ក្រសួង​សាធារណការ​ព្រមាន យានយន្ត​កែច្នៃ​​ដំឡើង​ម៉ូដែល​ មិន​អនុញ្ញាតិ​ឲ្យ​ចូល​ឆៀក មិន​បំពាក់ស្លាក​លេខ​ឲ្យ

សង្គម​និង​សេដ្ឋកិច្ច

ក្រសួង​សាធារណការ​និង​ដឹក​ជញ្ជូន​បាន​ចេញ​សេចក្តី​ជូន​ដំណឹង​​និង​ព្រមាន​លើ​យានយន្ត​កែច្នៃ​ខុសពីទ្រង់ទ្រាយ​ដើម ដែល​ប្រឈម​ហានិភ័យ​ និង​មិន​អនុញ្ញាតិ​ឲ្យ​ចូល​ត្រួត​ពិនិត្យ​បច្ចេកទេស (ឆៀក)។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

កន្លង​មក​សង្កេតឃើញ មានរថយន្តគ្រួសារមួយចំនួន បានកែច្នៃដំឡើងម៉ូដែលរថយន្តដោយមិនត្រឹមត្រូវតាមលក្ខណៈ​បច្ចេកទេស និងគ្មានការអនុញ្ញាតពីក្រសួងសាធារណការ និងដឹកជញ្ជូន ដែលបានបណ្តាលឱ្យប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន និងបានធ្វើឱ្យប្រែប្រួលអត្តសញ្ញាណសម្គាល់របស់រថយន្ត ហើយសកម្មភាពនេះបានផ្ទុយពីមាត្រា១៩ នៃអនុក្រឹត្យលេខ ១៨០ អនក្រ.បក ចុះថ្ងៃទី៣ ខែវិច្ឆិកា ឆ្នាំ២០០៨ ស្តីពីការគ្រប់គ្រងយានដ្ឋានជួសជុល និងយានដ្ឋានកែច្នៃ ដំឡើងយានយន្ត។

ដើម្បីធានានូវសន្តិសុខសណ្តាប់ធ្នាប់ សុវត្ថិភាព និងការគ្រប់គ្រងយានយន្ត ធ្វើចរាចរណ៍នៅលើផ្លូវថ្នល់ ក្រសួងសាធារណការ និងដឹកជញ្ជូន ណែនាំ​ដល់ម្ចាស់រថយន្តទាំងអស់ និងម្ចាស់យានដ្ឋានកែច្នៃដំឡើងរថយន្តគ្រប់ប្រភេទថា ​រថយន្តដែលបានកែច្នៃដំឡើងម៉ូដែលរថយន្តដែលប៉ះពាល់ដល់ផ្នែកសុវត្ថិភាពរបស់យាន ដូចជាប្រព័ន្ធចង្កូត ប្រព័ន្ធទ្រសាក់ស៊ី និងគ្រោងតួ និងគ្មានការអនុញ្ញាតពីក្រសួងសាធារណការ និង ដឹកជញ្ជូន គឺមិនអនុញ្ញាតឱ្យចូលត្រួតពិនិត្យលក្ខណៈបច្ចេកទេស ឬចុះបញ្ជីផ្តល់បណ្ណសម្គាល់និងបំពាក់ផ្លាកលេខសម្គាល់យានជំនិះឡើយ។

ដោយឡែក​យានដ្ឋានកែច្នៃដំឡើងរថយន្ត ដែលធ្វើសកម្មភាពកែច្នៃដំឡើងម៉ូដែលរថយន្ត ដែលប៉ះពាល់ដល់​ផ្នែកសុវត្ថិភាពរបស់យាន និងមិនបានស្នើសុំការអនុញ្ញាតកែច្នៃដំឡើង ក្រសួងសាធារណការនិងដឹកជញ្ជូន នឹងចាត់វិធានការចុះបិទផ្អាកសកម្មភាពធ្វើអាជីវកម្មនៅទីតាំងយានដ្ឋាននោះ៕