រាជរដ្ឋាភិបាលគ្រោងប្រែក្លាយបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» និងគោលដៅទេសចរណ៍វប្បធម៌

សង្គម​ និង​សេដ្ឋកិច្ច

ស្ថាប័នបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ នឹងត្រូវប្រែក្លាយពី «ទីតាំងតម្កល់ឯកសារ» ឱ្យទៅជា «មជ្ឈមណ្ឌលជាតិឌីជីថល» និងជាគោលដៅទេសចរណ៍វប្បធម៌ដ៏សំខាន់ ក្នុងរាជធានីភ្នំពេញ តាមរយៈផែនការយុទ្ធសាស្ត្រទំនើបកម្មរយៈពេល ១៥ឆ្នាំ (២០២៦-២០៤០)។ នេះជាការគូសបញ្ជាក់របស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត ក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ដើម្បីសម្រេចចក្ខុវិស័យនេះ សម្តេចធិបតីនាយករដ្ឋមន្ត្រី បានសម្រេចឱ្យធ្វើសមាហរណកម្មច្របាច់បញ្ចូលគ្នារវាងបណ្ណសារដ្ឋានជាតិ និងបណ្ណាល័យជាតិ ឱ្យស្ថិតក្រោមឆ័ត្រទីស្តីការគណៈរដ្ឋមន្ត្រីតែមួយ សំដៅបង្កើនប្រសិទ្ធភាព និងសន្សំសំចៃទាំងថវិកា និងធនធានមនុស្ស។ ស្ថាប័នរួមគ្នានេះ នឹងត្រូវគ្រប់គ្រងតាមស្តង់ដាអន្តរជាតិលើការតម្កល់ឯកសារ ស្រាវជ្រាវ ផ្សព្វផ្សាយចំណេះដឹង និងរៀបចំព្រឹត្តិការណ៍វប្បធម៌ ដើម្បីទាក់ទាញសិស្ស-និស្សិត អ្នកស្រាវជ្រាវ និងសាធារណជន។

ការកែទម្រង់ជាយុទ្ធសាស្ត្រនេះ ធ្វើឡើងបន្ទាប់ពីរាជរដ្ឋាភិបាលពិនិត្យឃើញថា វិស័យបណ្ណសារកម្ពុជានៅជួបប្រទះបញ្ហាប្រឈមច្រើន ដូចជាកង្វះឃ្លាំងស្តង់ដា ឯកសារភាគច្រើនរងការពុកផុយ និងការធ្វើឌីជីថលូបនីយកម្មនៅមានកម្រិតដោយសារខ្វះថវិកា និងធនធានមនុស្ស។

ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ស្ថាប័នទាំងពីរមានសារៈសំខាន់ជាយុទ្ធសាស្ត្រ ដែលម្ខាងបំពេញតួនាទីការពារការចងចាំ និងអត្តសញ្ញាណជាតិពីអតីតកាល និងម្ខាងទៀតជាស្ពានចម្លងចំណេះដឹងឆ្ពោះទៅអនាគត ដើម្បីបម្រើការស្រាវជ្រាវ និងពង្រឹងសមត្ថភាពយុវជន ក្នុងការកសាងសង្គម-សេដ្ឋកិច្ចឌីជីថលដ៏រឹងមាំ៕