ធនាគារពិភពលោក៖ មានភាពចាំបាច់ ៣យ៉ាងកម្ពុជាត្រូវធ្វើបរិវត្តន៍ដើម្បីពង្រឹងដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច

សង្គម​និង​សេដ្ឋកិច្ច

ការធ្លាក់ចុះកំណើនសេដ្ឋកិច្ចរបស់កម្ពុជា ក្នុងពេលរាតត្បាតជំងឺកូវីដ-១៩ យ៉ាងគំហុកនេះ​ គឺ​ដោយសារតែសេដ្ឋកិច្ច​ពឹងផ្អែកលើ​ផលិតផល ទីផ្សារ និង​កត្តាធាតុចូល​ដែល​មាន​មូលដ្ឋានតូចចង្អៀតពេក។ នេះបើតាមធនាគារ​ពិភពលោក​ នៅថ្ងៃចន្ទ​ ទី៣១​ មករា​ បាន​ចេញផ្សាយ​នូវ​របាយការណ៍​ជំនួយស្មារតី​អំពីស្ថានភាព​សេដ្ឋកិច្ច​នៅកម្ពុជា​ នៅអំឡុង​ពេល​នៃការរាត​ត្បាត​ជំងឺកូវីដ១៩។​

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

របាយការណ៍​របស់​ធនាគារ​ពិភពលោក ​បានបង្ហាញថា  ក្នុងប៉ុន្មានឆ្នាំថ្មីៗនេះ ផលិតផលចំនួន ៥មុខ មានទំហំ ​៨០% នៃទំហំនាំចេញសរុបរបស់កម្ពុជា ហើយទីផ្សារ​ធំ​ចំនួន ២ ប៉ុណ្ណោះ ដែលស្រូបយកបាន ​៦៩% នៃបរិមាណទំនិញនាំចេញ​ទាំងនោះ ហើយ​ទុនពីបរទេស​មាន​ទំហំ ៧២% នៃ​ទុនវិនិយោគសរុបក្នុង​ឆ្នាំ​២០១៨។ 

ធនាគារពិភពលោក បានគូសបញ្ជាក់ថា ការធ្វើពិពិធកម្មសេដ្ឋកិច្ច​ជួបបញ្ហា​នៅត្រង់ថា​ ផលិតភាពមានកម្រិតទាបហើយ​កាន់​តែធ្លាក់ចុះថែមទៀត ការតភ្ជាប់បណ្តាញក្នុងការនាំចេញមានគុណភាពទាប​ហើយ​ខ្សោយ ឯការវិនិយោគផ្ទាល់ពីបរទេសមានកម្រិតខ្ពស់ (FDI) នៅពេលដែលការវិនិយោគក្នុងស្រុកមានកម្រិតទាប។

ជាមួយគ្នានេះ បញ្ហាកង្វះសមត្ថភាព​របស់​កម្ពុជា​ក្នុង​ការ​ពង្រីក​ផលិតផលក្នុងសេដ្ឋកិច្ច តាមរយៈ​ផលិតភាពទាបនៃកម្លាំងពលកម្ម ឬ​អាចនិយាយបានថា ទិន្នផល​ក្នុងពលករម្នាក់នៅយឺតជាងគេក្នុងចំណោមប្រទេសលើពិភពលោកដែលមានកម្រិតអភិវឌ្ឍន៍ប្រហាក់ប្រហែលគ្នានឹងកម្ពុជានាពេលបច្ចុប្បន្ន។ ហើយសមត្ថភាពប្រកួតប្រជែងនៅទាប រីឯការធ្វើសមាហរណកម្មទៅក្នុងខ្សែច្រវាក់តម្លៃសាកល (GVCs) ក៏នៅមានកម្រិត ធ្វើ​ឱ្យ​លទ្ធភាពទីផ្សារ​និង​ការធ្វើពាណិជ្ជកម្ម​មិនអាចសាយភាព​បាន​ទូលំទូលាយ។ 

បើតាមធនាគារពិភពលោក ឧបសគ្គ​ដល់​ការ​ធ្វើ​ពិពិធកម្ម និង​បង្កើន​ពាណិជ្ជកម្ម​របស់​កម្ពុជា​គឺ​មកពីគុណភាព​ការវិនិយោគផ្ទាល់ពីបរទេស សមត្ថភាពទាប​របស់​ក្រុមហ៊ុន​និង​ពលករ បទប្បញ្ញត្តិដែលនាំឱ្យមានការចំណាយខ្ពស់ក្នុងការធ្វើពាណិជ្ជកម្ម (ជាពិសេស​ប៉ះពាល់លើផលិតផលកសិកម្ម)។ ខណៈដែលហេដ្ឋារចនាសម្ព័ន្ធមិនគ្រប់គ្រាន់សម្រាប់​ការ​ធ្វើ​ពាណិជ្ជកម្ម និងអ្នក​នាំចេញ​មិនទាន់មាន​​បទពិសោធន៍ច្រើន​ក្នុង​ការ​អនុវត្ត​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជកម្មតំបន់សម្រាប់ជួយដល់ការពង្រីកទីផ្សារ​សម្រាប់​ការ​នាំចេញ។

