ប្រធាន ស.ស.យ.ក ខេត្តសៀមរាប ឡើងជាអភិបាលរងខេត្តសៀមរាប ជំនួសលោក ង៉ាន់ ភិរុណ

សង្គម​និង​សេដ្ឋកិច្ច

លោក ប្រាក់ សោភ័ណ ត្រូវបានរាជរដ្ឋាភិបាលកម្ពុជា សម្រេចតែងតាំងជាអភិបាលរងខេត្តសៀមរាប ខណៈលោក ង៉ាន់ ភិរុណ ត្រូវផ្ទេរភារកិច្ចពីអភិបាលរង មកកាន់មុខតំណែងជាអគ្គាធិការរងនៃអគ្គារធិការដ្ឋានក្រសួងមហាផ្ទៃវិញ។ នេះបើតាមអនុក្រឹត្យមួយចុះហត្ថលេខាដោយសម្តេច ហ៊ុន សែន កាលពីថ្ងៃទី០៧ ខែកុម្ភៈ ឆ្នាំ២០២២នេះ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ប្រាក់ សោភ័ណ មានឋានន្តរស័ក្តិឧត្តមមន្ត្រីថ្នាក់លេខ៣ ត្រូវបានគេស្គាល់ថាជាប្រធានសហភាពសហព័ន្ធយុវជនកម្ពុជាខេត្តសៀមរាប។

ចំណែក លោក ង៉ាន់ ភិរុណ មុនកាន់តដំណែងជាអភិបាលរងខេត្តសៀមរាប លោកមានឋានន្តរសកិ្ត វរៈមន្ត្រីថ្នាក់លេខ១ នៃក្របខ័ណ្ឌមន្ត្រីគ្រប់គ្រងរដ្ឋបាល ទីស្តីការគណៈរដ្ឋមន្ត្រី ជំនួសលោក សង់ រីហា អភិបាលរងខេត្ត ដែល​ត្រូវបានផ្លាស់ប្តូរភារកិច្ច។

សូមជម្រាបថា បច្ចុប្បន្នគណៈអភិបាលខេត្តសៀមរាប មានចំនួន ៧រូប ក្នុងនោះលោក ទៀ សីហា អភិបាលខេត្ត និងអមដោយអភិបាលរងខេត្តចំនួន ៦រូបផ្សេងទៀត ដូចជា លោក លី សំរិទ្ធ លោក ពៅ ពិសិដ្ឋ លោកស្រី យូ សុភា លោក ពិន ប្រាកដ លោក នាក់ ណេរ៉ុន និងលោក ង៉ាន់ ភិរុណ ដែលត្រូវផ្ទាល់មកកាន់អគ្គាធិការរងនៃក្រសួងមហាផ្ទៃដោយជំនួសមកវិញ គឺលោក ប្រាក់ សោភ័ណ ជាអភិបាលរងខេត្តថ្មី៕