ឯកអគ្គរដ្ឋទូតកូរ៉េ៖ ទំហំពាណិជ្ជកម្មកូរ៉េ-កម្ពុជា បានកើនឡើងដល់១ពាន់លានដុល្លារ ក្នុង១ឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា បានលើឡើងថា មិត្តភាព និងកិច្ចទំនាក់ទំនងល្អរវាងប្រទេសទាំងពីរ បានរុញច្រានឱ្យមានកំណើនសេដ្ឋកិច្ចខ្ពស់នៃប្រទេសទាំងពីរ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ជាក់ស្តែង គិតមកដល់បច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មកូរ៉េ-កម្ពុជា បានកើនឡើងដល់១ពាន់លានដុល្លារអាមេរិក ក្នុង១ឆ្នាំផងដែរ។

ការលើកឡើងរបស់ ឯកអគ្គរដ្ឋទូតកូរ៉េនាពេលនេះ ត្រូវបានធ្វើឡើងនៅក្នុងពិធីសម្ពោធដាក់ឱ្យប្រើប្រាស់ជាផ្លូវការនូវផ្លូវជាតិលេខ២១ ប្រវែងជិត ៦៤គីឡូម៉ែត្រ តភ្ជាប់ពីរង្វង់មូលក្រុងតាខ្មៅ រហូតដល់ច្រកទ្វារអន្តរជាតិកម្ពុជា-វៀតណាម (ជ្រៃធំ-ឡុងប៊ិញ) ក្នុងខេត្តកណ្តាល កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២។

នាឪកាសនោះ ឯកអគ្គរដ្ឋទូត នៃសាធារណរដ្ឋកូរ៉េ ប្រចាំប្រទេសកម្ពុជា លោក ​Park Heung-kyeong​ បានមានប្រសាសន៍ថា «ដូចក្នុងពាក្យស្លោកមួយឃ្លារបស់សម្តេច ហ៊ុន សែនថា មានផ្លូវ មានក្តីសង្ឃឹម ដូច្នេះខ្ញុំសង្ឃឹមថា ផ្លូវជាតិលេខ២១នេះ នឹងដើរតួនាទីយ៉ាងសំខាន់ ក្នុងការជួយសម្រួលការដឹកជញ្ជូនគ្រប់ប្រភេទ ជាពិសេសទំនិញ និងកសិផលសម្រាប់ការដោះដូរពាណិជ្ជកម្ម ព្រមទាំងបានជំរុញ និងប្រែក្លាយតំបន់នៅតាមព្រំដែន ឱ្យក្លាយជាតំបន់អភិវឌ្ឍន៍ និងរីកចម្រើនថែមទៀតផងដែរ»។

លោកបន្តថា នៅឆ្នាំនេះ គឺជាឆ្នាំខួបលើកទី២៥ នៃទំនាក់ទំនងការទូតកម្ពុជា-កូរ៉េ ហើយរាល់ការកើតឡើងនៃមិត្តភាព កិច្ចទំនាក់ទំនងការទូតល្អនេះហើយ បានធ្វើឲ្យប្រទេសទាំងពីមានការសម្រេចបាននូវសមិទ្ធផលសំខាន់លើវិស័យជាច្រើន។

ជាក់ស្តែង លោកថា «បើគិតមកដល់បច្ចុប្បន្ននេះ ទំហំពាណិជ្ជកម្មកម្ពុជា បានកើតឡើងដល់ជាង១៧ដង រហូតឈានដល់ ១ពាន់លានដុល្លារអាមេរិក ក្នុង១ឆ្នាំ ហើយមានក្រុមហ៊ុនកូរ៉េប្រមាណ៣០០ក្រុមហ៊ុន កំពុងវិនិយោគលើវិស័យ កាត់ដេរ ហិរញ្ញវត្ថុ សំណង់ និងកសិកម្មជាដើម ដែលពិតបានរួមចំណែកដល់ការអភិវឌ្ឍន៍សេដ្ឋកិច្ចកម្ពុជាជាច្រើន»។

ក្នុងនោះដែរ ឯកអគ្គរដ្ឋទូតកូរ៉េរូបនេះ ក៏បានបញ្ជាក់ថា ទៅថ្ងៃអនាគត នៅពេលកិច្ចព្រមព្រៀងពាណិជ្ជកម្មសេរីកម្ពុជា-កូរ៉េ បានសម្រេចឡើង នឹងកាន់តែជួយឲ្យទំហំពាណិជ្ជកម្មទ្វេភាគីកាន់តែហក់ខ្ពស់ថែមទៀត។
គួរបញ្ជាក់ដែរថា កាលថ្ងៃទី២៣ ខែមីនា ឆ្នាំ២០២២ កម្ពុជា បានប្រកាសដាក់សម្ពោធប្រើប្រាស់ ផ្លូវជាតិលេខ២១ តម្លៃជិត ៦១លានដុល្លារអាមេរិក ដែលជាឥណទានសម្បទានពីរដ្ឋាភិបាលសាធារណរដ្ឋកូរ៉េ រួមជាមួយថវិកាបដិភាគរបស់រាជរដ្ឋាភិបាលកម្ពុជា។

ជុំវិញការលើកឡើងនេះដែរ សម្តេច ហ៊ុន សែន ក៏ចាត់ទុកដែរថា សមិទ្ធផលដែលកម្ពុជាទទួលបាននេះ បានកើតចេញពីទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការរវាងកម្ពុជា និងកូរ៉េខាងត្បូង ដែលបានសម្តេចបានប្រឹងប្រែងពុះពារ ដើម្បីកសាងទំនាក់ទំនងឡើងកាលពីឆ្នាំ១៩៩៧៕
អត្ថបទ៖រង្សី