កម្ពុជា-ម៉ាល់ឌីវ ជំរុញឱ្យមានជើងហោះហើរត្រង់ ដើម្បីបើកផ្លូវ​ផ្លូវ​ទេសចររវាងប្រទេសទាំងពីរ

សង្គម​និង​សេដ្ឋកិច្ច

កម្ពុជា និងម៉ាល់ឌីវ បានពិភាក្សាគ្នាលើការបង្កើនកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍ ការតភ្ជាប់ជើងហោះហើរ ដើម្បីជំរុញកំណើនភ្ញៀវទេសចរ និងការជួយគាំទ្រគ្នាទៅវិញទៅមកក្នុងកម្រិតទេសចរណ៍អន្តរជាតិ។

សូមចុច Subscribe Channel Telegram Oknha news គ្រប់សកម្មភាពឧកញ៉ា សេដ្ឋកិច្ច ពាណិជ្ជកម្ម និងសហគ្រិនភាព

ការលើក​ឡើង​ពី​ការពង្រឹងកិច្ចសហប្រតិបត្តិការនេះ ធ្វើ​ឡើង​ក្នុងជំនួបរវាង លោក Mohamed Jinah ឯកអគ្គរដ្ឋទូតថ្មីនៃសាធារណរដ្ឋម៉ាល់ឌីវ និងលោក ថោង ខុន រដ្ឋមន្ត្រីក្រសួងទេសចរណ៍នារសៀលថ្ងៃទី២៦ ខែមេសា ឆ្នាំ២០២២។

លោក ថោង ខុន រដ្ឋមន្រ្តី​ក្រសួង​ទេសចរណ៍​បញ្ជាក់ប្រាប់ឯកអគ្គរដ្ឋទូតម៉ាល់ឌីវថា ការ​ត​ភ្ជាប់​ជើង​ហោះហើរ​រវាង​ប្រទេស​ទាំងពីរ នឹង​បើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ។

បើ​តាមលោក​រដ្ឋមន្រ្តី កម្ពុជាបានទទួលយកភ្ញៀវទេសចរចាក់វ៉ាក់សាំងរួចហើយ ដោយតម្រូវឱ្យមានតែកាតចាក់វ៉ាក់សាំងមកបង្ហាញ គឺអាចចូលទស្សនានៅកម្ពុជាបាន ហើយអាចសុំទិដ្ឋាការនៅពេលមកដល់កម្ពុជា។ ស្ថានភាពនេះគឺមានតែកម្ពុជាទេ ដែលឈានមុខគេក្នុងការបើកទទួលភ្ញៀវទេសចរអន្តរជាតិ ហើយកន្លងមកក៏មានកំណើននូវចំនួនភ្ញៀវទេសចរអន្តរជាតិមកទស្សនា និងកំណើនទេសចរណ៍ក្នុងស្រុកក៏មានការកើនឡើងផងដែរ។

ទាក់ទង​ការ​តភ្ជាប់ជើង​ហោះហើរ ប្រទេសទាំងពីរក៏បានស្នើសុំនិងមានការឯកភាពគ្នា ធ្វើយ៉ាងម៉េចជំរុញឱ្យមានការហោះហើរទៅវិញទៅមក។

លោក​រដ្ឋមន្រ្តី​បាន​បន្ត​ថា កម្ពុជា​និង​ម៉ាល់ឌីវ​ក៏បានព្រមព្រៀង​គ្នា រៀបចំឱ្យមានជាសេចក្ដីព្រាងអនុស្សរណៈយោគយល់ស្តីពីកិច្ចសហប្រតិបត្តិការលើវិស័យទេសចរណ៍នៃប្រទេសទាំងពីរ ហើយ​ក៏​ត្រៀមចុះហត្ថលេខាលើកិច្ចព្រមព្រៀង Air Service Agreement នាពេលខាងមុខ ដើម្បីបើកផ្លូវឱ្យកាន់តែទូលំទូលាយថែមទៀត ក្នុងការពង្រឹងនិងពង្រីកកិច្ចសហប្រតិបត្តិការទេសចរណ៍រវាងប្រទេសទាំងពីរ៕