សម្ដេចធិបតី ហ៊ុន ម៉ាណែត កោតសរសើរអ្នកឧកញ៉ា គិត ម៉េង ដែលបានខិតខំទាក់ទាញអ្នកវិនិយោគមកកាន់កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី បានកោតសរសើរអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា ដែលបានខិតខំប្រឹងប្រែង នៅក្នុងការទាក់ទាញអ្នកវិនិយោគបរទេស មកកាន់កម្ពុជា នៅក្នុងឱកាសអមដំណើរសម្ដេចធិបតី អញ្ជើញចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនៅទីក្រុងហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីពេលថ្មីៗនេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយកម្មករកម្មការិនីប្រមាណ ២ម៉ឺននាក់ នៅស្រុកសំរោងទង ខេត្តកំពង់ស្ពឺ នៅព្រឹកថ្ងៃទី៩ ខែកញ្ញានេះ សម្ដេចធិបតី ហ៊ុន ម៉ាណែត មានប្រសាសន៍ថា៖ «ខ្ញុំសូមវាយតម្លៃខ្ពស់ និងថ្លែងការកោតសរសើរ ចំពោះក្រុមការងារ ដែលបានបំពេញការងារនៅទីនោះ (ទីក្រុងហ្សាការតា) អរគុណអ្នកឧកញ៉ា គិត ម៉េង ចំពោះការងារទំនាក់ទំនងសេដ្ឋកិច្ចនិងពាណិជ្ជកម្ម (ទាក់ម៉ូយ) ដើម្បីទាក់ទាញបរទេសមកកាន់កម្ពុជា»។

ក្នុងឋានៈជាប្រធានក្រុមប្រឹក្សាពិគ្រោះយោបល់ធុរកិច្ចអាស៊ានអ្នកឧកញ៉ា គិត ម៉េង ប្រធានសភាពាណិជ្ជកម្មកម្ពុជា បានដឹកនាំគណៈប្រតិភូអមដំណើរសម្ដេចធិបតី ហ៊ុន ម៉ាណែត ចូលរួមកិច្ចប្រជុំកំពូលអាស៊ាន លើកទី៤៣ និងកិច្ចប្រជុំកំពូលពាក់ព័ន្ធនានា នៅរដ្ឋធានីហ្សាការតា ប្រទេសឥណ្ឌូនេស៊ី កាលពីថ្ងៃទី៤ ដល់ថ្ងៃទី៧ ខែកញ្ញា ឆ្នាំ២០២៣ ដើម្បីផ្សព្វផ្សាយពីសក្តានុពលវិនិយោគរបស់កម្ពុជា ក្នុងន័យទាក់ទាញអ្នកវិនិយោគបរទេសបន្ថែមទៀត មកកម្ពុជា។

អ្នកឧកញ៉ា គិត ម៉េង ជាអ្នកជំនួញវ័យក្មេងល្បីល្បាញទាំងក្នុងស្រុក និងនៅលើឆាកអន្តរជាតិ។ អ្នកឧកញ៉ាមានកិត្តិនាមល្បីរន្ទឺលើឆាកអន្តរជាតិ ហើយក៏ជាពាណិជ្ជករដ៏មានឥទ្ធិពលខ្លាំងរឹងមាំនៅប្រទេសកម្ពុជា ដែលកំពុងក្តោបក្តាប់អាណាចក្រជំនួញប្រាក់ពាន់លានដុល្លារជាច្រើននៅក្នុងដៃ។

អ្នកឧកញ៉ាជាមន្ត្រីជាន់ខ្ពស់រាជរដ្ឋាភិបាល ទទួលបន្ទុកជាប្រធានសភាពាណិជ្ជកម្មកម្ពុជា នៃក្រសួងពាណិជ្ជកម្ម ដែលមានតួនាទី និងបេសកកម្មគៀងគរប្រមែប្រមូលវិនិយោគិនអន្តរជាតិមកបណ្តាក់ទុនរកស៊ីនៅតំបន់អាស៊ាន ពិសេសនោះប្រទេសកម្ពុជា។ ជានិច្ចកាល អ្នកឧកញ៉ា និងថ្នាក់ដឹកនាំសភាពាណិជ្ជកម្មកម្ពុជា តែងតែមានវត្តមានអមដំណើរសម្តេចតេជោនាយករដ្ឋមន្ត្រី ហ៊ុន សែន និងគណៈប្រតិភូជាន់ខ្ពស់រាជរដ្ឋាភិបាលកម្ពុជា ទៅបំពេញបេសកកម្មការទូតនៅក្រៅប្រទេស។ 

សម្រាប់កិច្ចការងារក្នុងមុខដំណែងជាប្រធានសភាពាណិជ្ជកម្មកម្ពុជា អ្នកឧកញ៉ា គិត ម៉េង ក៏បានដើរតួនាទីយ៉ាងសំខាន់ជាអ្នកសម្របសម្រួលបញ្ហាការវិនិយោគ និងសំណូមពរផ្សេងៗពីវិស័យឯកជន ពាំនាំស្នើសុំដាក់ជូនរាជរដ្ឋាភិបាលកម្ពុជា ដើម្បីដោះស្រាយបញ្ហាប្រឈមនានា។

លើសពីនេះទៅទៀត អ្នកឧកញ៉ា គិត ម៉េង ក៏ជាពាណិជ្ជករម្នាក់ស្ថិតនៅក្នុងក្រអៅបេះដូង និងភាពជាគំរូសម្រាប់សហគ្រិនជំនាន់ក្រោយទុកជាទុនគំនិត ក្នុងការចាប់ផ្តើមអាជីវកម្មឱ្យទទួលបានជោគជ័យ ហើយរឹងមាំយូរឆ្នាំ។ ភាពជាគំរូត្រង់ន័យនេះ ចង់សំដៅឱ្យអ្នកជំនាន់ក្រោយ ត្រូវសិក្សា ពិនិត្យមើលលើទេពកោសល្យ តម្រូវការ និងបរិយាកាសសង្គម ហើយធ្វើការសិក្សាជ្រាលជ្រៅលើចំណង់ចំណូលចិត្តមុនចាប់ផ្តើមធ្វើការវិនិយោគ ខណៈដែលប្រទេសកម្ពុជាស្ទើរគ្រប់វិស័យមានការរីកចម្រើន និងអភិវឌ្ឍយ៉ាងឆាប់រហ័សនៅនាប៉ុន្មានទស្សវត្សរ៍ចុងក្រោយនេះ៕