បច្ចុប្បន្ន បណ្ណសារដ្ឋានជាតិនៃកម្ពុជាកំពុងថែរក្សាទុកនូវឯកសារប្រវត្តិសាស្ត្រ និងបេតិកភណ្ឌជាតិមិនអាចកាត់ថ្លៃបាន សរុបប្រវែង ២,០០០ ម៉ែត្រលីនេអ៊ែ ឬស្មើនឹងប្រមាណ ២០លានទំព័រ ដែលភាគច្រើនជាឯកសារកម្រ និងជាច្បាប់ដើម។ នេះជាការថ្លែងឱ្យដឹងរបស់ ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ វង្សី វិស្សុត រដ្ឋមន្ត្រីទទួលបន្ទុកទីស្តីការគណៈរដ្ឋមន្ត្រី និងជាប្រធានក្រុមប្រឹក្សាបណ្ណសារ ក្នុងពិធីបើកពិព័រណ៍ខួប ១០០ឆ្នាំនៃបណ្ណសារដ្ឋានជាតិ នាព្រឹកថ្ងៃទី៤ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្រោមអធិបតីភាព សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រីនៃកម្ពុជា។

ឯកឧត្តមឧបនាយករដ្ឋមន្ត្រីប្រចាំការ បានបញ្ជាក់ថា អគារបណ្ណសារដ្ឋានជាតិនេះ ត្រូវបានកសាងឡើងក្នុងសម័យអាណាព្យាបាលបារាំងនៅឆ្នាំ១៩២៤ និងដំណើរការជាផ្លូវការនៅឆ្នាំ១៩២៦។ ថ្វីដ្បិតតួអគារមានចំណាស់ ១០០ឆ្នាំក្តី ប៉ុន្តែឯកសារដែលបានតម្កល់ទុកនៅទីនេះ បានកត់ត្រានូវប្រវត្តិសាស្ត្រ ដួងព្រលឹង និងអត្តសញ្ញាណជាតិខ្មែរដែលមានអាយុកាលជាង ២,០០០ឆ្នាំ ដោយឆ្លងកាត់គ្រប់ដំណាក់កាលប្រវត្តិសាស្ត្រ ទាំងសម័យកាលរុងរឿង និងដំណាក់កាលធ្លាក់ចុះដល់ចំណុចសូន្យ។ ក្រោយថ្ងៃរំដោះ ៧ មករា ១៩៧៩ ស្ថាប័ននេះត្រូវបានស្រោចស្រង់ និងដំណើរការឡើងវិញក្រោមការដឹកនាំរបស់ សម្តេចតេជោ ហ៊ុន សែន។
ឯកឧត្តម វង្សី វិស្សុត បានសង្កត់ធ្ងន់ថា ក្នុងរដ្ឋបាលសាធារណៈទំនើប បណ្ណសារ មិនមែនត្រឹមជាក្រដាសស្នាមចាស់ៗក្នុងឃ្លាំងនោះឡើយ តែជាការចងចាំ របស់ជាតិ និងជាមូលដ្ឋានគ្រឹះដ៏រឹងមាំសម្រាប់ធ្វើការវិភាគ និងសម្រេចចិត្ត។ ការបាត់បង់បណ្ណសារ គឺស្មើនឹងការបាត់បង់ការចងចាំ និងភស្តុតាងប្រវត្តិសាស្ត្រទាំងមូល។
ជាចុងក្រោយ ឯកឧត្តមបានគូសរំលេចថា កម្ពុជាត្រូវពង្រឹងភាពម្ចាស់ការ ពេញលេញលើប្រវត្តិសាស្ត្រ និងបេតិកភណ្ឌរបស់ខ្លួន ដោយមិនត្រឹមតែពឹងផ្អែកលើជំនួយបច្ចេកទេសបរទេសប៉ុណ្ណោះទេ ប៉ុន្តែត្រូវពង្រឹងសមត្ថភាព និងជំនាញផ្ទាល់ខ្លួនក្នុងការស្រាវជ្រាវ ផ្ទៀងផ្ទាត់ និងផ្សព្វផ្សាយវប្បធម៌ជាតិទៅកាន់ពិភពលោក៕






