ធនាគារ​វៀតណាម​ចំនួន​ ៥ កំពុង​បោះទុន​វិនិយោគ​នៅ​ប្រទេស​កម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

លោក​ជា ចាន់តូ ទេសាភិបាល​ធនាគារ​ជាតិ​កម្ពុជា​បាន​ឲ្យ​ដឹង​ថា​ បច្ចុប្បន្ន​នេះ​មាន​ធនាគារ​ពាណិជ្ជ​វៀតណាម​ចំនួន ៥ និង​ការិយាល័យ​តំណាង​ចំនួន ១ កំពុង​មាន​ប្រតិបត្តិការ​នៅកម្ពុជា។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ធនាគារ​​វៀតណាម​ដែល​កំពុង​វិនិយោគ​នៅ​កម្ពុជា​មាន​ដូចជា MB, BIDC, Agribank, Sacombank Cambodia និង SHB។

ក្នុង​កិច្ច​ជំនួប​ពិភាក្សា​ការងារ​ជាមួយ​លោក Nguyen Huy Tang ឯកអគ្គរដ្ឋទូតថ្មី​នៃ​សាធារណរដ្ឋ​សង្គមនិយម​វៀតណាម​ប្រចាំ​កម្ពុជា​កាល​ពី​ពេល​ថ្មីៗ​នេះ លោក ជា ចាន់តូ បាន​កោត​សរសើរ​ធនាគារ​ពាណិជ្ជ​វៀតណាម​ ដែល​បាន​រួមចំណែក​គោរពច្បាប់ និង​បទប្បញ្ញតិ្ត និង​ការអភិវឌ្ឍ​វិស័យ​ធនាគារ​ព្រម​ទាំង​ចូលរួម​​ក្នុង​​កិច្ចការ​សង្គម​​នានា​នៅ​ប្រទេស​កម្ពុជា។

ដើម្បី​សម្រួល​ពាណិជ្ជកម្ម​និង​ការវិនិយោគ​ទ្វេភាគី បើ​តាម​លោក​ជា ចាន់តូ ធនាគារ​កណ្តាល​របស់​ប្រទេស​កម្ពុជា​និង​វៀតណាម​ ​កំពុង​ជំរុញ​អភិវឌ្ឍប្រព័ន្ធ​ទូទាត់​អេឡិកត្រូនិច។

កន្លងមកក្រោមការគាំទ្ររបស់រដ្ឋាភិបាល និងស្ថានទូតវៀតណាម បាន​ជួយ​បណ្តុះបណ្តាល​ធនធានមនុស្ស ដោយ​គិតរហូតដល់បច្ចុប្បន្ននេះ​មានមន្ត្រីធនាគារជាតិនៃកម្ពុជាចំនួន២៣រូប បានបញ្ចប់ការសិក្សាថ្នាក់ឧត្តមសិក្សា ពីប្រទេសវៀតណាម។

ក្រៅ​ពី​នេះ​រដ្ឋាភិបាល​វៀតណាម ក៏បាន​ផ្តល់​ការ​គាំទ្រ​ដល់​ការ​ធ្វើ​សមាហរណកម្មវិស័យធនាគារ និងការអភិវឌ្ឍប្រព័ន្ធ​ទូទាត់ ជាពិសេសការជំរុញការទូទាត់អេឡិកត្រូនិច។

កាលពី​ឆ្នាំ២០២១ ទំហំ​ពាណិជ្ជកម្ម​រវាង​កម្ពុជា និង​វៀតណាម​បាន​ឡើង​ដល់​ជិត ១០​ពាន់​លាន​ដុល្លារ​ បើ​ទោះ​ជា​មាន​វិបត្តិ​កូវីដ​-១៩ ក៏ដោយ។ ក្នុង​ជំនួប​​រវាង​លោក​នាយករដ្ឋមន្ត្រី ហ៊ុន សែន និង​លោក Bui Thanh Son រដ្ឋមន្ត្រីការបរទេស​វៀតណាម រដ្ឋាភិបាល​កម្ពុជា និង​វៀតណាម​បានប្តេជ្ញា​នឹង​ធ្វើឲ្យ​ពាណិជ្ជកម្ម​រវាង​​ប្រទេស​ទាំង​ពីរ​​​ឈាន​ដល់​កម្រិត ១០ ពាន់​លានដុល្លារ​ក្នុងឆ្នាំ ២០២២​។

យោង​តាម​ទិន្នន័យ​ពី​ការិយាល័យ​ពាណិជ្ជកម្ម​វៀតណាម​នៅ​កម្ពុជា បើ​ទោះ​ជា​មាន​ផល​ប៉ះពាល់​ពី​ជំងឺ​កូវីដ-១៩​ក៏ដោយ ក៏​ពាណិជ្ជកម្ម​សរុប​រវាង​វៀតណាម និង​កម្ពុជា​បាន​ឈាន​ដល់ ៩.៣ ពាន់​លាន​ដុល្លារ​ក្នុងឆ្នាំ ២០២១៕