កម្ពុជា ស្នើសុំទីម័រខាងកើតជួយទិញអង្ករ និងនាំអ្នកវិនិយោគិនឲ្យមករកស៊ីក្នុងវិស័យកសិកម្ម

សង្គម​និង​សេដ្ឋកិច្ច

ដោយមើលឃើញពីទំហំពាណិជ្ជកម្មនៅមានកម្រិតទាបរវាងប្រទេសទាំងពីរ កម្ពុជា ស្នើឲ្យទីម័របញ្ជាទិញអង្ករពីកម្ពុជា ដើម្បីឱ្យមានទំហំកាន់តែធំជាងមុន។ ថ្លែងក្នុងជំនួបពិភាក្សាការងារនាព្រឹកថ្ងៃសុក្រនេះ ជាមួយលោកស្រី Adaljiza Albertina Xavier Reis Magno រដ្ឋមន្ត្រីការបរទេស និងសហប្រតិបត្តិការ នៃប្រទេសទីម័រខាងកើត សម្តេច ហ៊ុន សែន នាយករដ្ឋមន្រ្តីកម្ពុជា បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិនិត្យចាប់ផ្ដើមលើកិច្ចសហប្រតិបត្តិការរវាងប្រទេសទាំងពីរ គឺការចាប់ផ្តើមលើវិស័យសេដ្ឋកិច្ច ក្នុងការចាប់បញ្ជាទិញអង្ករពីកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព
May be an image of 4 people, people standing, indoor and text that says 'SPM'

ការបញ្ជាទិញអង្ករពីកម្ពុជានេះ សម្តេចគូសបញ្ជាក់ថា អ្នកវិនិយោគរបស់ទីម័រខាងកើតអាចមកវិនិយោគទាំងខាងម៉ាស៊ីនស្រូវទាំងខាងឃ្លាំងស្តុកស្រូវ និងទាំងហេដ្ឋារចនាសម្ព័ន្ធសម្រាប់នាំចេញដើម្បីជាស្ថិរភាពសម្រាប់ការផ្គត់ផ្គង់អង្ករទៅកាន់ប្រទេសទីម័រខាងកើត។

ជាមួយគ្នានេះ សម្ដេចនាយករដ្ឋមន្ត្រី ក៏បានស្នើសុំឲ្យប្រទេសទីម័រខាងកើត ពិចារណាលើការផ្ដួចផ្ដើមឲ្យមានកិច្ចសហប្រតិបត្តិជាពិសេសពិនិត្យឲ្យមានកិច្ចសន្យានិងកិច្ចព្រមព្រៀងគាំពារវិនិយោគរវាងប្រទេសទាំងពីរ កិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីរបស់ប្រទេសទាំងពីរ និងកិច្ចព្រមព្រៀងមិនយកពន្ធត្រួតគ្នារវាងប្រទេសទាំងពីរផងដែរ។

ទំហំពាណិជ្ជកម្មទ្វេភាគី រវាងកម្ពុជា-ទីម័រខាងកើត នៅមានកម្រិតទាបនៅឡើយ ខណៈទំហំពាណិជ្ជកម្មកាលពីឆ្នាំកន្លងទៅមានប្រមាណចំនួនជាង ៣០ម៉ឺនដុល្លារក្នុងមួយឆ្នាំ។

កាលពីឆ្នាំកន្លងទៅ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម លោក ប៉ាន សូរស័ក្ដិ បានស្នើឱ្យប្រទេសទីម័រខាងកើតពិនិត្យលទ្ធភាពចំពោះការទិញអង្ករពីកម្ពុជា ខណៈកម្ពុជាបានត្រៀមអង្ករចំនួន ៣ម៉ឺនតោននាំចេញទៅប្រទេសនេះនាពេលខាងមុខ។

បន្ថែមើលើនេះ លោក ប៉ាន សូរស័ក្ដិ ក៏បានស្នើសុំឲ្យពន្លឿនការអនុវត្តអនុស្សរណៈ ដែលប្រទេសទាំងពីរបានចុះហត្ថលេខារួចហើយ និងស្វាគមន៍វិស័យឯកជននៃប្រទេសទីម័រខាងកើត ដែលចង់បើករោងចក្រកិនស្រូវនៅកម្ពុជាដើម្បីនាំអង្ករចេញទៅប្រទេសនេះ។

សូមជម្រាបថា វិស័យកសិកម្ម ត្រូវបានប្រមុខរដ្ឋាភិបាលកម្ពុជាចាត់ទុកថា​ ជាវិស័យអាទិភាពដែលបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការរក្សាលំនឹងកំណើនសេដ្ឋកិច្ចកម្ពុជា។ ជាក់ស្តែង ក្នុងអំឡុងវិបត្តិជំងឺកូវីដ១៩ ការចេញលើវិស័យមួយនេះ ហាក់មិនមានឃើញសញ្ញាណាមួយថមថយនោះទេ៕