សម្តេចធិបតី សង្ឃឹមថានឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗខាងមុខ ដើម្បីដោះស្រាយបញ្ហាក្នុងតំបន់ភូមិជោគជ័យ

សង្គម​ និង​សេដ្ឋកិច្ច

ប្រមុខរាជរដ្ឋាភិបាលកម្ពុជា សម្តេចធិបតី ហ៊ុន ម៉ាណែត បានលើកឡើងថា ការខកខានប្រជុំ JBC កន្លងទៅ គឺដោយសាររង់ចាំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ ហើយកម្ពុជាសង្ឃឹមថា នឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗ ដើម្បីដោះស្រាយបញ្ហាព្រំដែន ពិសេសនៅតំបន់ភូមិជោគជ័យ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

នៅលើហ្វេសប៊ុកថ្ងៃទី៨ ខែតុលា ឆ្នាំ២០២៥ សម្តេចធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្រ្តីនៃកម្ពុជា បានលើកឡើងថា កំណត់ហេតុព្រមព្រៀងកិច្ចប្រជុំពិសេសលើកទី១ នៃគណៈកម្មាធិការព្រំដែនទូទៅ កម្ពុជា-ថៃ នាថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ នៅខេត្តកោះកុង ព្រះរាជាណាចក្រកម្ពុជា ចុះហត្ថលេខាដោយលោក នាយឧត្តមសេនីយ៍ ទៀ សីហា ឧបនាយករដ្ឋមន្ត្រី រដ្ឋមន្ត្រីការពារជាតិកម្ពុជា និងលោកនាយឧត្តមសេនីយ៍ Nattaphon Narkphanit រដ្ឋមន្ត្រីស្តីទីនៃក្រសួងការពារជាតិថៃ។

សម្តេចធិបតីបន្តថា នៅក្នុងកិច្ចប្រជុំនោះបានបញ្ជាក់យ៉ាងច្បាស់ថា បញ្ហាទាក់ទងនឹងការគ្រប់គ្រងព្រំដែន ជាពិសេសពាក់ព័ន្ធនឹងឧបទ្វវហេតុនៅក្នុងតំបន់ភូមិជោគជ័យ ឃុំអូរបីជាន់ ស្រុកអូរជ្រៅ ខេត្តបន្ទាយមានជ័យ ព្រះរាជាណាចក្រកម្ពុជា ទល់មុខភូមិណងចាន់ ស្រុកខូកស៊ូង ខេត្តស្រះកែវ ព្រះរាជាណាចក្រថៃ ភាគីទាំងពីរបានទទួលស្គាល់ថា គណៈកម្មការចំរុះព្រំដែន (JBC) ជាយន្តការដោះស្រាយបញ្ហាដែលទាក់ទងនឹងការវាស់វែងរួម និងខ័ណ្ឌសីមាព្រំដែន ព្រមទាំងបានឯកភាពដាក់បញ្ហានេះជារបៀបវារៈអាទិភាព នៅកិច្ចប្រជុំបន្ទាប់របស់គណៈកម្មការចំរុះព្រំដែន (JBC) ហើយភាគីទាំងពីរបានប្រគល់ភារកិច្ចដល់គណៈកម្មការធិការព្រំដែនថ្នាក់យោធភូមិភាគ (RBC) ដើម្បីពិភាក្សាអំពីការគ្រប់គ្រងបញ្ហានេះឱ្យបានឆាប់បំផុត ស្របតាមលទ្ធផលនៃកិច្ចពិភាក្សារបស់គណៈកម្មការចំរុះព្រំដែន (JBC)។

ជាថ្មីម្តងទៀត សម្តេចធិបតី បានបញ្ជាក់ថា ការខកខានប្រជុំគណៈកម្មការចម្រុះព្រំដែន (JBC) ចាប់តាំងពីខែ កញ្ញាឆ្នាំ ២០២៥ កន្លងទៅនេះ ដោយមូលហេតុរង់ចាំការរៀបចំសមាសភាពថ្មីរបស់ JBC ខាងភាគីថៃ។ ហេតុនេះ កម្ពុជាសង្ឃឹមថានឹងមានកិច្ចប្រជុំ JBC ក្នុងពេលឆាប់ៗខាងមុខ ដើម្បីដោះស្រាយបញ្ហានេះ៕ អត្ថបទ៖ហ្សាលីន