សម្តេចតេជោ ហ៊ុន សែន ជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិ​​បន្ត​ពង្រឹង​​គ្រប់គ្រង​​ការ​ប្រមូល​ចំណូល និង​ចំណាយ​ប្រកប​ដោយ​តម្លាភាព

សង្គម​និង​សេដ្ឋកិច្ច

សម្តេចតេជោ ហ៊ុន សែន នាយករដ្ឋមន្ត្រីនៃកម្ពុជា បានជំរុញឲ្យរដ្ឋបាលថ្នាក់ក្រោមជាតិត្រូវ​បន្តខិតខំ​ពង្រឹងការ​គ្រប់​គ្រង​ការ​ប្រមូល​ចំណូល​ជាមួយ​នឹងការគ្រប់គ្រងចំណាយ​ប្រកបដោយ​តម្លាភាព។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការជំរុញរបស់សម្តេចតេជោដូចនេះ បានធ្វើឡើងនៅ​ក្នុងពិធីប្រកាសផ្សព្វផ្សាយ និងដាក់ឱ្យ​អនុវត្ត​កម្មវិធីជាតិ​សម្រាប់​ការអភិវឌ្ឍតាមបែប​ប្រជាធិបតេយ្យនៅថ្នាក់​ក្រោមជាតិដំណាក់​កាលទី២ ឆ្នាំ២០២១ ដល់ឆ្នាំ២០៣០ នៅរសៀលថ្ងៃទី២១ ខែមិនា ឆ្នាំ២០២២។

សម្តេចតេជោ ហ៊ុន សែន បានណែនាំដល់គ្រប់ស្ថាប័នទាំងនៅថ្នាក់ជាតិនិងថ្នាក់ក្រោមជាតិ​ត្រូវកាត់បន្ថយចំណាយដែល​ពុំមានតម្រូវ​ការចាំបាច់រួមទាំងគម្រោង​វិនិយោគសាធារណៈ​ដែល​ពុំទាន់ចាំបាច់ដើម្បីធានាស្ថេរភាពថវិកាជាតិដែល​កំពុងស្ថិតក្នុងស្ថានភាព​លំបាកដោយ​សារជំងឺកូវីដ-១៩។

ជាមួយគ្នានោះ សម្តេចតេជោ ហ៊ុន សែន ក៏ណែនាំអោយសាខាពន្ធដាររាជធានី-ខេត្តត្រូវ​សហការជិតស្និទ្ធជាមួយរដ្ឋបាល​រាជ​ធានី-ខេត្តនីមួយៗដើម្បីប្រមូលចំណូល សារពើពន្ធ​នានា។ ទន្ទឹមនឹងនេះត្រូវពង្រឹងការធ្វើសវនកម្ម អធិការកិច្ច​ហិរ​ញ្ញ​វត្ថុ ដើម្បីធានាថា​ធនធាន​ហិរញ្ញវត្ថុ​រដ្ឋបាលថ្នាក់ក្រោមជាតិត្រូវ​បានគ្រប់គ្រងចាត់ចែងនិងប្រើប្រាស់ ស្របតាមច្បាប់​និង​លិខិតបទដ្ឋាននានាដែលបានកំណត់៕