ក្រសួងទេសចរណ៍ បង្ហាញគោលដៅទេសចរណ៍សំខាន់ៗងាយស្រួលសម្រេចចិត្តដើរកម្សាន្ត​ថ្ងៃចូលឆ្នាំ

សង្គម​និង​សេដ្ឋកិច្ច

សម្រាប់ប្រជាពលរដ្ឋដែលមានបំណងដើរកម្សាន្តតែមិនដឹងទៅណា ឯកឧត្តម ថោង ខុន រដ្ឋមន្រ្តីក្រសួងទេសចរណ៍បានប្រាប់ឲ្យដឹងពីគោលដៅទេសចរណ៍សំខាន់ៗក្នុងស្រុកដែលមានប្រជាប្រិយភាពខ្លាំង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

យោងតាមរបាយការណ៍របស់ក្រសួងទេសចរណ៍ដែលសង្កេតរយៈពេលប៉ុន្មានខែមកនេះ ក្នុងឱកាសចូលឆ្នាំថ្មីប្រពៃណីខ្មែរខាងមុខនេះគឺមានភ្ញៀវទេសចរណ៍ច្រើនចេញដើរកម្សាន្ត ខណៈមកទល់ពេលនេះគោលដៅទេសចរណ៍ធំគឺមានការកក់សណ្ឋាគារ ផ្ទះសំណាក់ច្រើនគួរសមហើយ ។

ឯកឧត្តម ថោង ខុនបានថ្លែងថា «ទោះបីសាំងឡើងថ្លៃ តែប្រជាពលរដ្ឋក៏មានការសន្សំសំចៃដែរ ដើម្បីទុកថវិកាចាយវាយនៅពេលចូលឆ្នាំ…..មិនជិះឡានមួយម្នាក់ឯងទេ គឺអាចធ្វើដំណើរទៅជាក្រុមៗ ដើម្បីកាត់បន្ថយថ្លៃចំណាយក្នុងការធ្វើដំណើរ»។

ឯកឧត្តមបានបង្ហាញគោលដៅទេសចរណ៍សំខាន់ៗមានដូចជា៖

សៀមរាបអង្គរ ៖ក្នុងឱកាសចូលឆ្នាំខាងមុខនេះអាជ្ញាធរជាតិអប្សរាបានខិតខំកែលម្អសោភ័ណភាពបានច្រើនដើម្បីទទួលភ្ញៀវទេសចរណ៍ដែលដើរកម្សាន្តប្រកបដោយធាតុអាកាសល្អ ខណៈដែលផ្លូវ៣៨ខ្សែរទើបតែសម្ភោធឲ្យប្រើប្រាស់ងាយស្រួលក្នុងការធ្វើដំណើរ មានសុវត្ថិភាព។បន្ថែមពីនេះទៀតនឹងមានរៀបចំព្រឹត្តិការណ៍សង្ក្រាន្តសៀមរាបនៅក្រុងសៀមរាប ផាប់ស្ត្រីត (Pub Street) អុំទូកលេងនៅតាមដងស្ទឹងសៀមរាប ល្បែងល្បាំប្រជាប្រិយ ការតាំងពិព័រណ៍ ពិធីកម្សាន្តតាមបែបសាសនានៅប្រាសាទចៅសាយទេវតាជាដើម។

ខេត្តព្រះសីហនុ ៖ មានការអភិវឌ្ឃទីក្រុងយ៉ាងស្អាត​ ម្យ៉ាងទៀតភ្ញៀវទេសចរណ៍ចង់លេងទឹកកម្សាន្តដែលប្រកបដោយឆ្នេរខ្សាច់ស្អាតៗ រួមទាំងបណ្ដាកោះនានាក៏មានភាពទាក់ទាញយ៉ាងខ្លាំងផងដែរ។

