ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ បានប្រកាសពីតម្រូវការកម្លាំងពលកម្មក្នុងស្រុកសរុបចំនួន ៩១,៥៤១ កន្លែង នៅទូទាំងរាជធានី-ខេត្តទាំង២៥ គិតត្រឹមថ្ងៃទី១៣ ខែវិច្ឆិកា ឆ្នាំ២០២៦ ដើម្បីផ្តល់ឱកាសការងារជូនបងប្អូនប្រជាពលរដ្ឋទូទៅ ជាពិសេសអតីតពលករដែលវិលត្រឡប់មកប្រទេសកម្ពុជាវិញ។

ក្នុងចំណោមឱកាសការងារសរុបទាំងនេះ រាជធានីភ្នំពេញ និងខេត្តជាប់ព្រំប្រទល់ដែលមានតម្រូវការកម្លាំងពលកម្មច្រើនជាងគេ រួមមាន៖ រាជធានីភ្នំពេញ ចំនួន ២៦,២៧០ កន្លែង, ខេត្តកំពង់ស្ពឺ ១៧,៦០០ កន្លែង, ខេត្តកណ្តាល ១៤,៨៤៩ កន្លែង, ខេត្តតាកែវ ១០,៥៦៩ កន្លែង, ខេត្តស្វាយរៀង ៦,៣២៥ កន្លែង និងខេត្តកំពង់ឆ្នាំង ៥,៧២៣ កន្លែង។
ដោយឡែក នៅតាមបណ្ដាខេត្តផ្សេងទៀតក៏មានតម្រូវការការងារជាច្រើនផងដែរ រួមមាន៖ ខេត្តរតនគិរី ៣,២៣៩ កន្លែង, ក្រចេះ ១,៤១៥ កន្លែង, កំពង់ចាម ១,៤០៤ កន្លែង, បាត់ដំបង ៧០០ កន្លែង, ស្ទឹងត្រែង ៦១២ កន្លែង, កំពង់ធំ ៥៦៦ កន្លែង, ព្រះសីហនុ ៤៩៤ កន្លែង, កោះកុង ៤៧១ កន្លែង, ពោធិ៍សាត់ ២៥៩ កន្លែង, ព្រះវិហារ ២៣១ កន្លែង, កំពត ១៧៤ កន្លែង, មណ្ឌលគិរី ១៥៥ កន្លែង, ត្បូងឃ្មុំ ១២៩ កន្លែង, ឧត្តរមានជ័យ ១០៦ កន្លែង, សៀមរាប ៨៣ កន្លែង, ព្រៃវែង ៦៣ កន្លែង, បន្ទាយមានជ័យ ៤៣ កន្លែង, កែប ៣២ កន្លែង និងខេត្តប៉ៃលិន ២៩ កន្លែង។
សម្រាប់បងប្អូនប្រជាពលរដ្ឋ និងអតីតពលករដែលមានបំណងស្វែងរកការងារធ្វើ ឬត្រូវការព័ត៌មានលម្អិតបន្ថែម អាចទំនាក់ទំនងទៅកាន់លេខទូរសព្ទទាន់ហេតុការណ៍ (Hotline) របស់ក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ តាមរយៈលេខ ១២៩៧ ដើម្បីទទួលបានការសម្របសម្រួល៕

