ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានប្រកាសអបអរសាទរ និងស្វាគមន៍រតនវត្ថុសិល្បៈខ្មែរ មាតុភូមិនិវត្តន៍មកកម្ពុជាវិញ ខណៈសម្តេចធិបតី ក៏បានថ្លែងអរគុណចំពោះកិច្ចខិតខំប្រឹងប្រែងរបស់ស្ថាប័នពាក់ព័ន្ធផងដែរ។

សម្តេចធិបតី ហ៊ុន ម៉ាណែត នៅថ្ងៃទី២១ ខែវិច្ឆិកា ឆ្នាំ២០២៥ បានលើកឡើងថា អនុវត្តតាមគោលការណ៍ដ៏ហ្មត់ចត់របស់រាជរដ្ឋាភិបាល ក្នុងនាមជាសេនាធិការផ្ទាល់ក្រសួងវប្បធម៌ និងវិចិត្រសិល្បៈ បានខិតខំប្រឹងប្រែងចរចាជាមួយលោក István Zelnik ជនជាតិហុងគ្រី និងរដ្ឋាភិបាលហុងគ្រី ដេីម្បីនាំយករតនវត្ថុសិល្ប:ខ្មែរត្រឡប់មកកាន់មាតុភូមិវិញ។
សូមជម្រាប់ថា រតនវត្ថុសិល្បៈខ្មែរដែលបានធ្វើមាតុភូមិនិវត្តន៍ពីហុងគ្រីវិញនោះ រួមមាន៖ វាយនភណ្ឌសូត្រខ្មែរ ចំនួន ១៨៣ផ្ទាំង និងវត្ថុសម័យបុរេប្រវត្តិសាស្ត្រ ដូចជា៖ កាក់ អង្កាំ គ្រឿងអលង្ការ និងវត្ថុប្រើប្រាស់ធ្វើពីលោហធាតុមានតម្លៃ សំរិទ្ធ ថ្ម និងដីដុត ព្រមទាំងសមុច្ច័យសំខាន់ៗ ដូចជា៖ វត្ថុធ្វើអំពីថ្ម និងសំរិទ្ធ ក្នុងសម័យមុនអង្គរ និងសម័យអង្គរ គឺសុទ្ធសឹងជាកេរតំណែលពីបុព្វបុរសខ្មែរសម្រាប់កូនចៅជំនាន់ក្រោយ ដោយប្រៀបបាននឹងការវិលត្រឡប់នូវព្រលឹងដូនតាខ្មែរ៕ អត្ថបទ៖ហ្សាលីន


