ឯកអគ្គរដ្ឋទូតអាម៉េរិក ប្តេជ្ញាពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការវិនិយោគជាមួយកម្ពុជាបន្ថែមទៀត

សង្គម​ និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូតអាម៉េរិកប្រចាំកម្ពុជា បានបង្ហាញការប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ឱ្យកាន់តែរឹងមាំ ជាពិសេសជំរុញការវិនិយោគិនពីអាម៉េរិកមកកាន់កម្ពុជាថែមទៀត។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការប្តេជ្ញានេះ បានធ្វើឡើងនាថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៦ ក្នុងជំនួបរវាងឯកឧត្តម ស៊ុន ចាន់ថុល ឧបនាយករដ្ឋមន្ត្រី អនុប្រធានទី១ ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា (ក.អ.ក.) ជាមួយលោក Christopher Anderson ឯកអគ្គរដ្ឋទូតអាម៉េរិក ប្រចាំកម្ពុជា ដែលទើបទទួលបានការតែងតាំងថ្មី ចូលជួបសម្តែងការគួរសម និងពិភាក្សាការងារ។

ឯកឧត្តមក៏បានប្តេជ្ញាចិត្តខ្ពស់ក្នុងការពង្រឹង និងពង្រីកកិច្ចសហប្រតិបត្តិការទ្វេភាគីរវាងសហរដ្ឋអាម៉េរិក និងកម្ពុជា ឱ្យកាន់តែរឹងមាំថែមទៀត ជាពិសេសការជំរុញវិនិយោគិនពីអាម៉េរិកឱ្យមកស្វែងយល់ពីសក្តានុពល និងបណ្តាក់ទុនវិនិយោគនៅកម្ពុជាកាន់តែច្រើនឡើង។

ខណៈដែលកម្ពុជាគឺជាប្រទេសទី១ ដែលបានចុះកិច្ចព្រមព្រៀងពាណិជ្ជកម្មបដិការ (ART) ជាមួយសហរដ្ឋអាម៉េរិក លោកឧបនាយករដ្ឋមន្ត្រី ស៊ុន ចាន់ថុល ក៏បានរំលេចពីកំណើនគួរឱ្យកត់សម្គាល់នូវទំហំពាណិជ្ជកម្មរវាងប្រទេសទាំងពីរ សម្រាប់រយៈពេល១០ខែ ឆ្នាំ២០២៦ នេះ។ ឯកឧត្តម ក៏ប្តេជ្ញាចិត្តយ៉ាងមុតមាំរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការបោសសម្អាតនិងលុបបំបាត់បទល្មើសឆបោកតាមប្រព័ន្ធបច្ចេកវិទ្យា (Online Scams) ដើម្បីលើកកម្ពស់កិត្យានុភាពជាតិ និងការបន្តដោះស្រាយបញ្ហាព្រំដែនដោយសន្តិវិធី តាមរយៈគណៈកម្មការចម្រុះខណ្ឌសីមា និងបោះបង្គោលព្រំដែនគោក (JBC)។

តាមរយៈជំនួបនាព្រឹកនេះ ភាគីទាំងពីរបានផ្លាស់ប្តូរយោបល់លើការងារអាទិភាពមួយចំនួន ដោយផ្តោតលើសារៈសំខាន់នៃវិស័យថាមពល និងការអភិវឌ្ឍន៍ហេដ្ឋារចនាសម្ព័ន្ធសម្រាប់កំណើនសេដ្ឋកិច្ចនាពេលអនាគត សំដៅជំរុញកំណើនពាណិជ្ជកម្មទ្វេភាគី បង្កើតឱកាសវិនិយោគថ្មីៗ និងនាំមកនូវផលប្រយោជន៍រួមជូនប្រជាជាតិ និងប្រជាជននៃប្រទេសទាំងពីរ៕ អត្ថបទ៖ហ្សាលីន