កុមារអាយុក្រោម៥ឆ្នាំប្រមាណជាង២៥ភាគរយ ទទួលរងនូវជំងឺកូវីដបំម្លែងខ្លួន “អូមីក្រុង”

សង្គម​និង​សេដ្ឋកិច្ច

តាមរយៈសារជាសំឡេងនៅយប់ថ្ងៃព្រហស្បតិ៍ ទី១៧ កុម្ភៈនេះ ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្ដេច ហ៊ុន សែន បានអំពាវនាវឱ្យមាតាបិតា អាណាព្យាបាល នាំកូនចៅដែលមានអាយុពី៣ ដល់៥ឆ្នាំ មកទទួលការចាក់វ៉ាក់សាំងបង្ការជំងឺកូវីដ១៩ ដើម្បីទប់ស្កាត់មេរោគបំប្លែងថ្មី «អូមីក្រុង» ខណៈដែលចំនួនកុមារអាយុក្រោម៥ឆ្នាំ ប្រមាណជាង២៥ភាគរយ បានទទួលរងនូវជំងឺនេះ។

សម្ដេចថ្លែងបញ្ជាក់ថា មូលហេតុនៃការសម្រេចចិត្តបែបនេះ ដោយសារតែសង្កេតឃើញថា តាំងពី «អូមីក្រុង» បានរុករានមកក្នុងប្រទេសកម្ពុជា ចំនួនកុមារអាយុក្រោម៥ឆ្នាំ មានប្រមាណជាង ២៥ភាគរយដែលទទួលរងនូវជំងឺនេះ។ ដូច្នេះយើងចាំបាច់ត្រូវតែចាក់វ៉ាក់សាំងឱ្យកុមារដែលមានអាយុពី ៣ ទៅដល់ ៥ឆ្នាំ ដោយឡែកកុមារអាយុពី ៥ឆ្នាំឡើងលើ យើងបានចាក់រួចហើយ។ ជាបន្តទៅទៀតនេះ មានភាពចាំបាច់ដើម្បីនឹងការពារកុមាររបស់យើង កុំឱ្យឆ្លងនូវមេរោគបំប្លែងថ្មី អូមីក្រុង គឺកូវីដ១៩នេះឯង។

សម្ដេចនាយករដ្ឋមន្ត្រីបានបន្ថែមថា គ្មានជម្រើសណាល្អជាងចាក់វ៉ាក់សាំងដូសមូលដ្ឋាន ជាដូសទី១ និងដូសទី២ សម្រាប់កុមារអាយុពី៣ឆ្នាំ ដល់ក្រោម៥ឆ្នាំនោះទេ ដែលនៅទូទាំងប្រទេសយើងប៉ាន់ស្មាននៅក្នុងតួលេខជំរឿន មានប្រមាណជា ៧០ម៉ឺននាក់។

សម្ដេចតេជោ បានបញ្ជាក់សារជាថ្មីថា វ៉ាក់សាំងគឺជាជម្រើសដ៏ល្អបំផុត ដើម្បីធានាថាពួកគេគឺទទួលភាពស៊ាំ និងមិនមានការឆ្លងជំងឺ ប្រសិនបើមានការឆ្លងក៏វាមិននាំទៅដល់ភាពធ្ងន់ធ្ងរ រហូតដល់អន្តរាយអាយុជីវិតផងដែរ៕

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព