រដ្ឋាភិបាលកំពុងជំរុញឲ្យមានផែនទីបង្ហាញផ្លូវអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា

សង្គម​និង​សេដ្ឋកិច្ច

អន្តរក្រសួង កំពុងជំរុញឲ្យមានសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជា ដើម្បីអាចចូលរួមចំណែកដល់ការស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

សេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនេះ ត្រូវបានបើកកិច្ចប្រជុំពិភាក្សាដោយគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ក្រោមអធិបតីភាព ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ ប្រធានគណៈកម្មាធិការគោលនយោបាយសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ កាលពីថ្ងៃទី១៩ ខែមេសា ឆ្នាំ២០២២។

កិច្ចប្រជុំនេះ ក៏មានការចូលរួមផងដែរ ពីសំណាក់លោកជំទាវ Tina Redshaw ឯកអគ្គរាជទូតវិសាមញ្ញ និងពេញសមត្ថភាពរបស់ចក្រភពអង់គ្លេសប្រចាំព្រះរាជាណាចក្រកម្ពុជា, តំណាងក្រសួង ស្ថាប័ន, អ្នកជំនាញការនៃក្រុមហ៊ុនផ្តល់សេវាប្រឹក្សា Boston Consulting Group (BCG) និងលេខាធិការដ្ឋានដឹកនាំ និងសម្របសម្រួលការអនុវត្តគោលនយោបាយ IDP នៃ ក.អ.ក. សរុបចំនួនប្រមាណ ១២០រូប។

ឯកឧត្ដម អូន ព័ន្ធមុនីរ័ត្ន រដ្ឋមន្រ្តីក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ បានឲ្យដឹងថា កិច្ចប្រជុំពិភាក្សានេះត្រូវបានរៀបចំឡើងក្នុងគោលបំណង ពិនិត្យ ពិភាក្សាលើសេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍ និងទាក់ទាញវិនិយោគលើវិស័យយានយន្តនិងអេឡិចត្រូនិក និងតម្រង់ទិសការអនុវត្តការងារនេះបន្ត។

ជាងនេះទៀត សេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិកនៅកម្ពុជានឹងអាចចូលរួមចំណែកដល់ការស្ដារសេដ្ឋកិច្ចកម្ពុជាក្រោយវិបត្តិជំងឺកវីដ-១៩ និងជំរុញកំណើនសេដ្ឋកិច្ចរយៈពេលវែង ព្រមទាំងការធ្វើទំនើបកម្ម និងពិពិធកម្ម ស្របជាមួយ “គោលនយោបាយអភិវឌ្ឍន៍វិស័យឧស្សាហកម្ម កម្ពុជាឆ្នាំ ២០១៥-២០២៥។

គួរបញ្ជាក់ថា សេចក្តីព្រាងផែនទីបង្ហាញផ្លូវការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក គឺជាសមិទ្ធផលនៃកិច្ចខិតខំប្រឹងប្រែងរួមគ្នារបស់ក្រុមការងាររាជរដ្ឋាភិបាលកម្ពុជា ដែលមានតំណាងមកពីក្រសួង ស្ថាប័នចំនួន៨ រួមមាន ក្រុមប្រឹក្សាអភិវឌ្ឍន៍កម្ពុជា, ក្រសួងសេដ្ឋកិច្ចនិងហិរញ្ញវត្ថុ, ក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍, ក្រសួងពាណិជ្ជកម្ម, ក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ, ក្រសួងរ៉ែ និងថាមពល, និងក្រសួងសាធារណការនិងដឹកជញ្ជូន, ក្រសួងរៀបចំដែនដី នគរូបនីយកម្ម និងសំណង់, ក្រោមជំនួយបច្ចេកទេសនៃកម្មវិធីពន្លឿនការគាំទ្រសេដ្ឋកិច្ចក្នុងដំណាក់កាលជំងឺកូវីដ-១៩ (Accelerated COVID-19 Economic Support-ACES) របស់រាជរដ្ឋាភិបាលចក្រភពអង់គ្លេស ក្នុងភាពជាដៃគូជាមួយក្រុមហ៊ុនផ្តល់សេវាប្រឹក្សា BCG ដែលត្រូវបានចាប់ផ្តើមរៀបចំឡើងចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ កន្លងមក។

គោលដៅសំខាន់ក្នុងការរៀបចំផែនទីបង្ហាញផ្លូវនេះឡើង គឺដើម្បីកំណត់តួនាទី និងតម្រង់ទិសការចូលរួមរបស់ក្រសួង ស្ថាប័នពាក់ព័ន្ធ ព្រមទាំងវិស័យឯកជន ក្នុងការអនុវត្តយុទ្ធសាស្រ្ត និងផែនការសកម្មភាពជាអាទិភាព ឱ្យមានភាពប្រទាក់ក្រឡាគ្នា ព្រមទាំងដើម្បីបង្ហាញដល់វិនិយោគិននូវឆន្ទៈដ៏មោះមុតរបស់រាជរដ្ឋាភិបាលកម្ពុជា ក្នុងការអភិវឌ្ឍវិស័យយានយន្ត និងអេឡិចត្រូនិក៕​ អត្ថបទ៖រង្សី