គិតមកដល់ថ្ងៃទី២៨ធ្នូ កូដកម្មរបស់ក្រុមកម្មករក្រុមហ៊ុន ណាហ្គាវើលដ៍ បានអូសបន្លាយចំនួន១១ថ្ងៃ ដោយគ្មានដំណោះស្រាយ

សង្គម​និង​សេដ្ឋកិច្ច

វិវាទការងារនៅក្រុមហ៊ុនល្បែង ណាហ្គាលវើលដ៍ គិតមកដល់ពេលនេះមានទាន់រកច្រកចេញឃើញនៅឡើយទេ ខណៈដែលកម្មករនិយោជិតជាច្រើនរយនាក់កំពុងបន្តធ្វើកូដកម្មជិតពីរសប្តាហ៍មកហើយ ដោយគ្មានដំណោះស្រាយ។ ក្រសួងការងារបណ្តុះបណ្តាល និងវិជ្ជាជីវៈ នៅថ្ងៃចន្ទ ទី២៧ ខែធ្នូម្សិលមិញ បានបន្តជួបសម្របសម្រួលដោះស្រាយវិវាទការងារនៅក្រុមហ៊ុន ណាហ្គាវើលដ៍ ចំនួន ៥លើករួចមកហើយ ដោយមានការចូលរួមដំណាងក្រុមហ៊ុន និងលោកស្រី ឈឹម ស៊ីថរ និងមេធាវីដំណាងអតីតកម្មករនិយោជិតទាំង ៣៥៧នាក់ ដែលមិនទាន់ឯកភាពក្នុងការទទួលយកការទូទាត់ប្រាក់បំណាច់បញ្ចប់កិច្ចសន្យាការងារ។

ក្រសួងការងារ បានឲ្យដឹងថា ភាគីទាំងពីរនៅតែមិនទាន់ព្រមព្រៀងក្នុងការបញ្ចប់វិវាទ ដោយកម្មករនិយោជិតដែលនៅសេសល់ពីការព្រមទទួលយកសំណងទូទាត់បញ្ចប់កិច្ចសន្យាតាមច្បាប់ នៅតែបន្តទាមទារឲ្យក្រុមហ៊ុនទទួលយកចូលធ្វើការវិញ ចំណែក ក្រុមហ៊ុន ណាហ្គាវើលដ៍នៅតែរក្សាជំហរមិនទទួលយកចូលធ្វើវិញនោះទេ ដោយឯកភាពទូទាត់សំណងត្រឹមត្រូវតាមផ្លូវច្បាប់នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅចំពោះមុខវិវាទមួយនេះ កញ្ញាឈឹម ស៊ីថរ បានបញ្ជាក់ថា ក្នុងចំណោមកម្មករចំនួន៣៦៥នាក់ ដែលបានធ្វើកូដកម្មនោះ មានតែប្រមាណ២៧០នាក់ប៉ុណ្ណោះ ដែលទាមទារចូលបំពេញការងារជាធម្មតាវិញ ខណៈដែលកម្មករជាង១០០នាក់ទៀតនោះ ស្ម័គ្រទទួលយកការបញ្ឈប់ ប្រសិនបើភាគីនិយោជកទូទាត់ប្រាក់សំណងបានត្រឹមត្រូវ។ លើសពីនេះទៀត កញ្ញា ក៏មាននូវកម្មករកំពុងបំពេញការងារដែលចង់ឈប់ ក្នុងលក្ខខណ្ឌភាគីនិយោជកយល់ព្រមផ្តល់សំណងឲ្យពួកគេត្រឹមត្រូវ។

តែទោះជាយ៉ាងណា ក្រសួងការងារ បានអះអាងថា ដើម្បីចូលរួមថែរក្សាផលប្រយោជន៍ស្របច្បាប់របស់អតីតកម្មករនិយោជិត និងក្រុមហ៊ុនដែលមានកំពុងមានវិវាទ ក្រសួងនឹងបន្តព្យាយាមធ្វើការសម្របសម្រួលដោះស្រាយរកណីវិវាទនេះទៅតាមនីតិវិធីត្រឹមត្រូវនៃច្បាប់៕