សម្ដេចធិបតី នាយករដ្ឋមន្រ្ដី បញ្ជាក់ថា បច្ចុប្បន្នរាជរដ្ឋាភិបាលកំពុងរៀបចំគម្រោងធ្វើផ្លូវ ៧៨ កន្លះ ពីបានឡុង ទៅតំបន់កន្ទុយនាគ ដើម្បីឱ្យប្រជាជនខ្មែរបានទៅមើលកន្លែងតំបន់ខាងចុង មុំបី រវៀងកម្ពុជា វៀតណាម ឡាវ។

នេះបើយោងតាមប្រសាសន៍របស់សម្ដេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃកម្ពុជា នាព្រឹកថ្ងៃទី១២ ខែសីហា ឆ្នាំ២០២៦ នេះ បានអញ្ជើញជាអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ជាផ្លូវការនូវសមិទ្ធផលនានា នៅក្រុងស្ទឹងត្រែង ។
សម្ដេចបញ្ជាក់ថា តំបន់កន្ទុយនាគ គឺជាតំបន់ដែលអត់ទាន់មាននរណាធ្លាប់ទៅទេពីខាងដីកម្ពុជា បើចូលទៅឥឡូវកន្លែងចោតពេក ដូច្នេះទាល់តែទៅសុំចូលពីខាងប្រទេសវៀតណាមត្រលប់ចូលមកវិញ, ដូច្នេះសម្ដេចបានឱ្យគោលការលោក នាយឧត្តមសេនីយ៍ ខ្វាន់ ស៊ាម ដោយត្រូវធ្វើម៉េចពុះពារធ្វើឱ្យបានមិនថាចម្ងាយណាទេ ត្រូវតែធ្វើឱ្យបានចូលពីដីខ្មែរឱ្យដល់កន្ទុយនាគ ដើម្បីឱ្យកូនខ្មែរបានទៅមើលកន្លែងតំបន់ខាងចុង មុំបី រវៀងកម្ពុជា វៀតណាម ឡាវ។

ជាមួយគ្នានេះ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី អរគុណជាថ្មីដល់ប្រជាពលរដ្ឋទាំងក្នុង និងក្រៅប្រទេសដែលបានចូលរួមក្នុង «មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលក្នុងយុទ្ធនាការ ៦៦ ថ្ងៃ មានអ្នកចូលរួម ៧២ម៉ឺនអង្គ/នាក់ សរុបថវិកាបានជិត ២៧លានដុល្លារ។ តាមគម្រោងធ្វើផ្លូវថ្មីចំនួន ៤ខ្សែ ក្នុងភូមិសាស្រ្ដខេត្តមណ្ឌលគិរី រតនគិរី ខណៈគិតមកដល់ពេលនេះការងារសាងសង់សម្រេចបានប្រមាណ ៩៥ភាគរយហើយ។
បន្ថែមពីនេះដែរ សម្ដេចធិបតី នាយករដ្ឋមន្រ្ដី ក៏បញ្ជាក់ដែរថា សម្ដេចបានឱ្យក្រុមវិស្វកម្មកសាងផ្លូវក្រវាត់ព្រំដែនឱ្យធ្វើសិលាចារឹកធំមួយដោយសរសេរថា «ផ្លូវនេះត្រូវបានកសាងឡើងក្រោម មូលនិធិកសាងហេដ្ឋារចនាសម្ព័ន្ធតាមព្រំដែន» ដែលមានការចូលរួមពីប្រជាពលរដ្ឋទូទាំងប្រទេស។ ហើយប្រជាពលរដ្ឋសូមអញ្ជើញមកមើលផ្លូវ ដែលខ្លួនបានចូលរួម ហើយអ្នកដែលមិនបានចូលក៏អញ្ជើញមកមើលដែរ ព្រោះក៏ជាផ្លូវសម្រាប់ប្រទេសជាតិរបស់យើង ដែលកើតឡើងពីស្មារតីនៃការចូលរួមរបស់ប្រជាពលរដ្ឋរបស់យើង៕អត្ថបទ៖ហ្សាលីន

