ទោះបីបទ​ល្មើស​ព្រហ្មទណ្ឌនៅភ្នំពេញ​ថយចុះ​ក្នុង​ឆ្នាំ​២០២១ ប៉ុន្តែបទល្មើស​​គ្រឿងញៀន នៅ​​តែ​ជា​​ក្តីកង្វល់​​របស់​អាជ្ញាធរ

សង្គម​និង​សេដ្ឋកិច្ច

នៅក្នុងឆ្នាំ២០២១ បទល្មើសព្រហ្មទណ្ឌនៅក្នុងរាជធានីភ្នំពេញ បានកើតមានចំនួន​៣២៨លើក បានការថយចុះ ៣២៦លើក ស្មើនឹង ៤៩,៨ភាគរយ ប្រៀបធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២​០២០។ នេះបើតាមការបញ្ជាក់របស់លោក ឃួង ស្រេង អភិបាលរាជធានីភ្នំពេញ នៅក្នុងពិធី “បើកសន្និបាត បូកសរុបលទ្ធផលការងារប្រចាំឆ្នាំ២០២១ និងលើកទិសដៅការងារឆ្នាំ២០២២ របស់រដ្ឋបាលរាជធានីភ្នំពេញ”នាព្រឹកថ្ងៃទី២ ខែមីនា ឆ្នាំ២០២២ នៅសាលារាជធានីភ្នំពេញ ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក ឃួង ស្រេង បានបន្ថែមថា គណៈបញ្ជាការឯកភាពរដ្ឋបាលរាជធានីភ្នំពេញ បាន​ម្ចាស់​ការបង្ក្រាបបទល្មើសទាំងនេះ សរុបចំនួន៣១១ករណី ស្មើនឹង ៩៤,៨ភាគរយ នៃចំនូន​បទល្មើ​ស​​រួម ដែលនេះបង្ហាញឱ្យឃើញពីសញ្ញាណ​វិជ្ជមាន នៃការថយចុះនូវចំនួនបទល្មើស​ព្រហ្មទណ្ឌ សុខសុវត្ថិភាព និងកិច្ចសហប្រតិបត្តិការបង្ក្រាបបទល្មើសកាន់តែមាន​ប្រសិទ្ធភាព។ ជាពិសេស​ការយកចិត្តទុកដាក់អនុវត្តគោលនយោបាយ “ភូមិ ឃុំ សង្កាត់ មានសុវត្ថិ​ភាព” ដោយរក្សា​បានសន្តិសុខ-សណ្ដាប់ធ្នាប់ សាធារណៈល្អជូនប្រជាពលរដ្ឋ និងសង្គមជាតិ។

ទោះបីជាយ៉ាងណា លោក ឃួង ស្រេង លើកឡើងថា បទល្មើសគ្រឿងញៀន ក៏នៅតែជា ក្តីកង្វល់​រួមរបស់គណៈបញ្ជា​ការឯកភាព​រដ្ឋបាលរាជធានីភ្នំពេញ ដែលចាំបាច់ត្រូវ​តែបន្តយក​ចិត្តទុកដាក់រួមគ្នាផងដែរ។

ចំពោះ​គ្រោះថ្នាក់ចរាចរណ៏វិញ លោក ឃួង ស្រេង ក៏ថាមានការថយចុះដែរ ពោលគឺថយចុះ​ប្រមាណ ៤៣,២ភាគរយ​ បើប្រៀបធៀបនឹងឆ្នាំ២០២០ ខណៈអ្នកស្លាប់និងអ្នករបួសមាន​ការថយចុះគួរឱ្យកត់សម្គាល់ ៕