ខេត្តមណ្ឌលគិរី និង​រតនគិរី ក៏សម្បូរដោយតំបន់ទេសចរណ៍ផងដែរ ព្រោះសម្បូរទៅដោយទេសភាពស្អាតគួរជាទីមនោរម្យ។

ខេត្តបាត់ដំបងមានតំបន់កសិទេសចរណ៍ដែលមានការរៀបចំទទួលភ្ញៀវយ៉ាងល្អ។ស្រុកវាលវែង​ ខេត្តពោធិ៍សាត់ រួមទាំងខេត្តផ្សេងៗទៀតក៏បានរៀបចំទទួលភ្ញៀវដែលមកពីគ្រប់ទិសទីដើម្បីមកទស្សនាទំបន់ទេសចរណ៍ក្នុងខេត្តរបស់ខ្លួនផងដែរ។

ក្រៅពីនោះ ភ្ញៀវទេសចរក៏អាចទៅទស្សនាកម្សាន្តនៅតាមគោលដៅប្រមាណ១៧គោលដៅទៀត ដូចជានៅ​សហគមន៍អេកូទេសចរណ៍ចង្ក្រានរយ ស្រុកវ៉ារិន នៅតំបន់ភ្នំគូលែនក៏មានសហគមន៍ថ្មីៗ២-៣ទៀតដែរ។ ជាមួយគ្នានោះ តំបន់ទន្លេសាបក៏មានភាពទាក់ទាញ ដូចជានៅសហគមន៍ចុងឃ្នាសក៏មានការរៀបចំឱ្យមានសកម្មភាពទេសចរណ៍ទាក់ទាញឡើងវិញ បន្ទាប់ពីរាជរដ្ឋាភិបាលបានទទួលយកមកគ្រប់គ្រងវិញ។

ជាមួយគ្នានេះដែរឯកឧត្ដមរដ្ឋមន្ត្រីបានរំឭកអំពីគោលការណ៍ថ្មីនៃការធ្វើដំណើរកម្សាន្តដែលប្រមុខរាជរដ្ឋាភិបាលបានដាក់ចុះថ្មីៗនេះ គឺត្រូវប្រកាន់ខ្ជាប់នូវការងារបីចំណុច៖

ទី១៖ ត្រូវអនុវត្តនូវវិធានការណ៍ «៣-ការពារ ៣-កុំ» ប្រកាន់ខ្ជាប់នូវការពាក់ម៉ាស រក្សាគម្លាត សម្អាតនឹងទឹកអាកុលឱ្យបានត្រឹមត្រូវ ពិសេសត្រូវយកកាតវ៉ាក់សាំងដាក់តាមខ្លួន រាល់ពេលចេញដើរកម្សាន្ត ព្រោះមានកន្លែងខ្លះតម្រូវឱ្យភ្ញៀវបង្ហាញកាតចាក់វ៉ាក់សាំង ម្យ៉ាងទៀតក្រសួងសុខាភិបាលក៏មានការលើកទឹកចិត្តឱ្យប្រជាពលរដ្ឋចូលចាក់វ៉ាក់សាំងនៅកន្លែងកម្សាន្តនោះតែម្ដង ប្រសិនបើដល់វេនចាក់ដូសទី៣ (ដូសជំរុញ)។

ទី២៖ ត្រូវប្រកាន់នូវស្មារតីគោរពច្បាប់ចរាចរណ៍ក្នុងការបើកបរធ្វើដំណើរ ដើម្បីឱ្យការធ្វើដំណើរឱ្យទៅដល់គោលដៅ និងត្រលប់មកផ្ទះវិញប្រកបដោយសុវត្ថិភាព។

ទី៣៖ ត្រូវប្រកាន់ខ្ជាន់នូវការថែរក្សាអនាម័យជាប់ជានិច្ច ដើម្បីបង្ការការពារការឆ្លងជំងឺឆ្លងផ្សេងៗ ពិសេសគឺជំងឺកូវីដ១៩ (អូមីក្រុង)​៕