រាជធានីភ្នំពេញ៖ នាព្រឹកថ្ងៃសៅរ៍ ទី១៤ ខែវិច្ឆិកា ឆ្នាំ២០២៦នេះ ឯកឧត្តមឧបនាយករដ្ឋមន្ត្រី ប្រាក់ សុខុន រដ្ឋមន្ត្រីក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ បានអញ្ជើញជាអធិបតីភាពក្នុងពិធីបើកសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ជាផ្លូវការ នៅសណ្ឋាគារ សុខាភ្នំពេញ ដើម្បីពិនិត្យសម្រេចលើឯកសារគន្លឹះនានា មុននឹងបញ្ជូនទៅកាន់កិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ដែលនឹងប្រព្រឹត្តទៅនៅថ្ងៃទី១៥ និង១៦ ខែវិច្ឆិកា ឆ្នាំ២០២៦។

កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រីលើកទី៤៨ មានរបៀបវារៈសំខាន់ដោយថ្នាក់ដឹកនាំ និងគណៈប្រតិភូទាំងអស់ នឹងធ្វើការត្រួតពិនិត្យឡើងវិញនូវរាល់ឯកសារទាំងឡាយ ដែលបានរៀបចំកសាងឡើង មុននឹងបញ្ជូនទៅឆ្លងកិច្ចប្រជុំកំពូលដើម្បីអនុម័ត។ តាមរយៈសន្និសីទថ្នាក់រដ្ឋមន្ត្រីហ្វ្រង់កូហ្វូនីលើកទី៤៨ ត្រូវបានរំពឹងថា នឹងនាំមកនូវលទ្ធផលសំខាន់ៗមួយចំនួនសម្រាប់ជាមូលដ្ឋានគ្រឹះនៃកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ក្នុងនោះរួមមាន៖
ទី១. ការឯកភាព និងអនុម័តលើរបាយការណ៍វាយតម្លៃលទ្ធផលការងារ របាយការណ៍សវនកម្ម-ហិរញ្ញវត្ថុ និងបទបញ្ជាផ្ទៃក្នុងថ្មីរបស់អង្គការអន្តរជាតិ ដើម្បីពង្រឹងប្រសិទ្ធភាពការងាររបស់ហ្វ្រង់កូហ្វូនី។
ទី២. ការពិនិត្យ និងសម្រេចលើខ្លឹមសារចុងក្រោយនៃសេចក្តីប្រកាសរាជធានីភ្នំពេញ ដែលជាឯកសារយុទ្ធសាស្ត្រសំខាន់បំផុតរបស់កិច្ចប្រជុំកំពូល។
ទី៣. ការឯកភាពលើសេចក្តីសម្រេចរួមគ្នាស្តីពីស្ថានភាពវិបត្តិ ការចេញពីវិបត្តិ និងការកសាងសន្តិភាព ដើម្បីធានាបាននូវស្ថិរភាព និងវិបុលភាពរួមក្នុងសហគមន៍និយាយភាសាបារាំង។
គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ក្នុងចំណោមប្រទេសសមាជិកទាំង ៨៣ មានប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលចំនួន ២២រូប បានបញ្ជាក់ពីការអញ្ជើញចូលរួមរួចហើយ រួមជាមួយស្ថាប័នដៃគូចំនួន ២២ទៀត។ ស្ថាប័នដៃគូទាំងនោះ រួមមាន សាកលវិទ្យាល័យធំៗដែលប្រើប្រាស់ភាសាបារាំង អង្គការយូណេស្កូ (UNESCO) និងអង្គការអន្តរជាតិសំខាន់ៗមួយចំនួនទៀត ដែលអញ្ជើញចូលរួមក្នុងនាមជាអ្នកសង្កេតការណ៍ និងជាភ្ញៀវកិត្តិយស។
សូមបញ្ជាក់ថា បន្ទាប់ពីបញ្ចប់កិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី, ប្រមុខរដ្ឋ និងប្រមុខរដ្ឋាភិបាលមកពីបណ្តាប្រទេសជាសមាជិក នឹងអញ្ជើញចូលរួមកិច្ចប្រជុំកំពូលហ្វ្រង់កូហ្វូនីលើកទី២០ ជាផ្លូវការនៅថ្ងៃទី១៥ និងទី១៦ ខែវិច្ឆិកា នៅរាជធានីភ្នំពេញ។




