Foodpanda ចាប់ផ្តើមពីការិយាល័យតូចមួយ​នៅ​កម្ពុជា ជាង ២ ឆ្នាំ​ ពង្រីកសេវា​ដល់​ ១៥ ខេត្តក្រុង

សង្គម​និង​សេដ្ឋកិច្ច

ជា​ក្រុមហ៊ុន​ដែល​ផ្តល់​សេវា​ដឹក​ជញ្ជូន​ឈាន​មុខ​គេ​មួយ​នៅ​កម្ពុជា ជាង ២ ឆ្នាំ​មក​នេះ​ ក្រុមហ៊ុន Foodpanda ​ដែលមាន​មូលដ្ឋាន​នៅ​ប្រទេស​អាល្លឺម៉ង់​បាន​បើក​សាខា​នៅ​ប្រទេស​កម្ពុជា​ ដោយ​ចាប់ផ្តើ​ម​ពី​ការិយាល័យ​តូច​មួយ រហូត​មក​ដល់​ពេល​នេះ​ពង្រីក​សេវា​ដល់ ១៥ ខេត្ត​ក្រុង​ទូទាំង​ប្រទេស។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

លោក Patrice Vignes នាយកគ្រប់គ្រងក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (Foodpanda Cambodia) បាន​​ឲ្យ​ដឹង​ថា Foodpanda គឺជាកម្មវិធីដឹកជញ្ជូនចែកចាយអាហារ និងគ្រឿងទេសធំជាងគេនៅអាស៊ី ដែលប្រតិបត្តិការនៅក្នុងទីក្រុងជាង ៤០០។

Foodpanda បាន​បើក​ដំណើរការក្នុងប្រទេសកម្ពុជាក្នុងខែវិច្ឆិកា ឆ្នាំ២០១៩ ដោយបានចាប់ផ្តើមពីការិយាល័យតូចមួយ ដោយសព្វថ្ងៃនេះ Foodpanda ដំណើរការនៅក្នុង ១៥ ខេត្តក្នុងប្រទេសកម្ពុជា។ ក្នុងរយៈពេល ២ឆ្នាំកន្លះ Foodpanda បានរីកចម្រើនយ៉ាងឆាប់រហ័ស ហើយសព្វថ្ងៃនេះ មនុស្សរាប់ពាន់នាក់ដែលរួមមានអ្នកដឹកជញ្ជូន អ្នកជំនួញ និងអតិថិជន ធ្វើប្រតិបត្តិការជារៀងរាល់ថ្ងៃនៅលើកម្មវិធី Foodpanda តាមរយៈទូរស័ព្ទSmartphone។

លោក​ឈួន ដារ៉ា រដ្ឋលេខាធិការក្រសួងពាណិជ្ជកម្ម ក៏​បាន​សម្តែងការស្វាគមន៍យ៉ាងកក់ក្តៅ ចំពោះការមកដល់នៃក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (Foodpanda Cambodia) ដែលជាក្រុមហ៊ុនមានដើមកំណើតនៅប្រទេសអាល្លឺម៉ង់ និងបានពង្រីកអាជីវកម្មរបស់ខ្លួននៅតាមបណ្តាប្រទេសចំនួន៤០ប្រទេសជុំវិញពិភពលោក ក្នុងនោះមាន៧ប្រទេសក្នុងតំបន់អាស៊ានរួមមាន កម្ពុជា ថៃ ឡាវ សឹង្ហបុរី ហ្វីលីពីន ម៉ាឡេស៊ី និងមីយ៉ាន់ម៉ា។

នាឱកាសសម្ពោធការិយាល័យ​កណ្តាលក្រុមហ៊ុន ឌីលីវើរី ហេរ៉ូ (Foodpanda Cambodia) កាលពីពេល​ថ្មីៗ​នេះ លោក​លោក​ឈួន ដារ៉ា បាន​ឲ្យ​ដឹង​ថា វត្តមានរបស់ Foodpanda Cambodia បាន​រួមចំណែកយ៉ាងសំខាន់ក្នុងការបង្កើនការងារ និងប្រាក់ចំណូលជូនប្រជាជន ព្រមទាំងផ្តល់សេវាកម្មដឹកជញ្ជូនម្ហូបអាហារ និងគ្រឿងទេសផ្សេងៗទៀតជូនអតិថិជនតាមរយៈទូរស័ព្ទ Smartphone បានយ៉ាងឆាប់រហ័ស ដោយអតិថិជនអាចបញ្ជាទិញទំនិញពីភោជនីយដ្ឋាន និងហាងសម្ភារៈផ្សេងទៀតបានយ៉ាងងាយស្រួល។

បើ​តាម​មន្រ្តី​ក្រសួង​ពាណិជ្ជកម្ម​រូប​នេះ​ក៏​មើលឃើញ​ដែរ​ថា ការ​មក​ដល់​របស់ Foodpanda Cambodia បាន​ជួយ​សម្រួល​ដល់ភ្ញៀវទេសចរណ៍ជាតិ និងអន្តរជាតិ ដែលចូលមកកម្សាន្តនៅក្នុង​ប្រទេស​កម្ពុជា ជាពិសេសអាចជួយកាត់បន្ថយការឆ្លងជំងឺកូវីដ-១៩ ដែលកំពុងរីករាលដាលជាសកលផងដែរ។

លោក Patrice Vignes នាយកគ្រប់គ្រងក្រុមហ៊ុន Foodpanda បាន​បន្ថែម​ថា វត្តមានរបស់ Foodpanda នៅប្រទេសកម្ពុជាបានចូលរួមចំណែក ៣យ៉ាងសំខាន់ៗ រួមមាន៖ ទី១-ការជំរុញបច្ចេកវិទ្យា ការច្នៃប្រឌិត និងឌីជីថល (Driving Tech, Innovation and Digitalization), ទី២-ការពង្រឹង និងពង្រីកប្រព័ន្ធអេកូឡូស៊ីក្នុងស្រុក (Empowering and Growing Local Ecosystem) និងទី៣-ទំនួលខុសត្រូវសង្គម (Giving Back to Local Communities-CSR)៕