ថ្លែងក្នុងទិវាមច្ឆាជាតិ ១ កក្កដា ឆ្នាំ២០២៥ ក្រោមអធិបតី សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីកម្ពុជា លោក ឌិត ទីណា រដ្ឋមន្ត្រីក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថា ក្នុងឆ្នាំ២០២៤ ផលវារីវប្បកម្មកម្ពុជាសម្រេចបានចំនួន ៣២ម៉ឺនតោន កើនឡើងជាវិជ្ជមានក្នុងរង្វង់២% បើធៀបនឹងឆ្នាំ២០២៣។

លោករដ្ឋមន្រ្តីបានបន្តថា កម្ពុជា បាននាំចេញផលិតផលជលផល ទាំងស្រស់ និងកែច្នៃជាង ៣ ៨០០តោន។ ជាមួយគ្នានេះ កម្ពុជាសម្រេចបានផលនេសាទទឹកសាបជិត ៤៧ម៉ឺនតោន កើនឡើង៩,៥% ធៀបនឹងឆ្នាំ២០២៣ ដែលនេះបញ្ជាក់ឱ្យឃើញពីប្រសិទ្ធភាពនៃការងារគ្រប់គ្រង និងអភរិក្សរបស់រដ្ឋបាលជលផល ដោយមានការចូលរួមគាំទ្រយ៉ាងសកម្មពីក្រសួង-ស្ថាប័នថ្នាក់ជាតិ និងក្រោមជាតិ ជាពិសេសអាជ្ញាធរមូលដ្ឋាន ក្នុងការចូលរួមទប់ស្កាត់ និងបង្ក្រាបបទល្មើសនេសាទ ដែលមានលក្ខណៈបំផ្លិចបំផ្លាញធ្ងន់ធ្ងរ។

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្ដី ក៏បានថ្លែងបញ្ជាក់ថា កំណើនផលត្រីនៅកម្ពុជា បានបញ្ជាក់យ៉ាងច្បាស់ថា វិស័យកសិកម្មកម្ពុជាមានភាពធន់ទៅនឹងការប្រែប្រួលអាកាសធាតុ ខណៈសម្ដេចចូលរួមអបអរសាទរចំពោះសេចក្ដីព្រាងច្បាប់ ស្ដីពីជលផលត្រូវបានយល់ព្រមពីគណៈរដ្ឋមន្រ្ដី និងអនុម័តពីរដ្ឋសភានាពេលកន្លងទៅផងដែរ។
សូមបញ្ជាក់ដែរថា សេចក្តីព្រាងច្បាប់ស្តីពី ជលផល រួមមាន១៥ជំពូក ១០៤មាត្រា និងមាន២ឧបសម្ព័ន្ធ។រាជរដ្ឋាភិបាលកម្ពុជាជឿជាក់ថា ច្បាប់នេះនឹងក្លាយជាឧបករណ៍គតិយុត្តមានលក្ខណៈពេញលេញនិងគ្រប់ជ្រុងជ្រោយ ដោយផ្តល់នូវអត្ថប្រយោជន៍ជាច្រើន រួមមាន១-)គ្រប់គ្រង ការពារ អភិរក្ស និងអភិវឌ្ឍធនធានជលផលឱ្យមាននិរន្តរភាព។ ២)-ការពារផលប្រយោជន៍ប្រជានេសាទ សហគមន៍នេសាទ វារីវប្បករ និងអាជីវករដែលធ្វើអាជីវកម្ម ផល ផលិតផលជលផល។ ៣)-គាំទ្រការអនុវត្តផែនការយុទ្ធសាស្ត្រវិស័យជលផល ស្របតាមគោលនយោបាយរបស់រាជរដ្ឋាភិបាល ដើម្បីចូលរួមចំណែកដល់កំណើនសេដ្ឋកិច្ច ជួយកាត់បន្ថយភាពក្រីក្រ និងលើកកម្ពស់ជីវភាពប្រជាពលរដ្ឋនិង៤)-បំពេញនូវលក្ខខណ្ឌតម្រូវនិងស្តង់ដា ឱ្យមានសង្គតិភាពទៅនឹងលិខិតុបករណ៍អន្តរជាតិ ដើម្បីឆ្លើយតបទៅនឹងបរិបទថ្មីៗ ក្នុងការធ្វើសកលភាវូបនីយកម្មនិងសមាហរណកម្មទៅថ្នាក់តំបន់និង អន្តរជាតិ៕