បន្ថែមទៀតនោះ  អត្រាសន្សំប្រាក់ក្នុង​ស្រុក​នៅទាប ហើយតាមរយៈនេះ​ការវិនិយោគក្នុងស្រុកក៏មានកម្រិតទាប ធ្វើ​ឱ្យ​កម្ពុជា​ត្រូវ​ពឹងផ្អែកខ្លាំង​ទៅលើ​ធន​ធាន​ហិរញ្ញវត្ថុ​នៅ​ក្រៅ​ប្រទេស។

សមាគមរោងចក្រ ស្នើសុំម្ចាស់អគារបញ្ចុះតម្លៃឈ្នួលពី៣ទៅ៦ខែ  ដើម្បីជួយសម្រួលដល់ការចំណាយរបស់រោងចក្រ - Khmer Breaking News

យ៉ាងណា ធនាគារពិភពលោក បានបង្ហាញថា មានភាពចាំបាច់បីយ៉ាងដែលកម្ពុជា ត្រូវ​ធ្វើ​បរិវត្តន៍​ទើបអាច​ពង្រឹង​ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច និង​ជួយ​ប្រទេស​ឱ្យ​វិល​ទៅ​រក​គន្លង​ផ្លូវ​មានកំណើនសេដ្ឋកិច្ច​​ទៀងទាត់ឡើងវិញ។ ទីមួយ ភាពចាំបាច់ត្រូវផ្តោតការយកចិត្តទុកដាក់លើ​ក្រុមហ៊ុនអាជីវកម្ម និង​ពលករ គឺ​ជាគន្លឹះនាំទៅបង្កើន​ផលិតភាព។ ទីពីរ ការធ្វើពិពិធកម្ម​នៃការនាំចេញអាច​បន្តជំរុញកំណើន​នៅ​ក្នុង​ដំណើរស្តារសេដ្ឋកិច្ច​ពី​ការ​រាតត្បាតជំងឺ​កូវីដ​-១៩។ ទីបី ការប្រើប្រាស់​ការ​វិនិយោគក្នុងស្រុក​អាច​ជួយ​ផ្គត់ផ្គង់ហិរញ្ញវត្ថុ​ដល់​ការ​ជំរុញកំណើន​នៅដំណាក់​កាលខាងមុខ។

ធនាគារពិភពលោកបានបញ្ជាក់ថា កម្ពុជា ចាំបាច់​ត្រូវ​ធ្វើ​សកម្ម​ភាព​ជាបន្ទាន់​ដើម្បីជួយ​ដំណើរងើបឡើងវិញនៃសេដ្ឋកិច្ច​របស់ខ្លួន​ពី​វិបត្តិនៃជំងឺកូវីដ-១៩ តាមរបៀបមួយដែល​ឆ្លើយតបទៅនឹង​បញ្ហា​ធ្វើ​ពិពិធកម្ម ដើម្បី​ការ​កសាងសេដ្ឋកិច្ច​ឡើងវិញ​កាន់​តែមានភាពរឹងមាំជាង​មុន។ របៀបវារៈដែលកម្ពុជា ត្រូវផ្តោតគឺកែលម្អសមត្ថភាពឱ្យ​ប្រសើរឡើង ការ​ពង្រឹងបទប្បញ្ញត្តិ និង​ការវិនិយោគលើហេដ្ឋារចនាសម្ព័ន្ធ។

សូមជម្រាបថា ជំនួយស្មារតីស្តីពីស្ថានភាពសេដ្ឋកិច្ចនៅកម្ពុជា (CEM) គឺជារបាយការណ៍មួយ​ដែលធនាគារពិភពលោក​បាន​ធ្វើ​ឡើង​តាម​រយៈ​ការ​ពិគ្រោះយោបល់ជាមួយ​តួអង្គពាក់ព័ន្ធ​នានា។ របាយការណ៍នេះ​បាន​ពិនិត្យមើលឡើងវិញនូវ​គំរូកំណើនសេដ្ឋកិច្ច​របស់​កម្ពុជាកន្លងមក​ ក្នុង​គោលបំណងកំណត់អត្តសញ្ញាណ​ឧបសគ្គ​ និង កាលានុវត្តភាព​នានា​សម្រាប់ការ​រក្សា​កំណើន និង លើកឡើងនូវ​ជម្រើសអនុសាសន៍​សម្រាប់​ឆ្លើយតបទៅថ្ងៃមុខ៕