កម្ពុជា-សិង្ហបុរី បន្ដពង្រឹងទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីឱ្យកាន់តែរឹងមាំ និង ស៊ីជម្រៅ ខណៈលោក Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី សិង្ហបុរី ក៏បានប្ដេជ្ញាចិត្តបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការជាមួយកម្ពុជាឱ្យតែជិតស្និទបន្ថែមទៀតផងដែរ។

ការប្តេជ្ញានេះ បានធ្វើឡើងកាលថ្ងៃទី១៧ ខែវិច្ឆិកា ឆ្នាំ២០២៦ រវាងសម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តី នៃព្រះរាជាណាចក្រកម្ពុជា ជាមួយ លោក Lawrence Wong នាយករដ្ឋមន្រ្តីសិង្ហបុរី ក្នុងឱកាសចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៩ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធ នៅទីក្រុងម៉ានីល នៃសាធារណរដ្ឋហ្វីលីពីន នៅថ្ងៃទី១៦-១៧ ខែវិច្ឆិកា ឆ្នាំ២០២៦។
ក្នុងឱកាសនោះ សម្ដេចធិបតី បានសម្ដែងនូវសុទិដ្ឋិនិយមថា កម្ពុជា-សិង្ហបុរី នឹងស្វែងរកកាលានុវត្តភាពថ្មីៗបន្ថែមទៀត ដើម្បីបន្តពង្រីក និងពង្រឹងកិច្ចសហប្រតិបត្តិការទ្វេភាគី ឱ្យកាន់តែរឹងមាំ និងស៊ីជម្រៅបន្ថែមទៀតលើគ្រប់វិស័យ។
ជាការឆ្លើយតប លោកនាយករដ្ឋមន្ត្រីសិង្ហបុរី បានវាយតម្លៃខ្ពស់ចំពោះទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីដ៏ល្អយូរអង្វែង និងប្រកបដោយផ្លែផ្កា ខណៈលោក ក៏បានប្ដេជ្ញាចិត្តរបស់សិង្ហបុរីក្នុងការបន្តជំរុញសន្ទុះនៃទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការដ៏ជិតស្និទ្ធនេះឱ្យកាន់តែរឹងមាំនិងស៊ីជម្រៅបន្ថែមទៀត។
សូមជម្រាបដែរថា តាមរយៈជំនួបខាងលើ សម្ដេចធិបតី និងលោកនាយករដ្ឋមន្ត្រីសិង្ហបុរី ក៏ឯកភាពបន្តពង្រឹងបន្ថែមនូវកិច្ចសហប្រតិបត្តិការដែលមានស្រាប់ និងពង្រីកកិច្ចសហប្រតិបត្តិការក្នុងវិស័យសក្កានុពលថ្មីៗបន្ថែមទៀត រួមមាន៖ សេដ្ឋកិច្ច និងការវិនិយោគ, ការបណ្ដុះបណ្ដាលធនធានមនុស្ស, សន្ដិសុខ និងការពារជាតិ ព្រមទាំងកិច្ចសហប្រតិបត្តិការក្នុងវិស័យបច្ចេកវិទ្យាបញ្ញាសិប្បនិម្មិត, សន្តិសុខសាយប័រ, ការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន, និងការឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា ដែលនឹងរួមចំណែកដល់ការធានានូវសន្តិសុខ និងស្ថិរភាពក្នុងតំបន់ និងសកលលោក។ ជាមួយគ្នានេះ, ថ្នាក់ដឹកនាំទាំងពីរក៏បានបន្តពិភាក្សា និងផ្លាប្ដូរយោបល់គ្នាផងដែរ លើស្ថានការណ៍ក្នុងតំបន់ និងពិភពលោក ដែលកំពុងផ្លាស់ប្ដូរ និងប្រែប្រួលឥតឈប់ឈរ៕ អត្ថបទ៖ហ្សាលីន


