សេចក្តីព្រាងច្បាប់ដែលគណៈរដ្ឋមន្រ្តីលើកមកពិភាក្សានេះ ដើម្បីគាំទ្រ និងការពារផលប្រយោជន៍របស់កសិករ

សង្គម​និង​សេដ្ឋកិច្ច

រាជរដ្ឋាភិបាលកម្ពុជា នៅព្រឹកថ្ងៃសុក្រ ទី០៤ កុម្ភៈនេះ បានចាប់ផ្តើមពិភាក្សាលើសេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” ក្រោមវត្តមានសម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្រ្តី។ នេះបើតាមការឲ្យដឹងពីលោក ផៃ ស៊ីផាន អ្នក​នាំ​ពាក្យ​រដ្ឋា​ភិបាល​កម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីព្រាងច្បាប់ស្តីពី “ការការពាររុក្ខជាតិ និងភូតគាមអនាម័យ” រៀបចំឡើងដោយផ្អែកលើគោលនយោបាយនិងយុទ្ធសាស្រ្តរបស់រាជរដ្ឋាភិបាល និងអនុលោមតាមមូលដ្ឋានគតិយុត្តិពាក់ព័ន្ធជាធរមាននៅកម្ពុជា ព្រមទាំងកិច្ចព្រៀងនិងអនុសញ្ញាក្នុងតំបន់និងអន្តរជាតិស្តីពីការការពាររុក្ខជាតិនិងភូតគាមអនាម័យ ដើម្បីឆ្លើយតបទៅនឹងនិន្នាការរីកចម្រើនរបស់វិស័យកសិកម្មក្នុងក្របខណ្ឌសុវត្ថិភាពស្បៀង ការលើកកម្ពស់គុណភាពផលិតផលកសិកម្ម ការបង្កើនការនាំចេញកសិផល និងធានាចីរភាពអភិវឌ្ឍន៍ក្នុងបរិការណ៍សមាហរណកម្មសេដ្ឋកិច្ចពិភពលោកប្រកបដោយការប្រកួតប្រជែងដ៏ស្រួចស្រាវ។

បើតាមលោក ផៃ ស៊ីផាន សេចក្តីព្រាងច្បាប់នេះ កំណត់អំពីការគ្រប់គ្រងសុខភាពរុក្ខជាតិ ការអនុវត្តវិធានការការពាររុក្ខជាតិ និងវិធានការភូតគាមអនាម័យ ការពារធនធានរុក្ខជាតិគ្រប់ប្រភេទ ការទប់ស្កាត់ការបង្ក ការរាលដាលឆ្លងនិងការរាតត្បាតពីសំណាក់សមាសភាពចង្រៃ ការលើកកម្ពស់ផលិតភាពកសិកម្ម សន្តិសុខស្បៀងអនាម័យគុណភាព និងសុវត្ថិភាពផលិតផលកសិកម្ម ព្រមទាំងសន្តិសុខភូតគាមអនាម័យនៃរុក្ខជាតិ ផលិតផលរុក្ខជាតិ និងទំនិញជាកម្មវត្ថុនៃការត្រួតពិនិត្យភូតគាមអនាម័យ។

លើសពីនេះ ដើម្បីសម្រួលការធ្វើពាណិជ្ជកម្ម ការនាំចេញ ការនាំចូល ការដឹកជញ្ជូនឆ្លងកាត់នូវផលិតផលដំណាំ រុក្ខជាតិ និងផលិតផលរុក្ខជាតិ ព្រមទាំងការរួមចំណែកការអភិវឌ្ឍសេដ្ឋកិច្ចសង្គមជាតិនិងការលើកកម្ពស់សុខុមាលភាពនិងសុខភាពសាធារណៈប្រកបដោយនិរន្តរភាពធនធានធម្មជាតិនិងប្រព័ន្ធក្សេត្របរិស្ថាន ដើម្បីធានាការគ្រប់គ្រង ការការពាររុក្ខជាតិ និងភូតគាមអនាម័យនៅក្នុងព្រះរាជាណាចក្រកម្ពុជា។

សេចក្តីព្រាងច្បាប់នេះនឹងរួមចំណែកផ្តល់នូវសារៈប្រយោជន៍ក្នុងការអភិវឌ្ឍវិស័យកសិកម្ម ដូចជា៖- ការពារផលប្រយោជន៍របស់ប្រជាកសិករ -គាំទ្រគោលនយោបាយ និងយុទ្ធសាស្រ្តជំរុញផលិតកម្មកសិកម្ម ពិពិធភាវូបនីយកម្ម និងពាណិជ្ជូបនីយកម្មកសិកម្ម – ផ្តល់នូវឧបករណ៍បទដ្ឋានគតិយុត្តិដ៏រឹងមាំ និងយន្តការគ្រប់ជ្រុងជ្រោយក្នុងការអនុវត្តវិធានការការពាររុក្ខជាតិនិងភូតគាមអនាម័យ – ផ្តល់នូវវិធានការច្បាស់លាស់ក្នុងការការពារធនធានរុក្ខជាតិ – រក្សាអធិបតេយ្យភាពនិងសន្តិសុខភូតគាមអនាម័យ។

ទន្ទឹមនឹងនោះ ក៏ដើរតួយ៉ាងពិសេសដើម្បីទប់ស្កាត់ការនាំចូល ឬការផ្ទុះឡើងនូវប្រភេទសមាសភាពចង្រៃរាតត្បាតឈ្លានពាន ដែលបង្កមហន្តរាយដល់ដំណាំកសិកម្ម បំផ្លាញជីវចម្រុះ និងបរិស្ថាននៅកម្ពុជាផងដែរ៕