អ្នកនាំពាក្យក្រសួងការបរទេស បញ្ជាក់ថា មានប្រជាពលរដ្ឋខ្មែរចំនួន ២៣នាក់កំពុងរស់លើទឹកដីប្រទេសអ៊ុយក្រែន

សង្គម​និង​សេដ្ឋកិច្ច

សកម្មភាពប្រយុទ្ធវាយប្រហារយ៉ាងក្តៅគុកជាប្រវត្តិសាស្រ្តរបស់រុស្សុីក្រោមបញ្ជាផ្ទាល់ពីប្រធានាធិបតី វ្លាឌីមៀ ពូទីន ទៅលើអ៊ុយក្រែន មកទល់ពេលនេះមិនទាន់សភាពការណ៍ធូរស្បើយនៅឡើយ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅម៉ោងមុននេះ ប្រធានាធិបតីអ៊ុយក្រែនលោក វ៉ូឡូឌីមៀ ហ្សេលែនស្គី បានចេញមុខតាមរយៈខ្សែវីដេអូ selfie មួយដោយនិយាយថា «ខ្ញុំនៅទីនេះ» ដោយប្តេជ្ញាថា នឹងបន្តការប្រយុទ្ធឲ្យដល់ទីបំផុត។

ជុំវិញព្រឹត្តិការណ៍កើតឡើងនៅអ៊ុយក្រែនពេលនេះ តាមព័ត៌មានទទួលបានពីសមាគមអតីតនិស្សិតកម្ពុជានៅសហភាពសូវៀត ពុំមាននិស្សិតកម្ពុជាដែលបច្ចុប្បន្នកំពុងសិក្សានៅក្នុងប្រទេសអ៊ុយក្រេនទេ ប៉ុន្តែមានបងប្អូនរស់នៅទីនោះជាមួយគ្រួសារ។

អ្នកនាំពាក្យក្រសួងការបរទេស និងសហប្រតិបត្តិការអន្តរជាតិ លោក ជុំ សុន្ទរី នៅរសៀលថ្ងៃសៅរ៍នេះ បានឲ្យដឹងថា មានអតីតនិស្សិតដែលបានទៅសិក្សាក្នុងជំនាន់អតីតសហភាពសូវៀត ក្នុងរង្វង់ទស្សវត្សទី៨០ និង ដើមទស្សវត្សទី៩០ ចំនួន ២៣នាក់ដែលកំពង់រស់នៅលើទឹកដីប្រទេសអ៊ុយក្រែន ជាមួយគ្រួសាររបស់ពួកគេ។

លោកថា ក្រសួងការបរទេស និងស្ថានទូតកម្ពុជាប្រចាំនៅរុស្សុី កំពុងខិតខំទំនាក់ទំនងជាមួយពលរដ្ឋខ្មែរទាំងអស់នោះដើម្បីទទួលបានព័ត៌មានអំពីស្ថានភាពរបស់ពួកគាត់៕