៣ខែដើមឆ្នាំ២០២២ កម្ពុជាប្រមូលចំណូល​ពន្ធគយចូល​ថវិកាជាតិ​​​បានជិត៦០០លានដុល្លារ

សង្គម​និង​សេដ្ឋកិច្ច

ក្នុងរយៈពេល៣ខែដើមឆ្នាំ២០២២នេះ អគ្គនាយកដ្ឋានគយនិងរដ្ឋាករកម្ពុជា ប្រមូលចំណូល​ពន្ធគយ​ចូលក្នុង​ថវិកាជាតិ បាន​ចំនួន​​៥៩៧.៦លានដុល្លារអាម៉េរិក ។ តួលេខនេះត្រូវជាប្រមាណ២៣.២​ភាគ​រយនៃផែនការកំណត់ដោយច្បាប់​ស្ដីពី​ហិរញ្ញ​​វត្ថុ​​សម្រាប់ការ​គ្រប់គ្រងឆ្នាំ២០២២។ នេះបើតាម​លទ្ធផល​បូក​​​សរុបលទ្ធផលការងារគយនិងរដ្ឋាករប្រចាំ​ត្រីមាស​ទីមួយ ឆ្នាំ២០២២ របស់អគ្គនាយកដ្ឋាន​គយនិ​ង​រដ្ឋាក​រកម្ពុជា  ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ចំណូលតាមប្រភេទពន្ធនិងអាករ រួមមាន អាករលើតម្លៃបន្ថែមមានចំនួន ៣៨.៩ភាគរយ នៃចំណូល​សរុប​ អាករ​ពិសេស​​មានចំនួន ៣៦.៨ភាគរយនៃចំណូលសរុប ពន្ធគយមានចំនួន ១៨ភាគរយ នៃចំណូលសរុប អាករបន្ថែម​​លើផលិតផល​ប្រេង​​មានចំនួន ៤.២ភាគរយនៃចំណូលសរុប និងអាករ​នាំចេញនិងកម្រៃផ្សេងៗមានចំនួន ២.២ភាគរយ នៃចំណូល​សរុប​​។ ចំពោះចំណូល​តាមក្រុមទំនិញ ឃើញថាយានយន្តនិងគ្រឿងចក្រមានចំនួន ៤២.២ភាគរយនៃចំណូលសរុប ទំនិញ​​ចម្រុះ​មាន​​ចំនួន ២៩.២ភាគរយនៃចំណូលសរុប ផលិតផលតេលសិលាមានចំនួន ២២.៨ភាគរយនៃចំណូលសរុប និងសម្ភារ​សំណង់និងកម្រៃផ្សេងៗមានចំនួន ៥.៩ភាគរយនៃចំណូលសរុប។

លោក គុណ ញឹម រដ្ឋមន្ត្រីប្រតិភូអមនាយករដ្ឋមន្ត្រី និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានគយ​និងរដ្ឋាករ​កម្ពុជា ​បានលើក​ឡើង​​ថា ទន្ទឹមនឹងការងារប្រមូលចំណូល អគ្គនាយកដ្ឋានគយ និងរដ្ឋាករកម្ពុជា ក៏សម្រេច​បាននូវវឌ្ឍន​ភាពល្អប្រសើរ​​លើ​​ការងារសំខាន់ៗមួយចំនួន ដែលមានចែងក្នុងផែនការ​សកម្មភាពប្រចាំឆ្នាំ២០២២ ដូចជា៖ ការបង្ការនិង​បង្ក្រាប​អំពើ​រត់​​គេច​​ពន្ធ និងការលើកកម្ពស់​អនុ​លោមភាព ការលើក​​កម្ពស់កិច្ចសម្រួលពាណិជ្ជកម្ម​​តាមរយៈ​ការធ្វើសាម​​ញ្ញ​​កម្មនីតិវិ​ធីគ​​យ​​ និង​​ការ​ប្រើប្រាស់ប្រព័ន្ធបច្ចេកវិទ្យាបន្ថែមទៀតក្នុងការងារគយ ព្រមទាំងការចូលរួម​សកម្មភាពសង្គមនានា និងការ​​អនុវត្តវិ​​ធាន​​​​​ការសុខាភិបាលដើម្បីទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ-១៩ ជាដើម។

ដើម្បីធានាបាននូវលទ្ធផលល្អប្រសើរក្នុងការបំពេញតួនាទីនិងភារកិច្ចរបស់អង្គភាព  លោក គុណ ញឹម ក៏បានក្រើន​រម្លឹក​អោយ​ផ្តោតជាចំបងលើការងារសំខាន់ៗ ដូចជា ការបន្តធ្វើសាមញ្ញកម្មនីតិវិធីគយ​និងពង្រីកបន្ថែមទៀតនូវការ​​ប្រើប្រាស់​ប្រព័ន្ធព័ត៌មានវិទ្យា ការពង្រឹងប្រសិទ្ធភាពការងារបង្ការ និងបង្ក្រា​ប​​​អំពើរត់គេចពន្ធ ការពិនិត្យឡើងវិញនូវច្បាប់ និង​បទ​ប្បញ្ញត្តិពាក់ព័ន្ធនឹងគយ កិច្ចសហការ​ជាមួយ​ក្រសួង​ស្ថាប័ន និងវិស័យឯកជនពាក់ព័ន្ធក្នុងប្រតិបត្តិការការងារគយ ជាដើម​៕