វិស័យចំនួន ៧ ក្រសួងសេដ្ឋកិច្ចដាក់ក្តីរំពឹងខ្ពស់ក្នុងការចូលរួមជំរុញកំណើនសេដ្ឋកិច្ចនៅឆ្នាំ២០២២នេះ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួងសេដ្ឋកិច្ច និងហិរញ្ញវត្ថុ បានដាក់ក្តីរំពឹងចំពោះកំណើនសេដ្ឋកិច្ចនៅក្នុងឆ្នាំ២០២២នេះ នឹង​ស្ទុះងើបឡើង​ក្នុង​អត្រា៥.៦%​ និងវិល​ទៅរក​កំណើន​សេដ្ឋកិច្ច​ប្រមាណ៧% ​ក្នុង​ឆ្នាំ២០២៤​ខាងមុខ ខណៈឆ្នាំ២០២១កន្លងទៅកំណើនសេដ្ឋកិច្ចកម្ពុជា សម្រេចបានចំនួន៣%។​ ការព្យាករ​កំណើន​នេះ ​ដោយផ្អែក​ថា​ កម្ពុជា​បានបើក​ដំណើរការ​សេដ្ឋកិច្ច​សង្គម​ឡើងវិញ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

បើតាមក្រសួងសេដ្ឋកិច្ច កំណើនសេដ្ឋកិច្ចឆ្នាំ២០២២នេះ គឺមានការចូលរួមចំណែកពីវិស័យសំខាន់ៗមួយចំនួន ដូចជា វិស័យកសិកម្ម វិស័យកាត់ដេរ វិស័យកម្មន្តសាលមិនមែនកាត់ដេរ វិស័យអចលនទ្រព្យ វិស័យសណ្ឋាគារ និងភោជនីយដ្ឋាន វិស័យសំណង់ វិស័យដឹកជញ្ចូន និងគមនាគមន៍ និងការលក់ដុំ រាយជាដើម។

នៅក្នុងរបាយការណ៍ក្រសួងសេដ្ឋកិច្ច បានបង្ហាញថា វិស័យកសិកម្មក្នុងឆ្នាំ២០២២ត្រូវបានដាក់ក្តីរំពឹងថា នឹងកើនឡើង១,៣% ​វិស័យកាត់ដេរព្យាករណ៍ថាកើន ៨,១% វិស័យកម្មន្តសាលមិនមែនកាត់ដេរកើនចំនួន ១២​,២ % វិស័យដឹកជញ្ចូន និងគមនាគមន៍​ចំនួន ៦,២%  វិស័យសំណង់កើនចំនួន៥,៤% វិស័យអចលនទ្រព្យកើន​ ៤, ១% វិស័យលក់ដុំ​ រាយកើនចំនួន ៥%  វិស័យសណ្ឋាគារ និងភោជនីយដ្ឋានកើនចំនួន១២% និងវិស័យផ្សេងៗទៀត កើនចំនួន ៤,៣%។

ទោះជាបែបនេះក្តី ក្រសួងសេដ្ឋកិច្ចគូសបញ្ជាក់ថា សេដ្ឋកិច្ចកម្ពុជានឹងអាចប្រឈមនូវហានិភ័យ និងភាពមិនប្រាកដប្រជាមួយចំនួន ដោយក្រសួងសេដ្ឋកិច្ចសង្កត់ធ្ងន់ទៅលើការអូសបន្លាយពេលនៃវិបត្តិជំងឺសកលកូវីដ-១៩បើនៅតែបន្ត។

សូមរំឭកថា ប្រមុខរដ្ឋាភិបាលកម្ពុជាក៏ធ្លាប់បានព្រមានពីលទ្ធភាពនៃការបិទខ្ទប់ម្តងរួចមកហើយ ប្រសិនបើករណីអូមីក្រុងត្រូវបានឆ្លងចូលក្នុងសហគមន៍ជាលក្ខណៈទ្រង់ទ្រាញធំ។ ប៉ុន្តែការព្រមាននេះក៏រលាយបាត់ទៅវិញ បន្ទាប់ពីរដ្ឋាភិបាលបញ្ជាក់ថា មេរោគបំប្លែងខ្លួនថ្មីនេះ មិនបង្កជាសភាពធ្ងន់ធ្ងរនោះទេ ព្រមទាំងអនុញ្ញាតឱ្យមានការព្យាបាលតាមផ្ទះទៀតផង។  

តែយ៉ាងណា ក្នុងន័យសេដ្ឋកិច្ចវិញ ក្រោយករណីអូមីក្រុង បានរកឃើញក្នុងសហគមន៍ជាបន្តបន្ទាប់ អ្នកជំនាញផ្នែកសេដ្ឋកិច្ច បានបង្ហាញក្តីព្រួយបារម្ភជាខ្លាំងចំពោះផលប៉ះពាល់ដល់សេដ្ឋកិច្ចកម្ពុជាក្នុងឆ្នាំ២០២២នេះ និងបានអះអាងថា អាចត្រូវទម្លាក់ការព្យាករសេដ្ឋកិច្ចជាតិក្នុងកម្រិតមួយប្រហាក់ប្រហែលនឹងឆ្នាំ២០២១វិញ៕