អូស្រ្តាលី​ស្រាវជ្រាវ​រក​ឃើញ​ដំណាំ ០៩ មុខ កំពុង​មានទីផ្សារ​ខ្ពស់​នៅ​កម្ពុជា លក់​បាន​ទាំង​ស្រុក នាំ​ចេញក៏​បានតម្លៃ​ថ្លៃ

សង្គម​និង​សេដ្ឋកិច្ច

ការស្រាវជ្រាវ​មួយ​ ដែល​មាន​ការ​គាំទ្រ​ពី​​រដ្ឋាភិបាលអូស្រ្តាលី បានបង្ហាញអំពីផលិតផលកសិកម្មដែលមានតម្លៃខ្ពស់ចំនួន ០៩មុខ ដើម្បី​បង្ហាញ​ផ្លូវ​ដល់​កសិករ​អាច​ចាប់យក​ឱកាស​ទីផ្សារដែលមានសក្តានុពលក្នុងតំបន់ និងក្នុងពិភពលោក។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាម​លទ្ធផលនៃការសិក្សាស្រាវជ្រាវស្តីពី​ “ទីផ្សារសម្រាប់ផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា” បានបង្ហាញអំពីផលិតផលកសិកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា ចំនួន ០៩មុខ រួមមាន ផ្លែស្វាយ មៀន ស្វាយចន្ទី ម្ទេស ដំឡូងជ្វា​ ផ្លែបឺរ ល្ងរ ស្ករត្នោត និងចេកក្រៀម។

ការស្រាវជ្រាវ​នេះក្នុងគោលបំណងសម្រាប់ផ្សព្វផ្សាយដល់សាធារណៈជន កសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធនឹងផលិតផលកសិកម្ម ដើម្បីជាព័ត៌មានក្នុងការសម្រេចចិត្តលើការវិនិយោគ ការ​ដាំដុះដើម្បី​ទទួលបាន​ទិន្នផលនិង​មា​ន​តម្លៃលក់​លើ​ទីផ្សារ។

ឯកឧត្តម ប៉ាន សូរស័ក្តិ រដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម ជួប​ប្រជុំជាមួយ​ឯកឧត្តម Pablo Kang ឯកអគ្គរដ្ឋទូតនៃប្រទេសអូស្ត្រាលីប្រចាំព្រះរាជាណាចក្រកម្ពុជាតាមរយៈប្រព័ន្ធវីដេអូ​ពី​ចម្ងាយបាន​ថ្លែងថា តាមរយៈ​របាយការណ៍ស្រាវជ្រាវ​នេះ អាច​នឹង​ចូលរួម​លើកកម្ពស់ផលិតកម្មដែលមានតម្លៃខ្ពស់របស់កម្ពុជា ហើយ​កសិករ អ្នកកែច្នៃ និងភាគីពាក់ព័ន្ធ អាច​ចាប់យក​ទីផ្សារលើ​ការ​ដាំដុះ​ដំណាំ​ដែលមាន​សក្តានុពលក្នុងតំបន់ និងក្នុងពិភពលោក ជាពិសេស​នៅ​ទីផ្សារនៅក្នុងប្រទេសអូស្ត្រាលី ណូវែលហ្សេឡង់ អឺរ៉ុប ចិន អាស៊ាន និងបណ្ដាទីផ្សារសក្តានុពល ដែលមានតម្រូវការទីផ្សារខ្ពស់៕