ្លួនឱ្យបានល្អ ដើម្បីទប់ទល់នឹងការប្រែប្រួលអាកាសធាតុ និងការកើនឡើងកម្ដៅខ្លាំង។
ជាកិច្ចបញ្ចប់ សម្តេចកិត្តិសង្គហបណ្ឌិត បានឧបត្ថម្ភគ្រឿងឧបភោគបរិភោគ និងថវិកាលើកទឹកចិត្តដល់អង្គភាពឈរជើងទាំង ១៩ ដោយក្នុងមួយអង្គភាពទទួលបាន៖ ទឹកសុទ្ធ ៥០កេស, ភេសជ្ជៈ ៥០កេស, ទឹកដោះគោឆៅ ៥០កេស, ទឹកដោះគោខ្ទិះ ៥០កេស, ម្សៅសាប៊ូ ORA ២០កេស និងថវិកាចំនួន ១លានរៀល៕





