ពន្ធដារ​សម្ពោធ​ឃ្លាំង​ដាក់​ឯកសារ ដើម្បី​រក្សា​​​ទុក​ឯកសារ​អ្នក​ជាប់​ពន្ធ​​ឲ្យ​​មាន​សុវត្ថិភាព

សង្គម​និង​សេដ្ឋកិច្ច

ឃ្លាំង​ដាក់​ឯកសារដែល​សាងសង់លើផ្ទៃដីសរុប ១៥,០៤.១២ ម៉ែត្រក្រឡា​លើ​មហាវិថី​ឈ្នះ​ឈ្នះ​ បាន​សម្ពោធ​ដាក់​ឲ្យប្រើប្រាស់​ជា​ផ្លូវការ​ ដោយ​មានការចូលរួមពីថ្នាក់ដឹកនាំ និងមន្ត្រីគ្រប់លំដាប់ថ្នាក់នៃអគ្គនាយកដ្ឋានពន្ធដារកាល​ពី​ល្ងាច​ថ្ងៃ ២២ កុម្ភៈ ឆ្នាំ​២០២២។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

អគារការិយាល័យ និងឃ្លាំងឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារ ដែល​ទើប​សម្ពោធ​ជា​ផ្លូវការ​សាងសង់លើផ្ទៃដីសរុប ១៥,០៤.១២ ម៉ែត្រក្រឡា និងមានទំហំអគារសរុប ៤,៥១៥ ម៉ែត្រក្រឡា ដោយបែងចែកជា ៣អគារ ក្នុងនោះរួមមាន៖

* អគារ ក មានប្រវែង ៣២ម៉ែត្រ x ៤០ម៉ែត្រ ស្មើនឹងទំហំ ១,៣៥៣ ម៉ែត្រក្រឡា ជាសំណង់បេតុងបែបទំនើបផ្តោតលើសុវត្ថិភាព និងមានការរៀបចំឱ្យមានខ្យល់ បរិសុទ្ធចេញ-ចូលគ្រប់គ្រាន់។ អគារនេះមាន ២ផ្នែក មួយផ្នែកជាការិយាល័យបំពេញការងារ និងមួយផ្នែកជាឃ្លាំងសម្រាប់ផ្ទុកឯកសាររបស់អ្នកជាប់ពន្ធ។ អគារនេះមាន រចនាបទ ពិសេសពីរយ៉ាងគឺ៖ ផ្នែកខាងលើជាដំបូលមានទម្រង់ដូចជាគម្របប្រអប់ឯកសារ និងផ្នែកខាងក្រោមជាកន្លែងផ្ទុកឯកសារនិងធ្វើការ មានទម្រង់ដូចប្រអប់ ផ្ទុកឯកសារ។

*អគារ ខ និង អគារ គ មានប្រវែង ៣០ម៉ែត្រ x ៤០ម៉ែត្រ ស្នើនឹងទំហំ ១, ៥៨១ ម៉ែត្រក្រឡាដូចគ្នា ជាសំណង់ឃ្លាំងគ្រោងដែកដែលជាបច្ចេកទេសសំណង់ទំនើបចុងក្រោយ ប្រើប្រាស់សម្រាប់ផ្ទុកសម្ភារៈ ឧបករណ៍ផ្សេងៗ និងសម្រាប់បំពេញតម្រូវការការងាររបស់អគ្គនាយកដ្ឋានពន្ធដារ។

លោក គង់ វិបុល បាន​ថ្លែងថា ការសាងសង់អគារការិយាល័យនិងឃ្លាំងឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារនេះឡើង ក្នុងគោលបំណងដើម្បីពង្រឹងដល់ការងារគ្រប់គ្រង និងរក្សាទុកឯកសាររបស់អ្នកជាប់ពន្ធប្រកបដោយសុវត្ថិភាព និងសណ្តាប់ធា្នប់ ចៀសវាងនូវការខូចខាត ឬបាត់បង់ឯកសារដែល ជាព័ត៌មានដ៏សំខាន់របស់អ្នកជាប់ពន្ធ។​ ម្យ៉ាងវិញទៀតដើម្បីពង្រីកនូវទំហំផ្ទុកឯកសារ ដែលអាចឆ្លើយតបតាមស្ថានភាពនៃកំណើនអ្នកជាប់ពន្ធដែលកើនឡើង ជាលំដាប់ពីមួយឆ្នាំទៅមួយឆ្នាំ។

ឃ្លាំងឯកសាររបស់អគ្គនាយកដ្ឋានពន្ធដារ​ បានរៀបចំពិធីចុះបឋមសីលាសាងសង់នាថ្ងៃទី២៧ ខែកុម្ភៈ ឆ្នាំ២០២១ និងបានបញ្ចប់ការសាងសង់នៅថ្ងៃទី២២ ខែកុម្ភៈ ឆ្នាំ២០២២ ដែលការសាងសង់នេះប្រើរយៈពេល ១១ខែ និង២៥ថ្ងៃ៕